ជាតិ
ក្រសួងទេសចរណ៍ ជំរុញឲ្យមន្ទីររាជធានី-ខេត្ត បង្កើនការលើកកម្ពស់ស្ត្រី ក្នុងវិស័យទេសចរណ៍នៅឆ្នាំ២០២៣
01, Jan 2023 , 3:19 pm        
រូបភាព
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ កិច្ចប្រជុំលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍។ រូបពី ក្រសួងទេសចរណ៍
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ កិច្ចប្រជុំលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍។ រូបពី ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ មានផែនការឲ្យមន្ទីររាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ស្ត្រីក្នុងវិស័យទេសចរណ៍ ក្នុងឆ្នាំ២០២៣នេះ។ ផែនការនេះ ធ្វើឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលចាត់ទុក ស្ត្រីជាឆ្ឆឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

 
លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រជុំបូកសរុបលទ្ធផលការងារ និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ធ្នូ នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣។ 
 
បើតាមក្រសួងទេសចរណ៍ចេញផ្សារលើទំព័រហ្វេសប៊ុក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានគោលដៅពង្រឹងយន្តការគ្រប់គ្រងស្ត្រីក្នុងវិស័យទេសចរណ៍ និងជំរុញការលើកកម្ពស់ការចូលរួម សិទ្ធិ តួនាទី តម្លៃស្ត្រី ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។ 
 
លោកស្រី ហ៊ុន ដានី បានបញ្ជាក់ថា ការជំរុញនិងលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍នេះ គឺអនុវត្តតាមគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ខណៈស្ត្រីភាគច្រើនបានបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យសេវាកម្សាន្ត។
 
ដើម្បីជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ខាងមុខនេះ លោកស្រី ហ៊ុន ដានី បានផ្តល់នូវអនុសាសន៍ទៅដល់ក្រុមការងារមន្ទីររាជធានី-ខេត្ត ឲ្យបន្តពង្រឹងយន្តការគ្រប់គ្រងស្ត្រីក្នុងវិស័យទេសចរណ៍ និងចូលរួមកសាងកម្លាំងពលកម្មដែលបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រុមការងារត្រូវ បន្តរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាតម្រង់ទិស ដើម្បីពង្រឹងនិងកសាងសមត្ថភាពស្ត្រីក្នុងវិស័យទេសចរណ៍។ ជាមួយគ្នាដែរ ត្រូវបន្តជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ (២០២០-២០២៥) និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍។ លើសពីនេះ គឺបន្តពង្រឹងនិងពង្រីកបណ្តាញស្ត្រីក្នុងវិស័យទេសចរណ៍ ជាពិសេសកសាងក្រុមនារីឯកជន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចែករំលែកបទពិសោធន៍ និងដំណោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏ជំរុញឲ្យបន្តចុះសំណេះសំណាលសួរសុខទុក្ខក្រុមស្ត្រីដល់មូលដ្ឋានអាជីវកម្មផ្ទាល់ តាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។ 
 
កន្លងមក ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ជាប្រចាំដល់ក្រុមនារីដែលបម្រើការតាមភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សានិងស្ប៉ា។ ជាក់ស្ដែង អំឡុងវិបត្តិជំងឺកូវីដ-១៩ ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការអាជីវកម្មខារ៉ាអូខេ និងបៀរហ្កាឌិន ដោយប្រែក្លាយជាភោជនីយដ្ឋាន ឬអាហារដ្ឋាន ដើម្បីផ្តល់ឱកាសការងារដល់បុគ្គលិកបម្រើការទាំងក្នុង និងក្រៅប្រព័ន្ធ។ ក្រោយមក ក្រសួងក៏បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបើកដំណើរការអាជីវកម្មខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនឡើងវិញផងដែរ។ ការអនុវត្តកន្លងមក រួមទាំងទៅដៅបន្តក្នុងឆ្នាំ២០២៣នេះ គឺសុទ្ធតែធ្វើឡើងស្រមតាម គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក «ស្ត្រីជាឆ្ឆឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ នេះបើតាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយបន្ថែមទៀតតាម ការអនុវត្តការងារកន្លងមកនេះ  នៅតែមានចំណុចគួរពង្រឹងបន្ថែម ពិសេសតាមទិសដៅដែលបានដាក់ចេញខាងលើ ដើម្បីជួយដល់ស្ត្រីក្នុងវិស័យទេសចរណ៍៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com