ជាតិ
សេដ្ឋកិច្ច
NGO បានមូលមតិគ្នា ៧ចំណុច ដើម្បីផ្សព្វផ្សាយអប់រំ និងទប់ស្កាត់ពីបញ្ហាគ្រឿងស្រវឹង
24, Dec 2022 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តំណាងក្រសួងកិច្ចការនារី អង្គការជាតិ និងអន្តរជាតិ បានលើកឡើងចំណុចសំខាន់ៗចំនួន ៧ ដើម្បីផ្សព្វផ្សាយអប់រំ និងជំរុញឱ្យរដ្ឋាភិបាលអនុម័តច្បាប់លើការគ្រប់គ្រងគ្រឿងស្រវឹង ដែលកំពុងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀយ៉ាងផុសផុលនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅ​​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុង «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី»។

 
បើតាមសិក្ខាសាលានេះ តំណាងក្រសួងកិច្ចការនារី អង្គការជាតិ និងអន្តរជាតិបានទទួលស្គាល់ ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានគ្រប់មធ្យោបាយ ដែលធ្វើឱ្យផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាផងដែរ។ លើសពីនេះ NGO ក៏បានសង្កេតឃើញដែរថា ភាពញឹកញាប់នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នា និងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹងដោយប្ដីប្រពន្ធ និងដៃគូស្និទ្ធស្នាល។  
 
«ស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេង បាត់បងកូនៗ និងមនុស្សជាទីស្រលាញ់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយគ្រឿងស្រវឹង។ លើសពីនេះ ស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច​ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ»។ នេះបើតាមតំណាងអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងនៅក្នុងសិក្ខាសាលា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។


 
ដើម្បីទប់ស្កាត់ការវាយលុបយ៉ាងផុសផុល ពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តំណាងអង្គការទាំងអស់បានលើកឡើងចំនួន ៧ចំណុចសំខាន់ៗគឺ ទី១ បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសហមគមន៍តាមមធ្យាបាយផ្សេងៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។ ទី២ ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល។ ទី៣ កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញ និងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។ ទី៤ កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង។
 
ទី៥ កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់ និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតនៅទីកន្លែងដែលមិនទាក់ទាញឱ្យមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី។ ទី៦ ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានិភ័យលើស្រ្តីវ័យក្មេង ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ និងទី៧ ក្រសួង ស្ថាប័នទទួលបន្ទុកគួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង។


 
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹង ផ្ដល់ផលប៉ះពាល់ដល់ខួរក្បាល ធ្លាក់ទឹកចិត្ត រាងកាយអន់ថយ ព្រិលភ្នែក ពិបាកធ្វើចលនាសាច់ដុំ មហារីកថ្លើម ក្រិនថ្លើម រលាកថ្លើម កើនសម្ពាធឈាម រលាកក្រពះ និងរំពែងរំលាយអាហារមិនបានល្អ។ល។
 
លោក យ៉ិល ដារ៉ាវុធ បានបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣លាននាក់ នៅលើពិភពលោកជារៀរាល់ឆ្នាំ ហើយក៏ដូចជាអ្នកពិការភាព និងបង្កឱ្យសុខភាពមិនល្អ សម្រាប់មនុស្សរាប់លាននាក់ផងដែរ។
 
លោក ដារ៉ាវុធ បានបន្ថែមថា កាលពីឆ្នាំ២០១៧ ច្បាប់ស្ដីពីការទប់ស្កាត់គ្រឿងស្រវឹង បានរៀបចំឡើងដោយអន្តរក្រសួង ហើយក៏បានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីសុំអនុម័តច្បាប់នោះផងដែរ តែមិនបានសម្រេចដោយសារមានទំនាស់ផ្ទៃក្នុង។ 
 
លោកបញ្ជាក់ថា៖ «ច្បាប់ហ្នឹងពេលតាក់តែងមានការចូលរួមពីសង្គមស៊ីវិល និងអន្តរក្រសួងនានា គឺតាក់តែងយ៉ាងល្អ។ មិនមែនអត់មានច្បាប់ទេ គ្រាន់តែមិនទាន់បានអនុម័ត ដូច្នេះយើងត្រូវរួមគ្នាដើម្បីជំរុញឱ្យរដ្ឋាភិបាលអនុម័តច្បាប់នេះ»។ លោកបន្តថា ដើម្បីហាមឃាត់ម្ចាស់អាជីវកម្មស្រាបៀកុំឱ្យលក់ ឬផ្សព្វផ្សាយយ៉ាងផុសផុល គឺត្រូវមានច្បាប់ដែលបានចែង ឬអនុម័តជាមុនសិន៕
 

 លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក WHO។


 សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២២។

Tag:
 គ្រឿងស្រវឹង
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com