ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ជនមានពិការភាព មានអាទិភាពពេលទៅទទួលសេវានៅមណ្ឌលសុខភាពក្រ​គរ​
07, Jan 2023 , 7:59 pm        
រូបភាព
មណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកចិត្តទុកដាក់លើជនពិការ។
មណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកចិត្តទុកដាក់លើជនពិការ។
ដោយ៖ មៀន ណាគ្រី(យុវជនឃុំក្បាលត្រាច)
ក្រគរ,ពោធិ៍សាត់៖ ​ក្នុងមួយថ្ងៃៗ នៅមណ្ឌលសុខភាពក្រគរ បានផ្តល់សេវាពិនិត្យ និងថែទាំសុខភាពដល់ពលរដ្ឋដែលមានពិការភាព ១ ឬ២នាក់ ជាមធ្យម។ បើតាមលោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ បុគ្គលិក​មណ្ឌលសុខភាព ក្រគរ បានផ្តល់យកចិត្តទុកដាក់ខ្ពស់ និងតែងផ្ដល់អាទិភាពដល់ពលរដ្ឋមានពិការភាព។

 
លោកប្រធានមណ្ឌលសុខភាព ពលរដ្ឋដែលមានពិការភាពភាគច្រើន តែងមកពិនិត្យសុខភាពលើជំងឺដូចជា រលាកសួត គ្រុនពោះវៀន និងជំងឺស្រាលនានា។ លោក ឡេង ឡូញ  សង្កត់ធ្ងន់ដូច្នេះ៖ «ពេលជនមាន(ជន)ពិការភាពមក គឺយើងយកចិត្តទុកដាក់ សឹងជាងពលរដ្ឋទូទៅទៅទៀត។ គឺយើងឱ្យអាទិភាពពួកគាត់មុនគេ ហើយបើពួកគាត់អត់មានបណ្ណ ប.ស.ស ឬម.ស.ស ក៏យើងអត់យកលុយគាត់ដែរ តែមើលលើស្ថានភាពជាក់ស្ដែងគាត់ដែរ»។ 
 
មិនត្រឹមតែយកចិត្តទុកដាក់លើការផ្ដល់សេវាសុខាភិបាល ដល់ជនមានពិការប៉ុណ្ណោះទេ នៅមណ្ឌលសុខភាពនេះ ក៏មានការសាងសង់ជម្រាលសម្រាប់ជនពិការផងដែរ ទាំងក្នុងបន្ទប់ទឹក និងជម្រាលឡើងនៅមណ្ឌលសុខភាព។ ជុំវិញការយកចិត្តទុកដាក់លើជនពិការនេះ ប្រធានមណ្ឌលសុខភាពរូបនេះ និយាយពីការតាំងចិត្តខ្លួនដូច្នេះ៖«ខ្ញុំមានការតាំងចិត្តនៅតែបម្រើរហូត និងយកចិត្តទុកដាក់ ដើម្បីឱ្យគាត់(ជនពិការ)ជា រួចផុតីជំងឺ»។
មណ្ឌលសុខភាពក្រគរកំពុងផ្ដល់សេវា ទៅដល់ពលរដ្ឋចំនួន២ឃុំ គឺពលរដ្ឋឃុំអន្លង់ត្នោត និងពលរដ្ឋឃុំក្បាលត្រាច។  ​ក្នុងមួយខែៗ មណ្ឌលសុខភាពនេះ បានផ្ដល់សេវាពិនិត្យ និងថែទាំសុខភាពដល់ប្រជាពលរដ្ឋ ​ជាង១ពាន់នាក់ ដែលពលរដ្ឋ​​ភាគច្រើនជាប្រភេទ ផ្ដាសាយ​ ក្អក និងរជំងឺលាកផ្លូវដង្ហើមជាដើម៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ThmeyThmey
 ​ សុខភាព
  ជនមានពិការភាព
  ក្បាលត្រាច
  ​ ​សុខាភិបា​ល
© រក្សាសិទ្ធិដោយ thmeythmey.com