ជាតិ
នយោបាយជាតិ
លោក កឹម សុខា ស្នើឲ្យបញ្ចប់ការចោទប្រកាន់ ការមួលបង្កាច់ និងការជេរប្រមាថគ្នា ត្រឹមឆ្នាំ២០២២ លោក កឹម សុខា និងភរិយា រួមទាំងសហការី ទៅចូលរួមកាន់បិណ្ឌក្នុងឆ្នាំ២០២២។ រូបពីហ្វេសប៊ុករបស់លោក
× លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចង់ឲ្យរឿងអវិជ្ជមានគ្រប់យ៉ាងក្នុងសង្គមខ្មែរ ចប់ទៅតាមឆ្នាំ២០២២ដែរ។ ក្តីប្រាថ្នារបស់លោក ភ្ជាប់មកជាមួយនឹងសារដែលលោកជូនពរប្រជាជនខ្មែរ សម្រាប់ឆ្នាំ២០២៣ ដែលជាឆ្នាំថ្មី។
មេដឹកនាំប្រឆាំងរូបនេះ សរសេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ យ៉ាងច្នេះថា៖«ការយកខ្មែរដូចគ្នាជាសត្រូវ ដោយបង្កជម្លោះឈ្លោះគ្នាមិនចេះចប់ រហូតដល់កម្ចាត់គ្នា តាមរយៈការបណ្តុះនូវវប្បធម៌មានឯងអត់អញ មានអញអត់ឯង និងការចោទប្រកាន់គ្នា ដោយមួលបង្កាច់ ជេរប្រមាថយ៉ាងអយុត្តិធម៌ និងអសីលធម៌ តាមរយៈការបណ្តុះនូវវប្បធម៌លាបពណ៌គ្នា ជាដើមនោះ សូមឲ្យលុបបំបាត់ បញ្ចប់ត្រឹមឆ្នាំចាស់ឆ្លងផុតនេះទៅ កុំបន្សល់មរតកអាក្រក់នេះ ទុកឲ្យអ្នកជំនាន់ក្រោយបន្តវេនគុំកួនសងសឹកគ្នាតទៅទៀត»។
លោក យល់ថា វប្បធម៌អវិជ្ជមានខាងលើ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខ្មែរឈឺចាប់ និងបែកបាក់គ្នា។ តែយ៉ាងណា លោក អបអរសាទរ និងមានមោទនភាព ចំពោះអ្វីៗជាវិជ្ជមាន ដែលកម្ពុជាធ្វើបានក្នុងឆ្នាំចាស់ ដ្បិតលោក ចាត់ទុកសមិទ្ធផលទាំងនោះ ថាជាប្រយោជន៍ និងជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ខកខានធ្វើនយោបាយអស់ជាង៥ឆ្នាំ ដោយសារការជាប់ចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សឬខ្មៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះ នឹងត្រូវប្រកាស ដោយតុលាការភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com