ជាតិ
សេដ្ឋកិច្ច
ចិន​ ជួយកសាងផ្លូវឱ្យកម្ពុជាបានប្រវែងជាង ៣០០០គីឡូម៉ែត្រ
27, Dec 2022 , 7:59 pm        
រូបភាព
រូបតំណាង៖ រដ្ឋាភិបាលបើកការដ្ឋានស្ថាបនាផ្លូវលេខ៤១ប្រវែងជិត១០០គីឡូម៉ែត្រក្រោមឥណទាន៦៧លានដុល្លាររបស់ចិន នៅថ្ងៃទី២៦ធ្នូ
រូបតំណាង៖ រដ្ឋាភិបាលបើកការដ្ឋានស្ថាបនាផ្លូវលេខ៤១ប្រវែងជិត១០០គីឡូម៉ែត្រក្រោមឥណទាន៦៧លានដុល្លាររបស់ចិន នៅថ្ងៃទី២៦ធ្នូ
រដ្ឋាភិបាលចិន ចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជាបានចំនួន៣០ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាម៉េរិក។ សម្តេច​ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវដែលចិនបានជួយកសាងរួចនោះ គឺមានប្រវែងជាង ៣ ០០០គីឡូម៉ែត្រ។

 
បើតាមប្រមុខរដ្ឋាភិបាល ក្រៅតែពីផ្លូវដែលបានសាងសង់រួចហើយនេះ ចិនក៏កំពុងជួយធ្វើផ្លូវខ្សែ៣ទៀតឱ្យកម្ពុជាដែលមានតម្លៃប្រមាណ៥០០លានដុល្លារ ផងដែរ។ ក្នុងចំណោមផ្លូវទាំង៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១​ ប្រវែង៩៥,២៧គីឡូម៉ែត្រ កំពុងចាប់ផ្តើមបើកការដ្ឋាន។ 
 

រូបតំណាង៖ ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤១ប្រវែងជិត១០០គីឡូម៉ែត្រ

នាពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤១ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកំពត ក្រោមកម្ចីរបស់រដ្ឋាភិបាលចិន នាថ្ងៃទី២៦ធ្នូ  សម្តេចបានលើកឡើងដូច្នេះ៖​« ជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីផ្តល់នូវជំនួយឥតសំណង ក៏នៅបានផ្តល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា»។
​  
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣  កម្ពុជានឹងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និង គម្រោងសាងសង់ និងពង្រីកគុណភាពផ្លូវជាពីស្គង់ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវបានបើកការដ្ឋាននៅថ្ងៃទី៩មករា ឆ្នាំ២០២៣។ ការអនុវត្តគម្រោងទាំងនេះ គឺសិ្ថតនៅក្នុងក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលប្រទេសចិន។​
 

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

បើតាម លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ​ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក ដើម្បីការពារផល ប្រយោជន៍ស្នូល។ លោក បាននិយាយថា៖ «ភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាសម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើបញ្ហាតំបន់និងអន្តរជាតិ»។
 
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ កម្ពុជាជំពាក់បំណល់បរទស​ចំនួន ៩ ៤៦៤លានដុល្លារ។ ក្នុងនោះ កម្ពុជាបំពាក់ចិនច្រើនជាងគេ មានដល់ ៣ ៨៨០លានដុល្លារ ដែលស្មើ៤១ភាគរយ​នៃបំណុលក្រៅប្រទេសសរុប៕ 
 

Tag:
 ចិន
  ផ្លូវ
  សម្តេច​ ហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com