អន្តរជាតិ
តៃវ៉ាន់ ឱ្យលុយជិត២០០ដុល្លារ សម្រាប់ប្រជាជនម្នាក់នាឱកាសចូលឆ្នាំថ្មី
04, Jan 2023 , 8:29 pm        
រូបភាព
កោះតៃវ៉ាន់គ្រោងនឹងផ្ដល់ប្រាក់ប្រមាណ២០០ដុល្លារក្នុងម្នាក់សម្រាប់ប្រជាជនទាំងអស់ក្នុងការអបអរ​ឆ្នាំថ្មី។ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang ប្រកាសបែបនេះនៅថ្ងៃទី៤ ខែមករា ដោយ​បញ្ជាក់ថា កំណើនសេដ្ឋកិច្ច នឹងត្រូវបានចែករំលែកជាមួយប្រជាជនគ្រប់ៗគ្នា។

 
សេដ្ឋកិច្ចកោះតៃវ៉ាន់ដែលពឹងផ្អែកលើការនាំចេញ និងការផ្គត់ផ្គង់បច្ចេកវិទ្យាសកលសម្រាប់ផលិត​ផល​រួមមានបន្ទះឈីប បានកើនឡើង៦,៤៥ភាគរយក្នុងឆ្នាំ២០២១ ដែលជាអត្រាលឿន​បំផុតចាប់​តាំ​ង​ពី​ឆ្នាំ២០១០។ ខណៈកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងយឺតក្នុងឆ្នាំ២០២២ និង២០២៣ រដ្ឋាភិបាល ចាក់បញ្ចូលប្រាក់៣៨០ពាន់លានដុល្លារតៃវ៉ាន់ទៅ​ក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ២០២២។ រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថ្លៃ​អគ្គិសនី ការធានារ៉ាប់រងកម្លាំងពលកម្ម និងការថែទាំសុខភាព​ជាដើម។
 
ថ្លែងក្នុងសន្និសីទកាសែតមួយ នាយករដ្ឋមន្ត្រី Su លើកឡើងថា ថវិកាសរុប១៤០ពាន់​លាន​ដុល្លារ​តៃវ៉ាន់  ដែលជាផ្នែកមួយនៃប្រាក់ចំណូលពន្ធ នឹងត្រូវចាយសម្រាប់ប្រាក់ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ​គ្រប់​ៗគ្នា ដែលក្នុងម្នាក់នឹងទទួលបានប្រាក់ចំនួន៦​ពាន់ដុល្លារតៃវ៉ាន់ ឬ១៩៥,៦១ដុល្លារអាម៉េរិក។ 
 
«ផ្លែផ្កានៃការសម្រេចបាននៃលទ្ធផលសេដ្ឋកិច្ចនឹងត្រូវបានចែករំលែកទៅកាន់ប្រជាជនទាំងអស់ ទាំងចាស់ទាំងក្មេង»។ លោក Su ប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្ដថា ការផ្ដល់ប្រាក់ នេះត្រូវការការ​អនុម័តពីសភាដែរ។
 
នាយករដ្ឋមន្ត្រីតៃវ៉ាន់ ក៏ជូនពរប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែល​ប្រជាជននឹងបានសម្រាកមួយសប្ដាហ៍ចាប់ពីថ្ងៃទី២០ ខែមករា។ យ៉ាងណាមិញ លោក Su មិន​បាន​ផ្ដល់ព័ត៌មានលម្អិតពីមធ្យោយបាយដែលរដ្ឋាភិបាលនឹងចែកជូនថវិកាចូលឆ្នាំថ្មីនេះឡើយ។
 
គួរបញ្ជាក់ថា តៃវ៉ាន់ ជាអ្នកផលិតបន្ទះឈីបដ៏ធំមួយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងឡាន ទូរស័ព្ទ​ដៃ​ និងរួមទាំងយន្តហោះចម្បាំងទៀតផង។ សេដ្ឋកិច្ចរបស់កោះមួយនេះចាប់ផ្ដើមកើនឡើង​អំឡុង​ការ​រីករាលដាលជំងឺកូវីដ​-១៩ ដោយសារមានកំណើនតម្រូវការឧបករណ៍អេឡិចត្រូនិក ខណៈ​មនុស្ស​ត្រូវ​ការធ្វើការពីផ្ទះ៕
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com