អន្តរជាតិ
រដ្ឋាភិបាលជប៉ុន ប្រកាសកញ្ចប់ថវិកាជាតិ៨៦៤ពាន់លានដុល្លារនៅឆ្នាំក្រោយ
× រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ ប្រកាសកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ចំនួនដល់ទៅ៨៦៤ ពាន់លានដុល្លារ។ ជាចំនួនច្រើនមិនធ្លាប់មាន ការចំណាយនេះ រុញច្រានដោយកំណើនការចាយលុយផ្នែកយោធា។
សេចក្ដីព្រាងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣ ដែលអនុវត្តពីខែមេសា បង្ហាញពីផ្លូវច្បាស់ៗដែលរដ្ឋាភិបាលជប៉ុននឹងអនុវត្តដើម្បីសម្រេចបានគោលដៅចំណាយថវិកាជាតិ ខណៈដែលជប៉ុនកំពុងតែព្យាយាមងើបចេញពីភាពច្របូកច្របល់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ សេចក្ដីព្រាងខាងលើនឹង ត្រូវបានគាំទ្រដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ។ រដ្ឋាភិបាលជប៉ុនក៏មានគម្រោងចេញមូលបត្របំណុលរបស់រដ្ឋាភិបាល។
ការចំណាយលើវិស័យការពារជាតិ ជាកត្តាចម្បងនៃការកើនឡើងនៃចំណាយថវិកាជាតិឆ្នាំ ២០២៣ ខណៈដែលនាយករដ្ឋមន្ត្រី គីស៊ីដា ដាក់គោលដៅបង្កើនការ ចំណាយផ្នែកការពារប្រចាំឆ្នាំរបស់ប្រទេសទ្វេដងឱ្យដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលប្រាំឆ្នាំដើម្បីដោះស្រាយបញ្ហការគំរាមកំហែងរបស់ចិន និងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ ជាមួយនេះ សន្តិសុខសង្គម ក៏ជាចំណុចអាទិភាពសម្រាប់ប្រទេសដែលមានវ័យចំណាស់កើនឡើងរហ័សមួយនេះដែរ។
សម្រាប់ថវិកាសារពើពន្ធឆ្នាំ២០២៣ ការចំណាយលើវិស័យការពារជាតិមានចំនួន៦,៨ពាន់ពាន់លានយ៉េនដែលកើនឡើង១,៤ពាន់ពាន់លានយ៉េនធៀបនឹងឆ្នាំនេះ។ រដ្ឋាភិបាលកក្រុងតូក្យូ ក៏នឹងត្រៀមថវិកាចំនួន៣,៤ពាន់ពាន់លានយ៉េនដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ផែនការកសាងប្រព័ន្ធការពារជាតិរយៈពេលប្រាំឆ្នាំ។
តម្រូវការក្នុងការជំរុញការចំណាយយោធារបស់ជប៉ុនកើតឡើងនៅពេលមានបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង វិបត្តិបង្កដោយសង្រ្គាមអ៊ុយក្រែន និងបញ្ហាអតិផរណានៅទូទាំងពិភពលោកដែលបានជំរុញឱ្យពិភពលោកឈានជិតដល់ដំណាក់កាលនៃបញ្ហាសេដ្ឋកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com