កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្ដេច ទៀ បាញ់ ជំរុញឱ្យស្ថាប័នទាំងអស់ ប្រើធនធានឱ្យអស់ពីលទ្ធភាព ដើម្បីការរីកចម្រើននៃវិស័យកីឡា
27, Dec 2022 , 7:59 am        
រូបភាព
សម្ដេច ទៀ បាញ់ ថ្លែងក្នុងកម្មពិធីប្រគល់រង្វាន់ដល់ គ្រូបង្វឹក គ្រូជំនួយ និងអត្ដពលិកកម្ពុជា រូបពី Camsoc
សម្ដេច ទៀ បាញ់ ថ្លែងក្នុងកម្មពិធីប្រគល់រង្វាន់ដល់ គ្រូបង្វឹក គ្រូជំនួយ និងអត្ដពលិកកម្ពុជា រូបពី Camsoc
សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធ ប្រឹងប្រែងប្រើប្រាស់ធនធានអស់ពីលទ្ធភាព ក្នុងការបង្កើនសមត្ថភាព និងឆន្ទៈបំពេញការងាររៀងៗខ្លួន នៅក្នុងដំណើការព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣។

 
ក្នុងកម្មវិធីប្រគល់រង្វាន់ដល់អត្ដពលិក ទទួលជ័យលាភីនៅស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២៦ ធ្នូ ប្រធាន CAMSOC រូបនេះ ក៏បានលើកយកអនុសាសន៍ ៥ចំណុច ដើម្បីឲ្យវិស័យកីឡានៅកម្ពុជា មានវឌ្ឍនភាព ស្របតាមការអភិវឌ្ឍនៃប្រទេសជាតិ។ យោងតាមហ្វេសប៊ុកCambodian 2023 សម្ដេច ទៀ បាញ់ បានផ្ដល់អនុសាសន៍ ៥ចំណុចនោះ មាន៖ ពង្រឹងកិច្ចសហការល្អ ដល់ការហ្វឹកហ្វឺនក្រុមអត្តពលិកជម្រើសជាតិ ទាំងក្នុងប្រទេស និងក្រៅប្រទេស, ប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន ជាដៃគូសហការឲ្យបានត្រឹមត្រូវ និងមានតម្លាភាព, គណៈកម្មការជំនាញទាំង១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ចុ។
  

រូបថតរួមគ្នា ជាមួយមន្ដ្រី Camsoc គ្រូបង្វឹក គ្រូជំនួយ និងអត្ដពលិកកម្ពុជា ។រូបពី Camsoc

បន្ថែមពីនេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការឲ្យបានជិតស្និទ្ធ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមុខជាបន្ទាន់ និងគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ត្រូវចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាពិសេស ត្រូវប្រកាន់ខ្ជាប់ស្មារតី «ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់»។ នេះបើតាមសម្ដេច ទៀ បាញ់។
 
គួរបញ្ជាក់ដែរ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានឈ្នះមេដាយសរុប ចំនួន៦៣ ក្នុងនោះ មាស៩ ប្រាក់១៣ និងសំរិទ្ធ៤១។ ចំណែក ស៊ីហ្គេម នៅកម្ពុជា នឹងចាប់ធ្វើនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយបានដាក់៣៨ ប្រភេទកីឡាក្នុងការប្រកួត៕
 

Tag:
 ស៊ីហ្គេម
  ទៀ បាញ់
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com