ជាតិ
ឆ្លងឆ្នាំសកល​! កែប,កំពត និង​ព្រះសីហនុ មាន​ភ្ញៀវកក់កន្លែងស្នាក់នៅ​ច្រើន​
30, Dec 2022 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កន្លែងស្នាក់នៅក្នុងខេត្តកែប កំពត និងខេត្តព្រះសីហនុ ត្រូវបានភ្ញៀវទេសចរកក់បណ្តើរៗហើយ ដើម្បីទៅកម្សាន្ត សម្រាប់ដំណើរកម្សាន្ត ក្នុងថ្ងៃឆ្លងឆ្នាំខាង​មុខ​នេះ​។ ខេត្តទាំង៣ រំពឹងថាភ្ញៀវទេសចរ នឹងមានការកើនឡើងខ្លាំងនៅ​ថ្ងៃឆ្លងឆ្នាំ២០២២ ចូល​ឆ្នាំ​២០២៣​នេះ។
 
តំបន់​សមុទ្រ​ ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវទេសចរ មិន​ថា​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ចុង​សប្ដាហ៍។ ចំពោះ​តំបន់ទេសចរណ៍ក្នុងខេត្តកែប មានភាពទាក់ទាញខ្លាំង សម្រាប់ភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។​ ភ្ញៀវ​ខ្លះ​បាន​រៀបចំគម្រោង ទៅកម្សាន្តនៅខេត្តកែប ដែលធ្វើឱ្យកន្លែងស្នាក់នៅ ត្រូវបានភ្ញៀវកក់ជាហូរហែ។
បើតាមលោក សោម ចិ​ន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ផ្ទះស្នាក់ក្នុងខេត្តកែប មានប្រមាណ ៤ពាន់បន្ទប់ ត្រូវបានត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរ។ លោក បានបន្តថា ភ្ញៀវទេសចរកើនឡើងបណ្តើរៗហើយ បើទោះសល់២ថ្ងៃទៀតដល់ថ្ងៃឆ្លងឆ្នាំក៏ដោយ នៅតែទទួលបានទេសចរកក់ កន្លែងស្នាក់ និងអាហារដ្ឋាន​។


  លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បញ្ជាក់ថា៖ «ភ្ញៀវទេសចរ ដែលមានគម្រោងកម្សាន្តនៅក្នុងថ្ងៃឆ្លងឆ្នាំសកល គឺមានភ្ញៀវប្រមាណ ៨០ភាគរយហើយ ដែលបានកក់ផ្ទះស្នាក់។ ដោយឡែក  ២០ភាគរយទៀតម្ចាស់អាជីវកម្មមិនទាន់ឱ្យភ្ញៀវកក់ »។
 
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រំពឹងថាភ្ញៀវទេសចរនឹងកើនឡើងខ្ពស់ជាងឆ្នាំមុនវិបតិ្តកូវីដ-១៩ ព្រោះឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកែប រៀបចំកម្មវិធីជាច្រើនដើម្បីត្រៀមទទួលទេសចរ ហើយលោកក៏កំពុងពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ឱ្យបានល្អផងដែរ។
មិនខុសពីខេត្តកែប ខេត្តព្រះសីហនុ ក៏មានសន្ទុះភ្ញៀវទេសចរខ្លាំងណាដែរ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ។ បើតាមលោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្តព្រះសីហនុ មកទល់ពេលនេះ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ ក៏ត្រូវបានភ្ញៀវទេសចរកក់ទៅសម្រាកបណ្តើរៗហើយ។ 
 
ជាមួយគ្នានេះ ខេត្តព្រះសីហនុក៏ជាតំបន់ទេសចរណ៍ដែលទាក់ទាញខ្លាំងផងដែរ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាននិយាយខេត្តព្រះសីហនុ នឹងមានទេសចរមកកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២២-២០២៣។ «មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាននៅកោះរ៉ុង ត្រូវបានពលរដ្ឋកក់ជាបណ្ដើរៗ ប៉ុន្តែមិនទាន់ដឹងពីទិន្នន័យភ្ញៀវកក់នៅឡើយ ព្រោះមិនច្បាស់។ យើងរំពឹងថា ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខភ្ញៀវអាចមានកំណើនច្រើន »។ នេះជា​ការ​លើក​ឡើង​របស់​លោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយ​បន្តណែនាំដល់ប្រជាពលរដ្ឋ​ក្នុងខេត្ត ឱ្យរៀបចំសណ្តាប់ធ្នាប់ អនាម័យ ដើម្បីសុវត្ថិភាពទេសចរផងដែរ។


   លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
 
ខេត្ត​ព្រះ​សីហនុ មិន​បានរៀបចំតុប​តែង​បន្ថែម​អ្វីនោះទេ ដោយសារទើប​តែរៀប​ចំ​នៅថ្ងៃបុណ្យសមុទ្រ ហើយ​អាជ្ញា​ធរមិនទាន់រើចេញនោះទេ ព្រោះទុកនៅថ្ងៃឆ្លងឆ្នាំ២០២២នេះ។ ទេសចរទៅកម្សាន្តខេត្តនេះ អាចទៅទស្សនាការអភិវឌ្ឍក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ រួមនឹងបណ្ដាកោះជាច្រើនផ្សេងទៀត។
 
ក្រឡេក​មើល​ខេត្តកំពតវិញ​ ដែលជាគោលដៅទេសចរណ៍សំខាន់មួយដែរ មានការរៀបចំកម្មវិធីមួយចំនួន ដើម្បីទាក់ទាញទេសចរមកកម្សាន្តក្នុងខេត្តមួយនេះឱ្យកាន់តែច្រើន។ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពត លើកឡើងថា ​ទេសចរ​បាន​កក់​កន្លែង​ស្នាក់​នៅ​ប្រមាណ​៨០ភាគរយហើយ។ ជារៀងរាល់ឆ្នាំ កន្លែងស្នាក់នៅក្នុងខេត្តនេះ មិនដែលសល់ឡើយ។  បច្ចុប្បន្ន ខេត្តកំពត មានកន្លែងស្នាក់នៅចំនួន៤៦០០បន្ទប់ ។
 
យ៉ាងណាមិញ លោក សយ ស៊ីណុល បានបញ្ជាក់ដែរថា ទេសចរដែលមកកម្សាន្តនៅខេត្តកំពត រាល់ថ្ងៃឆ្លងឆ្នាំ ប្រមាណ២០ភាគរយក៏មានការបោះតង់តាមឆ្នេរ និងតាមកោះដែរ។ ​« ខ្ញុំសង្ឃឹមថាឆ្នាំនេះ នឹងទទួលបានទេសចរច្រើនជាងឆ្នាំមុនៗ ព្រោះឆ្នាំកូវីដ-១៩ ស្ងប់ស្ងាត់ និងអាជ្ញាធរបានរៀបចំកម្មវិធីជាច្រើន ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃឆ្លងឆ្នាំសកល»។
 
បើតាម​លោក សយ ស៊ីណុល មន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ ហើយតំបន់នីមួយៗក្នុងខត្តកំពតផងដែរ។ សូមបញ្ជាក់ដែរ ខេត្តទាំង៣ កំពុង​ពង្រឹង​ផលិត​ផលទេសចរណ៍ សេវាកម្ម សណ្ដាប់ធ្នាប់ និងជាពិសេសការអនុវត្តវិធានសុវត្ថិភាពសុខាភិបាល សម្រាប់ទទួលភ្ញៀវទេសចរថ្ងៃទី ៣១ធ្នូ និងថ្ងៃទី១ខែមករាខាងមុខ៕
 

  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

 
 

Tag:
 ThmeyThmey25
 ទេសចរណ៍
 កន្លែងស្នាក់
 ខេត្តកែប
 កំពត
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com