ជាតិ
រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន រៀបចំសណ្តាប់ធ្នាប់ ដើម្បី​អបអរ​ថ្ងៃឆ្លងឆ្នាំ
25, Dec 2022 , 8:29 am        
រូបភាព
រូបភាពពី៖ រដ្ឋបាលខេត្តកោះកុង។
រូបភាពពី៖ រដ្ឋបាលខេត្តកោះកុង។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ មុនថ្ងៃឆ្លងឆ្នាំសកល ឈានចូលមកដល់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល អាហារដ្ឋាន រៀបចំសណ្តាប់ធ្នាប់ និងបោសសម្អាតសំរាមគ្រប់ប្រភេទ ដើម្បីទទួលទេសចរ។ ការអំពាវនាវបែបនេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តខេត្តកោះកុងកាន់តែច្រើន។



សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី មិថុនា ភូថង នៅថ្ងៃទី២១ ខែធ្នូនេះ បាន​លើក​ឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់សក្ដានុពលទេសចរណ៍ជាច្រើនក្នុងខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុង បានស្នើដល់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវពង្រីកវិធានការអនាម័យ និងបរិស្ថានឱ្យបានល្អ។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានជំរុញ​ឱ្យអង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ និងអាហារដ្ឋាននានា ត្រូវយកចិត្តទុកដាក់ខ្ពស់លើកសំរាមគ្រប់ប្រភេទ កាត់ស្មៅ ពង្រាបដីឱ្យស្មើ និងលុបបំបាត់ប្លាស្ទិកនៅតាមចិញ្ចើមថ្នល់ ដើម្បីទទួលទេសចរថ្ងៃឆ្លងឆ្នាំសកល។ បន្ថែមពីនេះ នៅតាមសាលាក្រុង ស្រុក មន្ទីរ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងអាហារដ្ឋាន  ក៏ត្រូវមានការតុបតែងភ្លើងពណ៌ ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះផងដែរ។
 
គួរបញ្ជាក់ដែរ រដ្ឋបាលខេត្តកោះកុង ក៏បានអំពាវនាវដល់អង្គភាពជុំវិញខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះសំរាមតាមចិញ្ចើមផ្លូវ និងសូមប្រុងប្រយ័ត្នក្នុងការបង្ការនូវគ្រោះអគ្គិភ័យដែលអាចកើតឡើងដោយថាហេតុណាមួយ៕
 

Tag:
 ThmeyThmey25
 ឆ្លងឆ្នាំសកល
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com