ជាតិ
រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែង អុំទូកផ្កាចារ អបអរបុណ្យឆ្លងឆ្នាំ
25, Dec 2022 , 8:59 pm        
រូបភាព
ទិដ្ឋភាព ថ្ងៃបុណ្យឆ្លងឆ្នាំសកល នៅខេត្តកែប
ទិដ្ឋភាព ថ្ងៃបុណ្យឆ្លងឆ្នាំសកល នៅខេត្តកែប
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តកែប  បានត្រៀមចំកម្មវិធីជាច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០- ៣១ ខែធ្នូឆ្នាំ២០២២ខាងមុខនេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ និងខួបលើកទី៤៤នៃទិវាបុណ្យជាតិជ័យជម្នះ ៧មករា។



រដ្ឋបាលខេត្តកែប កំពុងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ និងសណ្តាប់ធ្នាប់ដើម្បី​បង្ក​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ និង​ទាក់ទាញ​ទេសចរឱ្យ​មក​កម្សាន្ត​នៅខេត្តកែបកាន់តែច្រើន។ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនេះ ​ រួមមាន ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រអមជាមួយនឹងការប្រគុំតន្រី្ត បាញ់កាំជ្រួច និងបង្ហោះគោមជាដើម។ 


 រូបភាពពី៖ រដ្ឋបាលខេត្តកែប។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៣០- ៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នឹងមានការប្រគុំតន្រ្តី នៅបរិវេណឆ្នេរជ្រោយដូង។ ដោយឡែក រដ្ឋបាលខេត្តកែបក៏មានការបង្ហើរខ្លែងខ្មែរ នៅថ្ងៃទី៣០ វេលាម៉ោង៣:០០ រសៀល នៅមុខសាលាខេត្តនិងអុំទូកផ្កាចារសមុទ្រ ថ្ងៃទី៣១ ចាប់ផ្ដើមពី ម៉ោង៧:៣០នាទីព្រឹកនៅតាមឆ្នេរលេងទឹកខេត្តកែប។ 
 
បន្ថែមពីនេះ ដើម្បីឱ្យព្រឹត្តិការណ៍នេះ កាន់តែអធិកអធម និងសប្បាយរីករាយរដ្ឋបាលខេត្តកែប នឹងបាញ់កាំជ្រួច បង្ហោះគោម នាពេលរាត្រីដើម្បីឈានចូលឆ្នាំថ្មីឆ្នាំ២០២៣។ រដ្ឋបាលខេត្តកែប អំពាវនាវដល់ ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តឱ្យបានច្រើនកុះករ និងជួយរក្សាអនាម័យ បរិស្ថានទាំងអស់គ្នាផងដែរ៕
 
 

Tag:
 ThmeyThmey
 ខេត្តកែប
 ឆ្លងឆ្នាំសកល
© រក្សាសិទ្ធិដោយ thmeythmey.com