អន្តរជាតិ
ចិនផ្អាកផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ប្រជាជនកូរ៉េខាងត្បូង និងជប៉ុន
10, Jan 2023 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ស្ថានទូតចិនប្រចាំនៅកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែមករា បានប្រកាសព្យួរការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ប្រជាជនកូរ៉េខាងត្បូង។ ចំណាត់ការនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីការបរទេសខាងទាំងពីរជជែកគ្នា។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក៏រាយការណ៍ពីករណីដូចគ្នាដែរ។

 
កូរ៉េខាងត្បូង នៅសប្តាហ៍មុន បានដាក់ចេញវិធានការមួយចំនួន ដែលតម្រូវឱ្យអ្នកដំណើរមកពីចិន ត្រូវតែធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលមកដល់ប្រទេសខ្លួន។រ ដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានបង្ហាញពីក្តីបារម្ភពីរឿងនេះប្រាប់សមភាគីកូរ៉េខាងត្បូង លោក ផាក ជិន ក្នុងកិច្ចសន្ទនា តាមទូរសព្ទនៅថ្ងៃទី៩ ខែមករា។ 
 
មួយថ្ងៃក្រោយជំនួបនេះ ស្ថានទូតចិនប្រចាំនៅកូរ៉េខាងត្បូង បានប្រកាសលើបណ្តាញសង្គម WeChat ជុំវិញពីការផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរកូរ៉េខាងត្បូង។ ក្នុងសេចក្តីប្រកាសដដែលនោះ ស្ថានទូតចិន បានបញ្ជាក់ថា ខ្លួននឹងកែប្រែលើគោលការណ៍របស់ខ្លួន ដោយផ្អែកលើវិធានការរើសអើងរបស់កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្រោយចំណាត់ការពីសំណាក់ចិន អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk បាននិយាយការពារថា រដ្ឋាភិបាលក្រុងសេអ៊ូល បានពង្រឹងវិធានចត្តាឡីស័កលើអ្នកដំណើរមកពីចិនដោយផ្អែកលើព័ស្តុតាងវិទ្យាសាស្រ្ត។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០​ ខែមករានោះ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចិន និងកូរ៉េខាងត្បូង បានពិភាក្សាពីចំណាត់ការចិនមកលើខ្លួន។ 
 
មុនចិនដាក់ចេញចំណាត់ការប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៩​ ខែមករា បាននិយាយការពារគោលនយោបាយលើជំងឺកូវីដ-១៩ របស់ខ្លួនថា គ្មានប្រទេសណាមួយចាត់ទុកវិធានចត្តាឡីស័ក និងបញ្ហាគ្រប់គ្រងព្រំដែនជាបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងការទូតនោះទេ តែវាជាវិទ្យាសាស្រ្ត ដែលកូរ៉េខាងត្បូង ត្រូវយកមកអនុវត្តដើម្បីការពារសុវត្ថិភាព និងសុខភាពប្រជាជនខ្លួន។
 
ចំណែកទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo រាយការណ៍ថា ទីក្រុងប៉េកាំងក៏អនុវត្តចំណាត់ស្រដៀងគ្នានេះលើទីក្រុងតូក្យូដែរ៕
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com