ជាតិ
ឆ្នាំ២០២២ អគ្គិភ័យកើតឡើង ៦១៨ករណី បណ្ដាលឲ្យមនុស្សស្លាប់៤៣នាក់
02, Jan 2023 , 8:59 pm        
រូបភាព
អគ្គិភ័យចេះផ្ទះពលរដ្ឋ នៅខណ្ឌចំការមនកាលពីថ្ងៃទី៣១ធ្នូ ២០២២។ រូបពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គិភ័យចេះផ្ទះពលរដ្ឋ នៅខណ្ឌចំការមនកាលពីថ្ងៃទី៣១ធ្នូ ២០២២។ រូបពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ឆ្នាំ២០២២ មានអគ្គិភ័យកើតឡើង៦១៨លើក ដែលបណ្ដាលឲ្យមនុស្សស្លាប់៤៣នាក់។ ករណីដែលបង្កឲ្យមានករណីភ័យកើតឡើងភាគច្រើនគឺ ការឆ្លងចរន្តអគ្គិសនី។

 
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ ថយចុះចំនួន៥២ករណី បើធៀបនឹងឆ្នាំ២០២១ ដែលមានដល់៦៧០ករណី។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ ក្នុងឆ្នាំ២០២២ មានច្រើនជាងឆ្នាំ២០២១ ដែលមានតែ២៤នាក់ប៉ុណ្ណោះ។ 
 
បើតាម លោក នេត វន្ថា អ្នករងរបួស ក្នុងឆ្នាំ២០២២ មាន១១៦នាក់ កើនឡើង៨១នាក់ បើធៀបក្នុងឆ្នាំ២០២១ ។ ចំពោះផ្ទះរងការឆេះដោយសារអគ្គិភ័យមាន៦៩៧ខ្នង បើធៀបនឹងឆ្នាំ២០២១ គឺមាន៧០៧ខ្នង។ 
 
ករណីអគ្គិភ័យដែលកើតឡើងក្នុងឆ្នាំ២០២២នេះ លោក នេត វន្ថា បញ្ជាក់ថា ភាគច្រើនកើតឡើងដោយ ការឆ្លងចរន្តអគ្គិសនី ដែលមានដល់៤១ភាគរយ។ ចំណែក អគ្គិភ័យកើតឡើងដោយភ្លើងទៀន ធូក មាន៣៧ភាគរយ ហើយជាង២០ទៀត គឺក្ដាប់ពុំបានមូលហេតុ។ 
 
ជាមួយគ្នាដែរ ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះរូបនេះ បានអំពាវនាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ពិសេសនារដូវប្រាំងនេះ។ លោកក៏ស្នើឲ្យពលរដ្ឋ និងអាជ្ញាធរតាមមូលដ្ឋាន ជួយរាយការណ៍ឲ្យបានទាន់ពេលផងដែរ នៅពេលមានករណីអគ្គិភ័យកើតឡើង ដើម្បីក្រុមជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា៕ 
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com