ជាតិ
ឆ្លងឆ្នាំ! ភ្ញៀវទេសចរ​ជាង ២លាននាក់ ចេញ​ដើរកម្សាន្ត​នៅទូទាំងប្រទេស
02, Jan 2023 , 11:59 am        
រូបភាព
ទិដ្ឋភាពភ្ញៀវទេសចរនាតំបន់ផាប់ស្ទ្រីត។ រូបភាព៖ អ៊ីសា រ៉ហានី
ទិដ្ឋភាពភ្ញៀវទេសចរនាតំបន់ផាប់ស្ទ្រីត។ រូបភាព៖ អ៊ីសា រ៉ហានី
ភ្នំពេញ៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង ២លាន​នាក់ បាន​ធ្វើ​ដំណើរក​ម្សាន្ត​តាម​តំបន់ទេសចរណ៍​ នៅ​ខេត្តនានា​ទូទាំង​ប្រទេស​ ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ចូល​ឆ្នាំ​២០២៣។ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រាជធានី​ភ្នំពេញ មាន​ទេសចរច្រើនជាង​គេ រហូត​ដល់​​ជាង ៤៥ម៉ឺន​នាក់។



ភ្ញៀវទេសចរចំនួន ២ ០២២ ៩២០នាក់ ក្នុង​នោះមានភ្ញៀវ​ទេសចរ​ជាតិចំនួន ​២ ០០៦ ១១៧នាក់ និង​ភ្ញៀវអន្តរជាតិ ចំនួន ១៦ ៨០៣នាក់ ​ បាន​ចេញ​ដើរកម្សាន្ត​នៅ​ទូទាំងប្រទេស​។ បើតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ រាជធានីភ្នំពេញ ឈរនៅ​លំដាប់ទី១ ដោយ​មាន​ទេសចរ​សរុបចំនួន ៤៥៥ ៨៣២នាក់, ខេត្ត​ព្រះ​សីហនុ ឈរ​នៅ​លំដាប់ទី២ ដែល​មាន​ទេសចរ​សរុបចំនួន ៣៣៨ ៥៥២នាក់ និង​ខេត្ត​សៀមរាប ឈរ​នៅ​លំដាប់ទី៣ មាន​ទេសចរ​សរុបចំនួន ៣៣៧ ៧៦៩នាក់។


   ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ។ រូបភាព៖ គី ចំណា
 
 
ក្រៅ​ពីរាជធានី-ខេត្ត​ ខាង​លើ ដែល​មាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើន តួយ៉ាង​ខេត្ត កំពត ក៏មាន​ភ្ញៀវទេសចរច្រើនដែរ។ ខេត្ត​កំពត ទទួល​បាន​ទេសចរចំនួន ៣៣០ ៦៥៩នាក់។ ដោយ​ឡែក​ខេត្ត​បាត់ដំបងឯណោះវិញ មាន​ទេសចរ​ចំនួន ១៥៨ ១១០នាក់ ដែល​ឈរ​នៅ​លំដាប់​ទី៥។
 
ក្រឡេក​ទៅ​មើល​ខេត្ត​នៅ​ភាគ​ឦសានវិញ ហាក់​មិន​សូវ​ទទួលបាន​ទេសចរ​ច្រើន​នៅ​ថ្ងៃឆ្លង​ឆ្នាំ​ដូច​រាជធានីភ្នំពេញ និង​តំបន់សមុទ្រ។ ខេត្ត​រតនគិរី ទទួលបាន​ទេសចរ​ចំនួន ៦១២៧នាក់, ខេត្ត​ស្ទឹង​ត្រែង មាន​ចំនួន ៤៥៤០នាក់, ខេត្ត​មណ្ឌលគិរី មាន​ចំនួន ៤៩៦២នាក់ និងខេត្ត​ក្រចេះ មាន​ចំនួន ៣០២០នាក់៕​ 


 ទិដ្ឋភាពនៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី៣១ ធ្នូ។ រូបភាព៖ អ៊ូ សុខមាន

 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com