អន្តរជាតិ
ប្រមុខការទូតចិនថ្មី៖ ការរក្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដោយស្ថិរភាព នឹងបម្រើផលប្រយោជន៍ប្រទេសទាំងពីរ
10, Jan 2023 , 12:29 pm        
រូបភាព
លោក ផាក ជិន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងលោក​ Qin Gang រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ)។ រូបភាព៖ AFP
លោក ផាក ជិន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងលោក​ Qin Gang រដ្ឋមន្រ្តីការបរទេសចិន (ខាងស្តាំ)។ រូបភាព៖ AFP
ប្រមុខការទូតចិនថ្មី លោក ឈីន កាង (Qin Gang) នៅថ្ងៃទី៩ ខែមករា បានប្រាប់សមភាគីកូរ៉េខាងត្បូងលោក ផាក ជីន (Park Jin) ថា ចិន និងកូរ៉េខាងត្បូងជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូមិនអាចផ្តាច់ចេញពីគ្នាបាន។ បើតាមប្រមុខការទូតចិន ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងល្អ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ បម្រើឱ្យផលប្រយោជន៍រួម។ 

 
លោក ឈីន កាង ប្រមុខការទូតចិនថ្មី នៅថ្ងៃទី៩ ខែមករា បាននិយាយទូរសព្ទជាលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូង លោកផាក ជីន។ ក្នុងកិច្ចសន្ទនាលើកដំបូងនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានជជែកពីការរក្សាទំនាក់ទំនងទ្វេភាគីឱ្យបានល្អប្រសើរ។ 
 
ក្នុងកិច្ចសន្ទនានោះ លោក ឈីន​ បានប្រាប់សមភាគីកូរ៉េខាងត្បូងថា ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងល្អ នៅក្នុងទំនាក់ទំនងកូរ៉េខាងត្បូង និងចិន ជាការបម្រើប្រយោជន៍រួមឱ្យប្រទេសទាំងពីរ ហើយជាទិសដៅ ដែលភាគីទាំងពីរត្រូវបន្តខិតខំ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន បានបន្ថែមថា លោកមានឆន្ទៈក្នុងការបង្កើត និងរក្សាទំនាក់ទំនងការងារដ៏ល្អមួយជាមួយលោក ផាកផង រួមទាំងការអនុវត្តរួមគ្នាលើកិច្ចព្រមព្រៀងដែលដាក់ចេញដោយមេដឹកនាំរបស់ចិន និងកូរ៉េខាងត្បូងនាពេលកន្លងមក។ 
 
ជាការឆ្លើយតប លោកផាក បានអបអរលោក ឈីន ដែលបានក្លាយជារដ្ឋមន្រ្តីការបរទេសចិនថ្មី ហើយថែមទាំងយល់ឃើញដូចលោក ឈីន ដែរ ជុំវិញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឹមនេះ ប្រមុខការទូតកូរ៉េខាងត្បូង បានបង្ហាញក្តីសង្ឃឹមថា ប្រទេសជិតខាងទាំងពីរ នឹងឈានដល់យុគថ្មីលើកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។​
 
មិនតែប៉ុណ្ណោះ លោក ឈីន​ បានបង្ហាញពីក្តីបារម្ភជុំវិញការរឹតត្បិតរបស់កូរ៉េខាងត្បូង លើអ្នកដំណើរចិន ដែលចូលក្នុងប្រទេស ទាក់ទិននឹងជំងឺកូវីដ-១៩ ។ បើតាមរដ្ឋមន្រ្តីការបរទេសចិន កូរ៉េខាងត្បូង គួរប្រកាន់យកហេតុផលដោយផ្អែកលើវិទ្យាសាស្រ្ត៕ 
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com