ជាតិ
កម្ពុជា នឹងទទួលរងឥទ្ធិពលពីបាតុភូតចំនួន២ ក្នុងដើមឆ្នាំ២០២៣
24, Dec 2022 , 4:59 pm        
រូបភាព
រូបភាពអាកាសធាតុនៅរាជធានីភ្នំពេញ
រូបភាពអាកាសធាតុនៅរាជធានីភ្នំពេញ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា នៅដើមឆ្នាំ២០២៣កម្ពុជា នឹង​ទទួលរង​ឥទ្ធិពលពី​បាតុភូតចំនួនពីរ គឺ បាតុភូតអែលនីណូ (EI Nino) ២០ភាគរយនិងបាតុភូតអែនសូ (ENSO)  ៨០ភាគរយ ដែលជាបាតុភូតអន្តរកាលនៅចន្លោះឡានីណានិងអែលនីណូ។ លក្ខណៈ​បែបនេះ អាចធ្វើ​ឱ្យ​រដូវវស្សា និងរដូវប្រាំង​ឆ្នាំ​២០២៣​នេះកម្រិត​បរិមាណ​ទឹកភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ។

 
បើតាម​ការ​ព្យាករ​អាកាសធាតុរបស់ រដូវប្រាំងឆ្នាំ២០២៣ខាងមុខ នៅក្នុងខែមករា បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអប្បបរមា​១៨អង្សាសេ និងអតិបរមា ២៩ អង្សាសេ។ ដោយឡែក  នៅតំបន់ជួរភ្នំដងរែក​ និង​តំបន់​ខ្ពង់រាបឦសាន មានសីតុណ្ហភាព​អប្បបរមា អាចចុះមកក្នុងរង្វង់ពី១៥-១៧អង្សាសេ។ 
 
រដូវប្រាំងក្នុងខែកុម្ភៈ ដល់ខែមីនា សីតុណ្ហភាពអប្បបរមា ២០អង្សាសេ និងអតិបរមា ៣៣អង្សាសេ។ ចំណែក ខែមេសា សីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងអតិបរមា ៣៦អង្សា ប៉ុន្តែកម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩អង្សាសេផងដែរ។
 
ចំណែក នៅក្នុងខែមីនា និងមេសា អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ខ្លាំងផងដែរ។ការ​ព្យាករ​ដដែល បង្ហាញថា នៅ​រដូវ​វស្សាឆ្នាំ២០២៣ ទូទាំងប្រទេសអាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ រីឯ តំបន់​វាលទំនាប និងតំបន់មាត់សមុទ្រអាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន ចាប់ពីសប្តាហ៍ទី១នៃខែឧសភា។បន្ថែមពីនេះ ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្កាក់។
 
គួរបញ្ជាក់ផងដែរ ឆ្នាំ២០២៣ ទោះបីនៅក្នុងរដូវប្រាំង និងរដូវវស្សាអាចនឹងមានភ្លៀងធ្លាក់កក់ខែពីបង្គួរ ទៅច្រើនក្ដី ប៉ុន្តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមនៃការប្រើប្រាស់តាមតម្រូវការភ្លាមៗនោះទេ។ ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលដែលឆ្ងាយពីប្រភពទឹក សូមរក្សាប្រើប្រាស់ទឹកដោយសន្សំសំចៃ៕
 
 

Tag:
 ThmeyThmey25
 អាកាសធាតុឆ្នាំ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com