ជាតិ
លោក រៀម មុនីស៊ីឡុង កែច្នៃសំរាម ជាសិល្បៈ ចូលរួមចំណែកសម្អាតបរិស្ថាន
02, Jan 2023 , 7:59 pm        
រូបភាព
 លោក រៀម មុនីស៊ីឡុង សិល្បករកែច្នៃសំណល់​ ជាវត្ថុសិល្បៈ នៅខេត្តសៀមរាប ស្ថិតនៅនាវេទិកាអេកូទេសចរណ៍លើកទី៣។
លោក រៀម មុនីស៊ីឡុង សិល្បករកែច្នៃសំណល់​ ជាវត្ថុសិល្បៈ នៅខេត្តសៀមរាប ស្ថិតនៅនាវេទិកាអេកូទេសចរណ៍លើកទី៣។
ភ្នំពេញ៖ លោក រៀម មុនីស៊ីឡុង ជាសិល្បករមួយរូប កែច្នៃសំរាមប្លាស្ទិកសំណល់ផ្ទះបាយ សំណល់សរីរាង្គជាដើម ទៅជាផ្ទាំងគំនូរ ឬស្នាដៃសិល្បៈផ្សេងៗ​។



សម្រាប់លោក មុនីស៊ីឡុង ការកែច្នៃសំរាមទាំងនោះ​ ទៅជាទម្រង់សិល្បៈផ្សេងៗនេះដោយសារលោកមានជំនាញគូរគំនូរ,​ ធ្លាប់ចូលរួមអង្គការមួយកែច្នៃក្រដាសឡើងវិញនិងចង់ចូលរួមបញ្ជ្រាបការយល់ដឹងលើការបំពុលបរិស្ថាន ដោយសារសំរាម។ 
 
សំណល់ប្លាស្ទិក,សំណល់សរីរាង្គ, កម្ទេចកំណាត់, សំណល់ផ្ទះបាយ ដែលមនុស្សភាគច្រើនបានបោះចោល ដោយសារពួកគេគិតថាគ្មានតម្លៃនោះតែត្រូវបានសិល្បករខ្មែរមួរូប មានស្រុកកំណើតនៅខេត្តសៀមរាប បានយកវាទៅកែច្នៃជាវត្ថុសិល្បៈយ៉ាងស្រស់ស្អាត។
 
សំណល់ទាំងនោះ ត្រូវបានបុរសសម្បុរស្រអែមរូបនេះ បានបិទផ្គុំទៅជាផ្ទាំងគំនូរនិងចម្លាក់ផ្សេងៗយ៉ាងទាក់ទាញ។ 
 
លោក មុនីស៊ីឡុង ចាប់ផ្ដើមការងារជាសិល្បករកែច្នៃសំរាមនេះតាំងពីឆ្នាំ២០០៩មកម្លេះ។ ការចាប់ផ្ដើមនេះ បន្ទាប់ពីខ្លួនបានចូលបម្រើការងារនៅអង្គការមួយកន្លែងដែលកែច្នៃក្រដាសឡើងវិញ ក្នុងខេត្តសៀមរាប។ 
 
កំពុងអង្គុយក្នុងស្តុងតាំងពិពរណ៍ នាវេទិកាអេកូទេសចរណ៍លើកទី៣លោកបានរំឭកពីការចាប់ផ្ដើមការកែច្នៃសំណល់នេះដូច្នេះ៖«គ្រួសារខ្ញុំបានបោសសំរាមនៅមុខផ្ទះហើយដុតហើយពុលផ្សែងសំរាម ពេលខ្ញុំពុលសំរាម។ បន្ទាប់មកជំហានដំបូងខ្ញុំយកក្រដាសចាស់ៗ mix (បញ្ជូល)ជាមួយសំរាមសរីរាង្គ ក្រោយមកខ្ញុំយកប្លាស្ទិក mix ជាមួយសំរាមសរីរាង្គធ្វើជាក្រដាស និងសិល្បគំនូរ។ បន្ទាប់មកទៀត យកmixជាមួយសំណល់ផ្ទះបាយ(ដូចជា)សំបកពងមាន់ ពងទា, ស្រកាត្រី, សំបកខ្ចៅនិងបន្លែមួយចំនួនដែលមិនរលួយ»។ 
 
នាវេទិកាអេកូទេសចរណ៍ លោក មុនីស៊ីឡុង បានយកគំនូរមួយចំនួន មកតាំងបង្ហាញដែលកែច្នៃពីសំណល់ ដោយគំនូរទាំងនោះ ត្រូវបានលោកហៅវាថា​ ជាគំនូរច្របាច់បញ្ជូលគ្នារវាងគំនូរបុរាណ និងសហសម័យ។ ទោះបីផ្ទាំងគំនូរសិល្បៈទាំងនោះត្រូវបានសិល្បកររូបនេះកែច្នៃ ចេញពីសំរាម ប៉ុន្តែគំនូរទាំងនោះ ពិតជាមានភាពស្រស់ស្អាត ប្លែក
គួរជាទីគយគន់។
 
តាមរយៈការងារជាសិល្បករកែច្នៃសំណល់នេះ លោក មុនីស៊ីឡុងក៏ចង់បង្ហាញដល់សាធារណជន​ ជាពិសេសយុវជន ឱ្យយល់ដឹងពីផលវិបាកនៃការប្រើប្រាស់ប្លាស្ទិកដើម្បីចូលរួមចំណែកក្នុងការការពារបរិស្ថាន។ លោកនិយាយដូច្នេះ៖«សិល្បៈដែលយើងកែច្នៃ គឺជារបស់ដែលគេចោលហើយយើងយកមកដើម្បីបំផុសបំផុលឱ្យក្មេងជំនាន់ក្រោយ បានដឹងថារបស់ដែលគ្មានប្រយោជន៍ឱ្យក្លាយជារបស់មានប្រយោជន៍ និងចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។ 
 
ពេលចាប់ផ្ដើមការងារនេះដំបូង មិនទទួលបានការគាំទ្រឡើយពីអ្នកជុំវិញខ្លួន។ ប៉ុន្តែយ៉ាងណាលោកមិនបានបោះបង់ការងារនេះឡើយគឺនៅតែបន្តការងារនេះដដែល។ លោកលើកឡើងដូច្នេះ៖«ដំបូងបង្អស់មិនមានអ្នកណាគាំទ្រនោះទេ។
 
គេថាធ្វើហ្នឹងធ្វើអីឆ្កួតៗអ៊ីចឹង មាននរណាគេឱ្យតម្លៃ របស់ទាំងហ្នឹងយើងលក់ម៉េចបានអត់ប្រយោជន៍។ តែខ្ញុំធ្វើនេះមិនមែនដើម្បីតែលុយទេ គឺធ្វើដោយក្ដីស្រឡាញ់តែក៏ធ្លាប់មានគំនិតចង់បោះបង់ដែរ«។
 
ក្រោយហែលឆ្លងកាត់នឹងគំនិតអវិជ្ជមានជាច្រើនមកបច្ចុប្បន្នពួកគេបានត្រឡប់មកគាំទ្រនិងទទួលស្គាល់ពីសមត្ថភាពរបស់សិល្បករវ័យ៣៧ឆ្នាំរូបនេះវិញ។
 
តាមរយៈគំនូរកែច្នៃពីសំណល់នេះ សិល្បករអ្នកខេត្តសៀមរាបរូបនេះ អាចផលិតគំនូរពីទំហំ១០សង់ទីម៉ែត្រ គុណនឹង ២០សង់ទីម៉ែត្រ រហូតដល់ ទំហំ៣ម៉ែត្រ។
 
ឯតម្លៃវិញអាចមានចន្លោះពី១០ដុល្លារ រហូតដល់ ៣ ០០០ដុល្លារ ក្នុងមួយផ្ទាំងៗ។សម្រាប់ស្នាដៃទាំងអស់របស់លោក មុនីស៊ីឡុង ដែលផលិតបាន ភាគច្រើនជាបរទេស ដែលជាវ។ 
បើនិយាយពីការកែច្នៃវិញ ហាក់ត្រូវចំណាយកម្លាំងនឹងពេលវេលាគួរសមបើប្រៀបធៀបនឹងគំនូរធម្មតា ពោលគឺចំណាយពេលស្វែងរកវត្ថុធាតុដើមនិងត្រូវយកវត្ថុធាតុដើមទៅសម្អាត ចំហុយ និងរៀបបិទម្ដងមួយៗបំណែក។ បើទោះការងារនេះហាក់មានភាពស្មុគស្មាញ និងចំណាយពេលច្រើន ប៉ុន្តែសិល្បកររូបនេះមិនដែលមានគំនិតបោះបង់ការងារនេះនោះឡើយ ដោយសារវាជាអាជីព ដែលខ្លួនស្រឡាញ់។ 
 
សម្រាប់សិល្បកររូបនេះ មិនដែលមានគំនិតបោះបង់អាជីពរបស់ខ្លួនឡើយបើទោះជាខ្លួនជួបឧបសគ្គ និងការមិនពេញជាច្រើនអំឡុងពេលចាប់ផ្ដើមការងារនេះដំបូងក៏ដោយ​។ បច្ចុប្បន្នលោកក៏មានក្រុមការងារចំនួន២ឬ៣នាក់ផងដែរ ដែលចាំជួយការងារខ្លួន នៅពេលមានគម្រោងធំៗ ដែលត្រូវការកម្លាំងជំនួយ។
 
នៅទីនោះ លោកនិងក្រុមរបស់លោកផលិតវត្ថុសិល្បៈទម្រង់ដទៃៗទៀតក្រៅពីគំនូរដូចជាចម្លាក់លោត-លៀន, គំនូរគូរដោយប្រើថ្នាំពណ៌ ជាដើម ដោយផលិតពីសំណល់។ 
 
ចំពោះអ្នកស្រុកសូត្រនិគមរូបនេះ លោកបើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួន ក្នុងការផលិតវត្ថុសិល្បៈចេញពីសំណល់នេះប្រសិនបើមានយុវជន ឬសាធារណជន ដែលចង់រៀននូវជំនាញកែច្នៃសំណល់នេះពីខ្លួន។
 
ក្លាយជាសិល្បករ ដោយរៀនតាមគេ! យុវជន រៀម មុនីស៊ីឡុង បានចូលរៀនថ្នាក់ទី១ ក្នុងអាយុ១៤ឆ្នាំនិងជាយុវជនម្នាក់ដែលចូលចិត្តខាងផ្នែកគំនូរតាំងពីកុមារភាព។
 
ការចូលរៀនរបស់យុវជនរូបនេះ ហាក់យឺតយ៉ាវ បើប្រៀបធៀបនឹងក្មេងៗឯទៀត ដែលប្រហែល ត្រូវរៀនដល់ថ្នាក់ទី៧ឬទី៨ បាត់ទៅហើយ ។ 
 
បានស្គាល់រសជាតិជាសិស្សបានតែប៉ុន្មានឆ្នាំ យុវជនរូបនេះត្រូវបានបោះបង់ការសិក្សារបស់ខ្លួន ក្រោយបញ្ចប់ថ្នាក់ទី៤ ដោយជីវភាពគ្រួសារដែលមិនអាចបន្តបញ្ជូនខ្លួនទៅរៀនទៀតបាន។ ក្រោយបោះបង់ការសិក្សា យុវជនអ្នកសៀមរាបរូបនេះបានត្រឹមតែជួយការងារគ្រួសារ​ ធ្វើស្រែ និងឃ្វាលគោប៉ុណ្ណោះប៉ុន្តែអ្នកគង្វាលរូបនេះ មានទម្លាប់មួយ គឺគូរគំនូរលើដី។ 
 
សកម្មភាពគូរគំនូរនេះ បានធ្វើឱ្យម្ដាយយុវជនរូបនេះ ចាប់អារម្មណ៍និងបានបញ្ជូនកូនរបស់ខ្លួនទៅរៀនផ្នែកគំនូរ ជាមួយក្មួយខ្លួន ដែលត្រូវជាបងជីដូនមួយរបស់យុវជន មុនីស៊ីឡុងនេះ។ 
 
ទំព័រថ្មីនៃជីវិត របស់យុវជន មុនីស៊ីឡុង បានចាប់ផ្ដើម។ប៉ុន្តែការចាប់ផ្ដើមរបស់យុវជនរូបនេះ មិនសូវជាល្អប៉ុន្មានឡើយ។ ពោលគឺលោកមិនរៀនពូកែដូចសិស្ស ស្ថិតក្រោមការបណ្ដុះបណ្ដាលពីគ្រូតែមួយទេគឺលោករៀនយឺតជាសិស្សដទៃឯទៀត។ 
 
ការណ៍នេះមិនបានឱ្យលោកបោះបង់ក្ដីស្រមៃខ្លួនឡើយ តែលោកនៅតែបន្តជំហានដែលវិវត្តន៍បន្តិចៗរបស់ខ្លួន ទៅតាមពេលវេលាមួយថ្ងៃ ក្លាយជាឆ្នាំនោះ។ ការតស៊ូនិងមិនបោះបង់ ទើបធ្វើឱ្យយុវជនរូបនេះ ទទួលបានជោគជ័យ។ 
 
លោករំឭកពីអនុស្សាវរីយ៍របស់ខ្លួនដូច្នេះ៖«នៅក្នុងចំណោមអ្នករៀនទាំងអស់ខ្ញុំល្ងង់ជាងគេ ដោយសារខ្ញុំប្រើពេលវេលាយូរជាងគេ អ៊ីចឹងយើងរៀន៣ឆ្នាំទើបខ្ញុំចេញធ្វើបាន បើគេប្រើពេល១ឆ្នាំ ឬ២ឆ្នាំគេធ្វើបាន»។ 
 
បន្ទាប់ពីមានជំនាញលើគំនូរនេះ ក្រោយចំណាយពេល៣ឆ្នាំរួចមកលោកក៏បានចាប់ផ្ដើមអាជីពជាអ្នកគូរគំនូរតាមព្រះវិហារ។ គំនូរទាំងនោះដែលលោកគូរជា​គំនូរដែលតាមវត្តអារាមនានា​ ដែលនិយាយាពី ពុទ្ធប្រវត្តិ និងទេវកតា ជាដើម។ ធ្លាប់បោះបង់ជីវិតជាសិល្បករ ដោយសារកត្តាជីវភាពគ្មានអ្វីមួយ នៅលើលោកនេះ ទៀតទាត់នោះឡើយ។
 
បន្ទាប់ពីមានរៀនជំនាញគូរគំនូរលើព្រះវិហាររួចមក លោក មុនីស៊ីឡុងក៏បានចូលរួមការងារស្ម័គ្រចិត្តនៅអង្គការមួយកន្លែងដែលកែច្នៃក្រដាសឡើងវិញ។ក្រោយមកនៅឆ្នាំ២០០៩លោកក៏បានចាប់ផ្ដើមការងារជាអ្នកកែច្នៃសំណល់ ជាវត្ថុសិល្បៈវិញ។ 
 
ប្រឡូកក្នុងវិស័យសិល្បៈជាអ្នកកែច្នៃសំណល់បានប្រមាណជា៤ឆ្នាំ លោកមុនីស៊ីឡុង បានបោះបង់អាជីពមួយនេះ ហើយងាកទៅចាប់ការងារធ្វើកិសកម្ម ដាំបន្លែវិញ។
 
លោករៀបរាប់ពីការសម្រេចចិត្តបោះបង់កាងារខ្លួនដូច្នេះ៖«កត្តាជីវភាពគ្រួសារ មិនមានអ្នកគាំទ្រទៅខ្ញុំក៏បោះបង់ចោលទៅ។ ពេលខ្ញុំបោះបង់ហ្នឹង គឺខ្ញុំទៅដាំបន្លែវិញដាំបន្លែនាំចេញទៅតៃវ៉ាន់»។ 
 
អ្វីៗមិនដូចការគ្រោងទុកឡើយ! បញ្ចប់ការងារជាសិល្បករកែច្នៃសំណល់ទៅធ្វើជាកសិករវិញ មិនបានជួយសេដ្ឋកិច្ចគ្រួសាររបស់បុរសរូបនេះនោះឡើយ។ ផ្ទុយទៅវិញបានដាក់បន្ទុកបន្ថែមដល់កសិករ អតីតសិល្បកររូបនេះបន្ថែមទៀត។ 
 
ការបន្ថែមបន្ទុកដល់កសិកររូបនេះ ក៏ដោយសារថា បន្លែដែលដាំនោះ ត្រូវជួបនឹងគ្រោះរាំងស្ងួតប្រហែលអំឡុងឆ្នាំ២០១៣ ឬ២០១៤ ដែលធ្វើឱ្យបន្លែទាំងនោះត្រូវខូចខាត។បន្ទាប់មកលោកក៏បានបោះបង់ការងារជាកសិករបន្តទៀត បន្ទាប់ពីការងារជាសិល្បករ។ 
 
ការលើកទឹកចិត្តពីឪពុក ជំរុញឱ្យ លោក មុនីស៊ីឡុងក្លាយជា​សិល្បករដល់បច្ចុប្បន្នក្រោយភ្លៀងមេឃស្រឡះ។ ក្រោយពេលការងារជាកសិករមិនផ្ដល់ផលជាផ្លែផ្ការួចមកលោក មុនីស៊ីឡុង ហាក់បាត់បង់គោលដៅ និងមិនដឹងថាត្រូវធ្វើអ្វីបន្តទៀត។
 
ពេលវេលាដើរទៅមុខយ៉ាងឆាប់រហ័ស លោក មុនីស៊ីឡុង ចំណាយអស់២ខែ ឬ៣ខែ មិនបានធ្វើអ្វីសោះ។ នៅឆ្នាំ២០១៥ បុរសសម្បុរស្រអែមរូបនេះក៏ត្រឡប់មកអាជីពជាអ្នកកែច្នៃម្ដងទៀត ដោយបានការជួយលើកទឹកចិត្តពីលោកឪពុករបស់ខ្លួន។លោកបានរំឭកដូច្នេះ៖«ពុកខ្ញុំបានប្រាប់ខ្ញុំថា ចង់ធ្វើអ្វីក៏ធ្វើទៅឱ្យតែយើងអាចជួយយើងបានខ្លះ និងជួយដល់សង្គមយើងខ្លះ។
 
ដូច្នេះខ្ញុំក៏បាននឹកឃើញជំនាញកែច្នៃនេះ មក»។លោក មុនីស៊ីឡុង ក៏បានត្រឡប់មកការងារជាសិល្បករកែច្នៃសំណល់វិញ។ ការត្រឡប់មកវិញនេះ​បានក្លាយជាអាជីពស្ថិតស្ថេរមួយសម្រាប់សិល្បកររូបនេះ។
 
បច្ចុប្បន្នលោកក៏ត្រូវបានសាធារណជនស្គាល់លោកច្រើនដែរ នៅតាមអង្គការ ស្ថាប័នរដ្ឋវិស័យឯកជន និងជនបរទេស ដែលតែងគាំទ្រ។ 
 
សម្រាប់លោក មុនីស៊ីឡុង ការស្រឡាញ់ ការខិតខំ ប្រឹងប្រែង តស៊ូនិងមិនបោះបង់ ជាចំណុចដែលជំរុញឱ្យលោកទទួលបានសមទ្ធផលដូចបច្ចុប្បន្ន។ លោកនិយាយថា៖«អ្វីដែលខ្ញុំធ្វើនេះ
មិនមែនធ្វើភ្លាមបានភ្លាមនោះទេ។ ដូចខ្ញុំវិញត្រូវចំណាយពេលជាង១០ឆ្នាំទម្រាំគេស្គាល់។
 
ហើយមុនគេស្គាល់យើងឆ្លងការផលវិបាកច្រើន ប៉ុន្តែកុំបាក់ទឹកចិត្តត្រូវដឹងខ្លួនយើងជានរណា»៕
 
 

Tag:
 ThmeyThmey25
 SMEs
 បរិស្ថាន
  ច្នៃសំរាម
  រៀម មុនីស៊ីឡុង
© រក្សាសិទ្ធិដោយ thmeythmey.com