ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ទោះពលរដ្ឋមានបណ្ណក្រីក្រ ឬគ្មាន មណ្ឌលសុខភាពឃុំក្បាលត្រាច ផ្ដល់សេវាខុសភាពស្មើៗគ្នា
28, Dec 2022 , 6:59 pm        
រូបភាព
មណ្ឌលសុខភាពក្រគរ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មណ្ឌលសុខភាពក្រគរ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច)

ពោធិ៍សាត់៖ បណ្ណក្រីក្រ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋក្រីក្រ ទាំងថវិកាឧបត្ថមប្រចាំខែ និង ការទទួលបានសេវាសុខភាព ដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ។ ពលរដ្ឋរស់នៅក្នុងឃុំក្បាលត្រាច ដែលប្រើប្រាស់បណ្ណក្រីក្រ ពេលទៅទទួលសេវាមណ្ឌលសុខភាព លើកឡើងថា គ្រូពេទ្យនៅមណ្ឌលសុខភាព មានការទទួល និងផ្ដល់សេវាពិនិត្យសុខភាព មានភាពប្រសើរ ពោលគឺដូចពលរដ្ឋទូទៅ ដែលមិនប្រើប្រាស់បណ្ណក្រីក្រ​។



អ្នកស្រី កែវ សុនី​​​ ជាពលរដ្ឋមួយរូប រស់នៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច កាន់បណ្ណក្រីក្រប្រភេទ២ រយៈពេលជាង១ឆ្នាំមកហើយ។ បច្ចុប្បន្នគ្រួសារអ្នកស្រី សុនី មានសមាជិកក្នុងគ្រួសារ៧នាក់ គឺអ្នកស្រី ប្ដី និងកូន៥នាក់។ អ្នកស្រីតែងប្រើបណ្ណក្រីក្រនេះ ដើម្បីទៅពិនិត្យសុខភាពអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
  

 លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាពក្រគរ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
 
ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ លោកឡើងថា ពេលខ្លួនទៅទទួលសេវា​សុខភាព នៅមណ្ឌលសុខភាព​ គ្រូពេទ្យមានការយកចិត្តទុកដាក់ពិនិត្យសុខភាពជូនខ្លួន និងមិនមានយកកម្រៃនោះឡើយ ពេលខ្លួនបង្ហាញនូវបណ្ណក្រីក្រនេះ។ 
 
កំពុងអង្គុយ បីកូនអាយុប្រមាណជាង១ខែ នៅក្រោមផ្ទះអ្នកជិតខាងខ្លួន អ្នកស្រីសុនី និយាយពីការទទួលសេវាសុខភាពដូច្នេះ៖ «ពេលខ្ញុំពិនិត្យសុខភាពនៅមណ្ឌលសុខភាពអីគេទទួល ដោយអ្នកផ្សេងដែរ ហើយគេអត់ដែលយកលុយ ឬត្រូវបង់លុយអីទេ»។ 
 
មិនខុសពីអ្នកស្រី កែវ សុនី ឡើយ អ្នកស្រី កែវ មុំ ជាពលរដ្ឋមួយរូបទៀតដែលមានបណ្ណក្រីក្រប្រភេទ២ ជាងមួយឆ្នាំមកហើយ ក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច។ ក្រៅពីថវិកាដែលរដ្ឋាភិបាលផ្ដល់ជាប្រចាំខែ អ្នកស្រីក៏បានប្រើប្រាស់បណ្ណនេះ​ ក្នុងការពិនិត្យសុខភាពនៅមណ្ឌលសុខភាព ក្នុងឃុំខ្លួន។ អ្នកស្រីអះអាងទៀតថា ការផ្ដល់សេវានៅមណ្ឌលខ្លួន មិនត្រូវអស់ថ្លៃសេវា និងទទួលបានការព្យាបាល ដូចពលរដ្ឋទូទៅផងដែរ។ 
 

 អ្នកស្រី កែវ មុំ ពលរដ្ឋរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

ជាមួយគ្នានេះ លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ លើកឡើងថា នៅមណ្ឌលសុខភាពខ្លួន មិនមានការបែងចែក ការផ្ដល់សេវាសុខភាព ផ្អែកលើបណ្ណក្រីក្រ ឬមិនប្រើប្រាស់បណ្ណក្រីក្រនោះឡើយ ពោលគឺពលរដ្ឋគ្រប់រូប ដែលមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពខ្លួន ទទួលបានសេវាសុភាពដូចៗគ្នា។ 
  

 អ្នកស្រី កែវ សុនី (កំពុងបីកូន) ពលរដ្ឋរស់នៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
 
«ប្រជាពលរដ្ឋដែលទទួល ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រគរ ដែលបណ្ណ ម.ស.ស (បណ្ណក្រីក្រ) ប្រភេទ១ ឬប្រភេទ២ ក៏ដោយក៏ទទួលបានគ្រប់សេវា ដូចៗគ្នា។ ហើយពួកគាត់មក ក៏មិនត្រូវបង់លុយសេវាអីនោះទេ»។ នេះជាអះអាងរបស់ ប្រធានមណ្ឌលសុខភាពក្រគរ ដោយបន្ថែមថា បច្ចុប្បន្ននៅមណ្ឌលសុខភាពក្រគរ ទទួលពិនិត្យសុខភាពទៅកាន់ពលរដ្ឋដែលប្រើប្រាស់បណ្ណក្រីក្រជាមធ្យម ប្រមាណ១០០បណ្ណផងដែរ៕ 
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  បណ្ណក្រីក្រ
  ឃុំក្បាលត្រាច
  មណ្ឌលសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com