ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋជាង៥០០គ្រួសារ ក្នុងឃុំក្បាលត្រាចទទួលបានបណ្ណសមធម៌
28, Dec 2022 , 10:29 am        
រូបភាព
គ្រួសារអ្នកស្រី រ៉ែម យ៉ុម ជាពលរដ្ឋមានបណ្ណក្រីក្រ។
គ្រួសារអ្នកស្រី រ៉ែម យ៉ុម ជាពលរដ្ឋមានបណ្ណក្រីក្រ។
ដោយ៖ មៀន ណាគ្រី (យុវជនឃុំក្បាលត្រាច)

ពោធិ៍សាត់៖ ក្នុងឆ្នាំ២០២២នេះ ពលរដ្ឋចំនួន៥១៦គ្រួសារ មានមូលដ្ឋានក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលជាជំនួយមួយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ពលរដ្ឋដែលជាជនក្រីក្រ និងងាយរងគ្រោះ។



លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាច បានបញ្ជាក់ប្រាប់យុវជនឃុំក្បាលត្រាចថា នៅឃុំក្បាលត្រាច មានប្រជាជនចំនួន ៣៣៨គ្រួសារ ជាគ្រួសារក្រីក្រទទួលបានបណ្ណសមធម៌ប្រភេទ១ (ទីទ័លក្រ) និងបណ្ណសមធម៌ប្រភេទក្រ២ (ក្រ) មានចំនួន ១៧៨គ្រួសារ។ 

បើតាមសម្ដីរបស់លោកជំទប់ទី២ បណ្ណសមធម៌នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លោកបន្តថា អត្ថប្រយោជន៍ដែលទទួលបាន ដូចជា ប្រាក់ឧបត្ថមប្រចាំខែ ដែលរដ្ឋាភិបាលផ្ដល់ជូនជាប្រចាំ និងការទទួលសេវាពិនិត្យសុខភាព និងព្យាបាល ជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ដោយឥតគិតថ្លៃថែមទៀត។ 
  

លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាច។ 
 
ជុំវិញលក្ខខណ្ឌដែលពលរដ្ឋអាចទទួលបានបណ្ណក្រីក្រនេះ លោក ខៀវ សុធា លើកឡើងថា ពលរដ្ឋទាំងនោះ ស្ថិតក្រោមលក្ខខណ្ឌដូចជា គ្មាន ឬមានលំនៅដ្ឋាន មិនសមរម្យ (ទ្រុឌទ្រោម, បាក់បែង...), កុមារកំព្រា, ជនពិការ និងចាសជរាជាដើម ពោលគឺពិនិត្យលើស្ថានភាពជាក់ស្ដែង របស់ពលរដ្ឋ។ ម្យ៉ាងទៀត ការផ្ដល់បណ្ណក្រីក្រនេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃ ដោយសម្ភាសន៍ នឹងកម្រងសំណួរក្នុង tablet ក៏ដូចជាការសង្កេតពីអាជ្ញាធរផ្ទាល់ផងដែរ។ 
 
គួរជម្រាបដែរថា បើតាមនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ត្រូវបានធ្វើឡើងជា៥ជំហាន។ ជំហានទី១ ការដាក់ពាក្យ និងទទួលពាក្យស្នើសុំសម្ភាសន៍ ពីពលរដ្ឋផ្ទាល់។ ជំហានទី២ ក្រុមការងារឃុំ សង្កាត់ពិនិត្យ និងសម្រេចលើពាក្យស្នើសុំសម្ភាសន៍។ 
 
ជំហានទី៣ ក្រុមការងារឃុំ សង្កាត់ចុះសម្ភាសន៍គ្រួសារដោយប្រើឧបករណ៍ថាប្លេត។ ជំហានទី៤ ក្រុមប្រឹក្សាឃុំ សង្កាត់ពិនិត្យ និងអនុម័តចំណាត់ថ្នាក់គ្រួសារក្រីក្រ និងជំហានទី៥ ការផលិត ការបោះពុម្ព និងផ្ដល់បណ្ណសមធម៌នេះ។ 
 
ជុំវិញការផ្ដល់បណ្ណសមធម៌នេះ ត្រូវបានលោកជំទប់ទី២ នៃឃុំក្បាលត្រាច ស្រុកក្រគរ អះអាងថា ត្រូវបានដំណើរការឡើង ទៅតាមនីតិវិធីនៃការផ្ដល់បណ្ណក្រីក្រនេះ និងការផ្ដល់បណ្ណសមធម៌នេះទៀតសោត គឺមានយុត្តិធម៌ ពោលគឺមិនបានប្រកាន់បក្សពួក ឬញាតិ នោះឡើយ។ 
គួរជម្រាបផងដែរថា យោងតាមទិន្នន័យភាពក្រីក្រទូទាំងប្រទេស របស់ក្រសួងផែនការ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រួសារក្រីក្រសរុប ៦៨៧ ៧៧១គ្រួសារ៕ 
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  បណ្ណសមធម៌
  ក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com