ជាតិ
ក្រសួង ឱ្យអាជីវករក្នុងវិស័យទេសចរណ៍ ពង្រឹងគុណភាពផលិតផល និងតម្លៃផ្ទះស្នាក់នាថ្ងៃឆ្លងឆ្នាំ
24, Dec 2022 , 7:59 pm        
រូបភាព
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ ពង្រឹងគុណភាពផលិតផល ទាំងអនាម័យ សេវាកម្ម ព្រមទាំងកំណត់តម្លៃផ្ទះស្នាក់ឱ្យបានត្រឹមត្រូវ។ ការពង្រឹងនេះ  ​ ធ្វើឡើងដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ នាថ្ងៃឆ្លងឆ្នាំខាងមុខ។

 
បើតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២២ បានណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យអនុវត្តនៅតាមទីតាំងគោលដៅទេសចរណ៍នីមួយៗ។ ទន្ទឹងនឹងនោះ ក្រសួង បានឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ សហការពង្រឹងគុណភាពផលិតផលទេសចរណ៏ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ ជាពិសេស ការតម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ ។ ក្នុងករណី មិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់អាជីវកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
 
ជាមួយគ្នានេះ  ក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឱ្យបាន ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ និងការចំណាយរបស់ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា នឹងផ្ញើមក ក្រសួងទេសចរណ៍ ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ។
 
សូមជម្រាបផងដែរថា អ្នកដែលពាក់ព័ន្ធ រៀបចំវិធានការនេះ ត្រូវតែអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពិសេសវិធានការ "៣ ការពារ” និង “៣ កុំ” ឱ្យបានខ្ជាប់ខ្លួន។ ក៏ដូចជា ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕
 
 
 

Tag:
 ThmeyThmey
  ក្រសួងទេសចរណ៍
 ​ ឆ្លងឆ្នាំ
  អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com