អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ឱ្យមន្រ្តីពិចារណាផ្អាកកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង
04, Jan 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៤ ខែមករា បានបញ្ជាឱ្យមន្រ្តីរបស់ខ្លួនពិចារណាព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងយោធាអន្តរកូរ៉េ ដែលធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ប្រសិនបើកូរ៉េខាងជើងបំពានអធិបតេយ្យរបស់កូរ៉េខាងត្បូងម្តងទៀត។

 
ដ្រូនកូរ៉េខាងជើង ចំនួន ៥គ្រឿង នៅចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ  បានហោះឆ្លងព្រំដែនអន្តរកូរ៉េ ដែលធ្វើឱ្យកូរ៉េខាងត្បូងបញ្ជូនដ្រូនចូលដីកូរ៉េខាងជើងវិញ និងពង្រាយយន្តហោះចម្បាំងទៅរារាំង។ បញ្ហានេះ បានធ្វើឱ្យភាពតានតឹងនៅឧបទ្វីបកូរ៉េ កើនឡើងមួយកម្រិតទៀត បន្ថែមពីលើការបាញ់មីស៊ីល។ 
 
ទាក់ទិននឹងការបំពានអធិបតេយ្យពីសំណាក់កូរ៉េខាងជើងបែបនេះ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឱ្យមន្រ្តីរបស់ខ្លួនពិចារណាផ្អាកការអនុវត្តកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងយោធាអន្តរកូរ៉េ ដែលធ្វើឡើងនៅក្នុងឆ្នាំ២០១៨ បើរឿងខាងលើ កើតឡើងម្តងទៀត។ 
 
«លោកប្រធានាធិបតី យូន សុកយ៉ល បានប្រាប់មន្រ្តីសន្តិសុខជាតិឱ្យពិចារណាព្យួរកិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា ក្នុងករណីកូរ៉េខាងជើងបំពានដែនដីរបស់យើងម្តងទៀត»។ លេខាទទួលបន្ទុកកិច្ចការព័ត៌មាននៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kim Eun-hye បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី៤ ខែមករា។ 
 
ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ ក៏បានប្រាប់រដ្ឋមន្រ្តីការពារជាតិ លោក Lee Jong-sup ឱ្យបង្កើតកងកម្លាំងដ្រូនចម្រុះ ដែលត្រូវទទួលបន្ទុកកិច្ចការជាច្រើនផងដែរ រួមទាំងអង្កេត និងការឈ្លបយកការណ៍, ប្រព័ន្ធចាប់សញ្ញាដ្រូន និងដ្រូនកំបាំងខ្លួនពីរ៉ាដា ត្រឹមដំណាច់ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងយោធាអន្តរកូរ៉េ ត្រូវបានចុះហត្ថលេខារវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅក្នុងឆ្នាំ២០១៨។ កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យផ្អាកសកម្មភាពអរិភាពយោធារវាងកូរ៉េទាំងពីរ រួមទាំងចែងពីគម្រោងក្នុងការកែប្រែតំបន់គ្មានយោធា (DMZ) ទៅជាតំបន់សន្តិភាព៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com