អន្តរជាតិ
ជប៉ុន៖ បារាំងជាដៃគូឈានមុខដើម្បីសម្រេចកិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក
10, Jan 2023 , 4:24 pm        
រូបភាព
អំឡុងពេលបំពេញទស្សនកិច្ចនៅបារាំង នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៩ ខែមករា បានលើកឡើងថា បារាំងជាដៃគូឈានមុខក្នុងការសម្រេចកិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ក៏បានប្ដេជ្ញាចិត្តធ្វើការជាមួយជប៉ុនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិកផងដែរ។



នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ បានជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៩ ខែមករា ក្នុងទស្សនកិច្ចនៅបណ្ដាប្រទេសសមាជិក G7 ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយប្រធានាធិបតីបារាំង លោក គីស៊ីដា បង្ហាញជំហរត្រៀមធ្វើការដើម្បីបងក្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ 
 
«បារាំងជាដៃគូឈានមុខគេ ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ»។ មេដឹកនាំជប៉ុនលោក គីស៊ីដា លើកឡើងបែបនេះមុនបន្ថែមថាជប៉ុនចង់បន្តកិច្ចសហប្រតិបត្តិការជាមួយបារាំង ពិសេសការធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលដែលរដ្ឋាភិបាលជប៉ុនកំពុងពង្រឹងវិស័យយោធារបស់ខ្លួន ដោយបង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង៥១,២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣ ព្រមទាំងស្នើប្រទេសជាសម្ពន្ធមិត្ត ពិសេសអាម៉េរិកឱ្យជួយគាំទ្រផែនការពង្រឹងសមត្ថភាពការពារជាតិទៀតផង។ 
 
ចំណែក លោក ម៉ាក្រុង លើកឡើងថា បារាំង និងជប៉ុននឹងបន្តសកម្មភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយជប៉ុនអាចពឹងផ្អែកលើបារាំងបាន។ លោក ម៉ាក្រុង សង្កត់ធ្ងន់ដែរពីសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ទីដែលសកម្មភាពកងកម្លាំងយោធាចិនកើនឡើងកាន់ជាលំដាប់។ 
 
ជុំវិញគោលដៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងថា G7 នឹងបន្តគាំទ្រអ៊ុយក្រែនដែលឈ្លានពានដោយរុស្ស៊ី ហើយរក្សាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើរុស្ស៊ី។ លើសពីរឿងអ៊ុយក្រែន នាយករដ្ឋមន្ត្រីជប៉ុនរំពឹងថាសម្ពន្ធមិត្ត G7 នឹងបង្ហាញសាមគ្គីភាពជាមួយពិភពលោក លើបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិអាហារ និងថាមពល។
 
គួរបញ្ជាក់ថា ក្នុងនាមជាប្រធាន​កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ឆ្នាំ២០២៣ ប្រធានាធិបតីជប៉ុន លោក គីស៊ីដា ហ្វីមីអូ នឹងបំពេញទស្សនកិច្ចទៅប្រទេសចំនួន៥ មានបារាំង អ៊ីតាលី អង់គ្លេស កាណាដា និងអាម៉េរិក៕ 
 

Tag:
 បារាំង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com