ជាតិ
ចង់ចាប់យកមុខជំនាញវិទ្យាសាស្ត្រ សិស្សទើបចប់វិទ្យាល័យគួរដឹងអ្វីខ្លះ?
02, Jan 2023 , 9:46 am        
រូបភាព
សិស្សានុសិស្សតម្រង់ជួរចូលប្រលងមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញដើមខែធ្នូ ២0២២។ រូបភាព ឈន សុផាត
សិស្សានុសិស្សតម្រង់ជួរចូលប្រលងមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញដើមខែធ្នូ ២0២២។ រូបភាព ឈន សុផាត
មុខជំនាញវិទ្យាសាស្ត្រចាប់ផ្តើមមានប្រជាប្រិយភាពក្នុងចំណោមសិស្សនិស្សិតកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្នកជំនាញផ្តល់យោបល់ថា សិស្សដែលចាប់អារម្មណ៍លើការសិក្សាជំនាញវិទ្យាសាស្ត្រនេះគួរចំណាយពេលវេលាស្វែងយល់បន្ថែម ដើម្បីអាចជ្រើសរើសមុខជំនាញមួយដែលត្រឹមត្រូវ និងមានសក្តានុពលសម្រាប់ការជួយអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

 
ការជ្រើសរើសមុខជំនាញសម្រាប់សិក្សាបន្ត ក្រោយការប្រលងមធ្យមសិក្សាទុតិយភូមិជារឿងដែលសំខាន់ ប៉ុន្តែវាមានភាពស្មុគស្មាញច្រើន។ សិស្សខ្លះហាក់ស្ទាក់ស្ទើរ ដោយបារម្ភថាខ្លួនមិនអាចជ្រើសរើសជំនាញ មួយត្រឹមត្រូវ ស្របតាមតម្រូវការសង្គមផង និងស្របតាមការស្រលាញ់ពេញចិត្តតាមឧបនិស្ស័យ និងទេព្យកោសល្យរបស់ខ្លួនផង។ 
 
សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា ការចាប់យកមុខជំនាញវិទ្យាសាស្ត្រក្នុងចំណោមយុវជន នៅតែជារឿងចាំបាច់ ដ្បិតថា វាគឺកម្លាំងចលករមួយដែលមានសក្តានុពលដែលអាចធានាបាននូវការអភិវឌ្ឍសង្គមជាតិបានឆាប់រហ័ស និងមានចីរភាព។ យ៉ាងណាមិញ ដ្បិតថា ផ្នែកវិទ្យាសាស្ត្រមានមុខជំនាញច្រើន អ្នកជំនាញវិទ្យាសាស្ត្រលើកទឹកចិត្តដល់ និងផ្តល់យោបល់ ឱ្យសិស្សនិស្សិតជ្រើសយកជំនាញវិទ្យាសាស្ត្រមួយដែលថ្មី ដែលស្របនឹងចំណង់ចំណូលចិត្តខ្លួនឯងផង និងស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្នផង។ 
 
មុខជំនាញវិទ្យាសាស្ត្រដែលសិស្សនិស្សិតគួរពិចារណាជ្រើសរើសសិក្សាបន្ត
 
លោក ជូ កុសល្យ គ្រូបង្រៀន និងអនុប្រធានដេប៉ាតឺម៉ង់ផ្នែកអគ្គិសនី និងថាមពលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា យល់ឃើញថា សិស្សដែលរៀនចប់វិទ្យាល័យដែលចូលចិត្តជំនាញវិទ្យាសាស្ត្រមានលទ្ធភាពជ្រើសរើសជំនាញសំខាន់ៗជាច្រើនក្នុងពេលបច្ចុប្បន្នអាស្រ័យលើចំណង់ចំណូចិត្ត ដ្បិតថាមុខវិជ្ជានេះមានសារសំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ 
 
«រាល់មុខជំនាញទាំងអស់នេះគឺមានសារសំខាន់ណាស់សម្រាប់ប្រទេសយើង ដែលប៉ងប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០»។ លោក កុសល្យរៀបរាប់ដូច្នេះ។ 
 
ប៉ុន្តែលោកសង្កត់ធ្ងន់ថា មុខជំនាញដែលថ្មី និងមានសារសំខាន់ខ្លាំងជាងគេសម្រាប់ពេលបច្ចុប្បន្នគឺ ជំនាញវិស្វកម្មសំណង់, ជំនាញគីមីចំណីអាហារ, ជំនាញវិស្វកម្មកសិកម្ម, ជំនាញស្វ័យប្រវត្តិកម្ម, មេកានិចឧស្សាហកម្ម ជំនាញព័ត៌មានវិទ្យា, ជំនាញរ៉ែ និងបរិស្ថានជាដើម។
 
«ព័ត៌មានវិទ្យានេះយើងត្រូវការច្រើន ព្រោះវាគឺជាជំនាញសំខាន់សម្រាប់បដិវត្តឧស្សាហកម្មលើកទីបួន ម្យ៉ាងដើម្បីកសាងសេដ្ឋកិច្ចឌីជីថល គឺយើងត្រូវការជំនាញនេះដើម្បីជំរុញវាឱ្យទៅមុខលឿន។ ជំនាញមួយទៀតដែលថ្មី តែសំខាន់ដែរ គឺ មុខជំនាញគ្រប់គ្រងច្រវ៉ាក់ផលិតកម្ម ព្រោះថា ដើម្បីជំរុញផលិតផលរបស់យើងទាំងកសិកម្ម និងឧស្សាហកម្មទៅផ្សារអន្តរជាតិបាន គឺត្រូវការជំនាញនេះ»។ លោក កុសល្យ រៀបរាប់បែបនេះ។
លោក ជូ កុសល្យ គ្រូបង្រៀន និងអនុប្រធានដេប៉ាតឺម៉ង់ផ្នែកអគ្គិសនី និងថាមពលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ 

គ្រូបង្រៀនផ្នែកវិស្វកម្មរ៉ូបូត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក វឿន យង់អាន ឯណោះវិញយល់ស្របដែរថា មុខជំនាញវិទ្យាសាស្ត្រទាំងអស់សុទ្ធតែមានសារសំខាន់ ប៉ុន្តែលោកលើកទឹកចិត្តឱ្យសិស្សនិស្សិតពិចារណាជ្រើសរើសយកជំនាញដែលស្របតាមឧបនិស្ស័យរៀងខ្លួន។  
 
«ខ្ញុំចង់ឃើញយុវជនយើងកាន់តែច្រើនជ្រើសរើសយកជំនាញវិទ្យាសាស្ត្រ។ ប៉ុន្តែបើសិនជាសួរខ្ញុំថា មុខជំនាញណាល្អជាង ខ្ញុំអាចផ្តល់យោបល់ថា វាអាចនឹងអាស្រ័យលើឱបនិស្ស័យ ឬទេពកោសល្យរបស់ពួកគាត់រៀងខ្លួន»។
 
ទាក់ទិននឹងមុខជំនាញវិទ្យាសាស្ត្រថ្មីនេះ យង់អាន បានលើកឡើងថា សម្រាប់សិស្សដែលស្រលាញ់វិទ្យាសាស្ត្រកុំព្យូទ័រ ឬក៏ជំនាញព័ត៌មានវិទ្យា ពួកគេអាចជ្រើសរើសយកជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) និង បញ្ញាសិប្បនិម្មិត (Artificial Intelligence) ដ្បិតថា វាជាជំនាញដែលមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
 
«នេះជាជំនាញដែលយើងត្រូវការទាំងក្នុងវិស័យទាំងអស់ទាំងឯកជន និងទាំងរដ្ឋ។ យើងអាចយកវាទៅវិភាគទិន្នន័យសម្រាប់ក្រុមហ៊ុន និងរដ្ឋាភិបាលដែលអាចប្រើប្រាស់បានសម្រាប់ការដោះស្រាយបញ្ហាណាមួយឱ្យកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងជំនាញនេះគឺ ជាសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសជាតិមួយ»។ អ្នកជំនាញរូបនេះបានលើកឡើងដូច្នេះ។
 
យង់អាន បន្តលើកឧទាហរណ៍ជាក់ស្តែង ក្នុងវិស័យធនាគារ ដោយជំនាញខាងលើនេះអាចយកទៅប្រើ ដើម្បីវិភាគឥរិយាបថនៃអ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គេអាចប្រើប្រាស់វាដើម្បីទ្រទ្រង់ដល់ការវិភាគផ្សេងទៀតជាពិសេសរូបភាព។ 
 
«វិភាគបែបម៉េច? ឧទាហរណ៍ យើងអាចប្រើប្រាស់ដ្រូនសម្រាប់ប្រមូលទិន្នន័យនៃដំណាំដាំដុះរបស់យើង ហើយយកវាមកវិភាគកត្តាផ្សេងៗជះឥទ្ធិពលដូចជាជំងឺ ឬបញ្ហាដី ដែលធ្វើឱ្យដំណាំយើងលូតលាស់មិនល្អ។ យើងអាចប្រើប្រាស់បញ្ញាសិប្បិនិម្មិតនេះដើម្បីវិភាគបាន។ អ៊ីចឹងវាមានន័យថា វិទ្យាសាស្ត្រទិន្នន័យនេះគឺ អាចប្រើប្រាស់ បានទូលាយមែនទែនសម្រាប់ការងារជាក់ស្តែង»។ លោកបន្តបែបនេះ។ 
 
សម្រាប់សិស្សដែលចាប់អារម្មណ៍លើជំនាញវិស្វកម្ម អ្នកជំនាញដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកាត្រូនិច និង អនុបណ្ឌិតផ្នែកវិស្វកម្មរ៉ូបូតពីសាកលវិទ្យាល័យរដ្ឋ Ufa (Ufa State Aviation Technical University) នៃសហព័ន្ធរុស្ស៊ី ផ្តល់យោបល់ថា គេគួរគិតគូរៀនសូត្រផ្នែកវិស្វកម្មឧស្សាហកម្ម ដោយសារ វាមានសក្តានុពលខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។  
 
«ជំនាញនេះផ្តោតលើការសិក្សាពីររបៀបធ្វើយ៉ាងណាលើកកម្ពស់ និងកែលម្អផលិតកម្ម។ នេះ យើងមានសិប្បកម្មខ្នាតតូច និងមធ្យមដែលកំពុងត្រូវការផ្នែកបច្ចេកទេស ឬការប្រឹក្សាយោបល់ ឬក៏របៀបក្នុងការគ្រប់គ្រងផ្សេងៗ។ ក្នុងន័យនេះ យើងអាចជួយដល់ពួកគាត់ឱ្យអាចផលិតផលិផលបានប្រសើរជាងមុន ក៏ដូចជាមានគុណភាពល្អជាងមុន។ ទាំងអស់នេះគឺមាននៅក្នុងការសិក្សាជំនាញ វិស្វកម្មឧស្សាហកម្ម»។ យង់អាន បន្តដូច្នេះ។
 
ដូច កុសល្យ ដែរ យង់អាន ផ្តល់យោបល់ថា សិស្សនិស្សិតអាចជ្រើសរើសយកជំនាញវិស្វកម្មកសិកម្មផងដែរ ដោយសារវិស័យកសិកម្មនៅកម្ពុជាត្រូវការធនធានបន្ថែម។ 
 
«ក្នុងវិស្វកម្មសិកម្មនេះ ពួកគាត់ក៏ត្រូវស្វែងរកជំនាញណាមួយដែលច្បាស់លាស់ក្នុងវិស្វកម្មកសិកម្ម តួយ៉ាងដូចជា «វិទ្យាសាស្ត្រដី» ដែលយើងសិក្សាពីដី និង ជីវជាតិដែលមានក្នុងដី។ ជំនាញមួយទៀតដែលខ្ញុំគិតថា សំខាន់ដែរនោះ គឺជំនាញបង្កាត់ពូជ»។ យង់អាន ពន្យល់ដូច្នេះ។ 
 គ្រូបង្រៀនផ្នែកវិស្វកម្មរ៉ូបូត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក វឿន យង់អាន។ 
ខ្សោយមុខវិជ្ជាវិទ្យាសាស្ត្រពិតគួររៀនមុខជំនាញវិទ្យាសាស្ត្រដែរឬទេ?
 
ជាការពិតការជ្រើសរើសមុខជំនាញវិទ្យាសាស្ត្រ វាទាមទារឱ្យសិស្សម្នាក់ៗមានលក្ខណៈសម្បត្តិមួយចំនួន ជាពិសេសមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រពិតដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដែលជាទុនមកពីវិទ្យាល័យ។ 
 
ចំពោះបញ្ហានេះ យង់អាន យល់ឃើញថា បើសិនជាសិស្សនិស្សិតមិនសូវពូកែឬខ្សោយផ្នែកវិទ្យាសាស្ត្រពិត ពួកគាត់នឹងប្រឈមការលំបាកច្រើនពេលគាត់ចូលសិក្សាជំនាញ។ 
 
«ដូច្នេះហើយ ខ្ញុំគិតថា សិស្សនិស្សិតគួរយ៉ាងហោចមានកម្រិតសិក្សាមួយដែលលើសបង្គួរ។ ណាមួយសិស្សរបស់យើងភាគច្រើនគឺ ត្រូវឆ្លងកាត់ការប្រលងដើម្បីអាចចូលរៀនជំនាញនេះបាន»។ យង់អាន សង្កត់ធ្ងន់ដូច្នេះ។
 
ទាក់ទិននឹងគុណវុឌ្ឍិរបស់សិស្សនិស្សិតត្រូវមាននេះដែរ កុសល្យ ក៏យល់ស្របថា លើសពីមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រពិត និងមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រទាំងនោះ ពួកគេគួរតែស្ថិតក្នុងចំណោមមនុស្សដែលចូលចិត្តស្រាវជ្រាវ និងមានការប្តេជ្ញាចិត្តខ្ពស់ផងដែរ។  
 
«សម្រាប់សិស្សដែលចង់បន្តថា្នក់បរិញ្ញាបត្រ ពួកគាត់គួរតែមានគុណវុឌ្ឍិទាំងអស់នេះ ដើម្បីមានភាពងាយស្រួល និងទទួលបានជោគជ័យក្នុងពេលសិក្សា និងពេលចេញធ្វើការ»។ កុសល្យ រៀបរាប់ដូច្នេះ។ 
 
ត្រង់ចំណុចនេះ កុសល្យ ក៏ឆ្លៀតទាញចំណាប់អារម្មណ៍ទៅលើការជ្រើសរើសការសិក្សាថ្នាក់បរិញ្ញាបត្ររង ដ្បិតថា  វាមិនចាំបាច់ទាល់តែសិស្សទាំងនោះមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រពិតខ្ពស់ទេ។ បើតាមកុសល្យ អ្វីដែលសំខាន់បំផុត គឺការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ។ 
 
«បច្ចុប្បន្នយើងមានកម្មវិធីសាស្ត្រដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី  ហើយមានសាលាមួយចំនួនសហការអនុវត្តគម្រោងនេះ។ យើងរៀបចំធ្វើមេរៀន និងការបង្រៀនយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ពួកគាត់ ទោះគាត់រៀនផ្នែកសង្គមក៏អាចរៀនបាន។ សូម្បីតែគាត់ប្រលងមធ្យមសិក្សាទុតិយភូមិមិនជាប់ ក៏គាត់អាចរៀនសូត្របានដែរ ដោយសារកម្មវិធីយើងគឺផ្តោតលើទ្រឹស្តីមួយចំនួនតូច តែគាត់ធ្វើការងារអនុវត្តផ្ទាល់ច្រើន»។ កុសល្យ ពន្យល់ដូច្នេះ។ ចំពោះតម្លៃសិក្សាសម្រាប់កម្រិតបរិញ្ញាបត្ររងជំនាញវិទ្យាសាស្ត្រឯណោះវិញ បើតាមគ្រូបង្រៀននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារូបនេះ  វាមិនសូវមានតម្លៃខ្ពស់ដែរ ដោយសារមានជំនួយច្រើនពីដៃគូអភិវឌ្ឍន៍។ 
 
«ម្យ៉ាង យើងមានអាហារូបករណ៍ច្រើនទៀត។ ចំពោះនារី យើងលើកទឹកចិត្តឱ្យបានរៀនសូត្រដែរ ដូចនៅក្នុងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជាយើងមានអាហារូបករណ៍ច្រើនកន្លែងដែរសម្រាប់ពួកគាត់»។
 
ទាក់ទិននឹងគុណវុឌ្ឍិ ដែលនិស្សិតគួរមានដើម្បីអាចសិក្សាជំនាញវិទ្យាសាស្ត្រនេះបានវិញ យង់អាន នៅតែមានសុទិដ្ឋិនិយមថា ចំណង់ចំណូល និងការស្រលាញ់ នៅតែជាកត្តាចម្បងសម្រាប់កំណត់ភាពជោគជ័យ ព្រោះសិស្សទាំងនេះនឹងប្រឹងប្រែង និងមានប្តេជ្ញាចិត្តខ្ពស់ចំពោះការរៀនសូត្រ។
 
«សម្រាប់ខ្ញុំលក្ខណៈសម្បិត្តផ្នែកវិទ្យាសាស្ត្រពិតដែលជាទុនពីវិទ្យាល័យរួមចំណែកមួយផ្នែកប៉ុណ្ណោះ មិនទាំងស្រុងទេ។ តែអ្វីដែលសំខាន់បំផុតលើសពីចំណេះផ្នែកវិទ្យាសាស្ត្រពិតនោះគឺ ចំណង់ចំណូលចិត្ត។ ចំណង់ចំណូលចិត្តនេះ គឺសំខាន់លើសពីអ្វីដែលគាត់ធ្លាប់រៀន»។  យង់អាន ពន្យល់ដូច្នេះ។  
 
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ក្នុងការសិក្សាជំនាញវិទ្យាសាស្ត្រ វាមានបំណិនពីរសំខាន់ៗ។ បំណិនទីមួយគឺ ការវិភាគ ដែលវាសំដៅលើការគណនា ដែលយើងបានមកពីចំណេះផ្នែកគណិតវិទ្យា និងរូបវិទ្យាជាដើម។ មួយទៀតគឺ បំណិនធ្វើ ឬអនុវត្ត។ 
 
«សិស្សខ្លះគាត់មិនពូកែខាងគណនាទេ ប៉ុន្តែបើការងារធ្វើគឺ គាត់ធ្វើបានល្អ»។ គ្រូបង្រៀនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារូបនេះ លើកឡើងដូច្នេះ។ «ដូច្នេះ វានៅតែមានឱកាសមួយ ថ្វីដ្បិតថា គាត់មិនសូវពូកែពីវិទ្យាល័យឬមានគ្រឹះផ្នែកវិទ្យាសាស្ត្រពិតក៏ពិតមែន។ គាត់នៅតែអាចរៀនបន្ថែម ឬ អាចស្រាវជ្រាវបន្ថែម ដោយសារថា បច្ចុប្បន្នឯកសារជាច្រើនដែលសិស្សយើងអាចស្វែងរកបានតាមអ៊ីនធឺណិត»។
 
រៀនមុខជំនាញវិទ្យាសាស្រ្តមានអត្ថប្រយោជន៍អ្វីខ្លះ? 
 
ពេកសាកសួរពីអត្ថបទប្រយោជន៍នៃការជ្រើសរើសយកមុខជំនាញវិទ្យាសាស្ត្រវិញម្តង អ្នកជំនាញខាងលើទាំងពីររូបមើលឃើញថា អ្នកដែលជ្រើសរើសយកជំនាញវិទ្យាសាស្ត្រមានលទ្ធភាពទទួលបានចំណេះច្រើនពោល គឺទាំងជំនាញរឹង និងជំនាញទន់។
 
«អ្វីដែលគាត់អាចទទួលបានក្នុងការរៀនគឺ ជំនាញរឹង ដែលវាជាជំនាញជាក់លាក់ផ្នែកបច្ចេកទេស។
បន្ថែមពីនោះគឺ អាចទទួលបានជំនាញទន់ដូចជាការត្រិះរិះពិចារណា ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកសាងសមត្ថភាព ច្នៃប្រឌិតបាន»។ នេះជាការលើកឡើងរបស់លោក កុសល្យ ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មមកពីសាកលវិទ្យាល័យធម្មសាធនៃប្រទេសថៃ។ 
 
សម្រាប់ជំនាញផ្សេងទៀត  កុសល្យរៀបរាប់ថា ចំណេះជំនាញពាក់ព័ន្ធនឹងជំនួញ សហគ្រិនភាព និងភាពជាអ្នកដឹកនាំជាដើមក៏ស្ថិតក្នុងអត្ថបទប្រយោជន៍ដែលសិស្សនិស្សិតរៀនផ្នែកវិទ្យាសាស្ត្រអាចទាញយកបានដែរ។ ប៉ុន្តែចំណុចសំខាន់មួយដែលអ្នកជំនាញរូបនេះយល់ថា មានសារសំខាន់ខ្លាំង គឺមានឱកាសខ្ពស់ក្នុងការចេញទៅសិក្សានៅក្រៅប្រទេស។ 
 
«នេះជាចំណុចវិជ្ជមានមួយព្រោះគេផ្តល់អាហារូបករណ៍ខាងវិទ្យាសាស្ត្រនេះច្រើន។ សម្រាប់ខ្ញុំ ការចេញទៅសិក្សាស្រុកគឺ មានផលល្អច្រើន ដោយសារគាត់អាចទៅរៀននៅប្រទេសគេ សម្របខ្លួនដើម្បីរស់នៅស្រុកគេ មានភាពម្ចាស់ការ និងអាចយកចំណេះដែលទទួលបាននៅយកមកប្រើប្រាស់ និងអនុវត្តបន្តនៅស្រុកយើងផង»។ កុសល្យ ពន្យល់ដូច្នេះ។ 
 
សម្រាប់ យង់អាន ឯណោះវិញក៏យល់ឃើញស្រដៀងនឹង កុសល្យដែរ ដោយអ្នកជំនាញរូបនេះគិតថា 
ការរៀនជំនាញវិទ្យាសាស្ត្រនេះក៏ផ្តល់លទ្ធភាពឱ្យសិស្សនិស្សិតស្រាវជ្រាវច្រើន បង្កើនគំនិតច្នៃប្រឌិត និងពង្រីកចំណេះដឹងទូទៅឱ្យកាន់តែទូលំទូលាយថែមទៀតផង។
 
«ចំណេះដឹងទូលាយនេះនឹងអាចរួមចំណែកដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃបានច្រើន។ ឧទាហរណ៍ យើងអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ ជាក់ស្តែងផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតនេះ  សិស្សអាចយកជំនាញដែលពួកគេមានមកដោះស្រាយបញ្ហាប្រឈមធំៗនៅស្រុកយើងដូចជា វិស័យកសិកម្មជាដើម»។ យង់អាន ផ្តល់យោបល់ដូច្នេះ។ 
 
ចង់រៀនជំនាញវិទ្យាសាស្ត្រ គួរត្រៀមលក្ខណៈដូចម្តេច?
 
ពេលសាកសួរថា តើសិស្សនិស្សិតគួរត្រៀមលក្ខណៈបែបណា ដើម្បីអាចសិក្សាជំនាញវិទ្យាសាស្ត្របានប្រសើរ យង់អាន ឆ្លើយតបថា វាចាំបាច់ដែលនិស្សិតត្រូវយល់ច្បាស់ថា ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រពិតក្នុងកម្រិតនៃការសិក្សាថ្នាក់ឧត្តមសិក្សា វាមានការលំបាកជាងការសិក្សានៅវិទ្យាល័យ។ ដូច្នេះហើយ សិក្សាខ្លះអាចនឹងពិបាកតាមទាន់ពេលចាប់ផ្តើមសិក្សា ដែលវាតម្រូវឱ្យពួកគេត្រូវប្រឹងប្រែងនិងត្រៀមលក្ខណៈទុកជាមុន ។  
 
ចំណែកបញ្ហាមួយទៀតដែល យង់អាន យល់ឃើញថា អាចនឹងក្លាយជាបញ្ហា និង សម្ពាធសម្រាប់សិស្សថ្មីថ្មោងផ្នែកវិទ្យាសាស្ត្រដែរនោះគឺ ចំណេះភាសាបរទេស។ 
 
«នេះក៏ដោយសារឯកសារដែលសាស្ត្រាចារ្យដាក់ឱ្យសិស្សនិសិ្សតសិក្សានោះគឺ សរសេរជាភាសាបរទេស ជាពិសេសជាភាសាអង់គ្លេស។ ដូច្នេះហើយ បើសិនជាសិស្សគាត់ខ្សោយ ឬមិនបានរៀនភាសាអង់គ្លេសពីមុនមក គាត់នឹងប្រឈមបញ្ហាដើម្បីរៀនឱ្យទាន់គេដែរ»។ អ្នកជំនាញរូបនេះលើកឡើងដូច្នេះ។  
 
យ៉ាងណាមិញ គ្រូបង្រៀននៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជារូបនេះបានលើកទឹកចិត្តឱ្យសិស្សនិស្សិតត្រៀមចិត្ត និងកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក រហូតដល់ត្រូវបង្ខំចិត្តបោះបង់ការសិក្សា។
 
«តាមពិសោធន៍របស់ខ្ញុំ វាមិនមែនជារឿងមួយដែលល្អទេ។ ជាគន្លឹះ ជាជាងដាក់សម្ពាធ ពួកគាត់ត្រូវស្រាវជ្រាវដោយខ្លួនឯង ឬក៏ព្យាយាមស្វែងយល់ ឬរៀនពីចំណុចតូច ឬចំណុចគ្រឹះ បើទោះជាបញ្ហាធំស្មុគ្រស្មាញ យើងគិតមិនទាន់ដល់។ យើងត្រូវប្រឹងបម្លែងមេរៀនលំបាកៗ ដោយចាប់ផ្តើមពីចំណុចតូចមក។ និយាយឱ្យសាមញ្ញា យើងត្រូវចេះពី ក, ខ សិន ទើបយើងចាប់អ្វីដែលធំបាន»។ យង់អាន ពន្យល់ដូច្នេះ។  
 
សម្រាប់កុសល្យឯណោះវា បញ្ហាមួយទៀតគឺ សិស្សដែលចង់រៀនបណ្តើរ និងធ្វើការបណ្តើរ ពេលចាប់យកមុខជំនាញវិទ្យាសាស្ត្រ ក៏ប្រហែលជានឹងត្រូវជួបបញ្ហាប្រឈមច្រើនដែរ។ យ៉ាងណាមិញ គ្រូបង្រៀនរូបនេះផ្តល់យោបល់ថា សិស្សដែលប្រឈមបញ្ហាក្នុងពេលសិក្សាក៏អាចស្វែងរកជំនួយពីខាងសាលា និងភាគីពាក់ព័ន្ធដើម្បីធានាថា ពួកគេអាចដោះស្រាយបញ្ហាបានដោយមិនបោះបង់ការសិក្សា។
 
«ខាងសាលាយើងមានកម្មវិធីសិស្សច្បង ជួយសិស្សប្អូន ដោយការផ្តល់យោបល់ និងប្រឹក្សាយោបល់។ យើងក៏មានសមាគមនិស្សដែលអាចជួយដល់សិស្សនិស្សិតដល់គាត់ប្រឈមការលំបាកទាំងនេះបាន ហើយបើគាត់មានចម្ងល់ ពួកគាត់អាចសាកសួរព័ត៌មានបន្ថែមនិងការណែនាំបានដូចគ្នា។ ម្យ៉ាងវាក៏មានការផ្តល់ជាការតម្រង់ទិសដល់សិស្សនិស្សិតផងដែរ ដើម្បីជួយកុំឱ្យពួកគាត់មានអារម្មណ៍ថា វង្វេង និងបាត់ទិសដៅ»។ កុសល្យរៀបរាប់ដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com