សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើសេដ្ឋកិច្ចអាស៊ាននឹងទៅជាយ៉ាងណានៅឆ្នាំ២០២៣?
10, Jan 2023 , 9:29 pm        
រូបភាព
អាស៊ាននឹងនៅតែជាតំបន់មួយដែលមានកំណើនលឿនបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៣។ ឆមាសទីពីរនៃឆ្នាំនេះទំនងជានឹងឃើញលក្ខខណ្ឌអំណោយផលដល់កំណើនសេដ្ឋកិច្ច ដោយសារតែអតិផរណាធ្លាក់ចុះ អាចផ្តល់ឱ្យធនាគារកណ្តាលនូវភាពបត់បែននៃអត្រាការប្រាក់កាន់តែច្រើន ហើយជាការគួបផ្សំពីសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ។ ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសកំពុងមានសន្ទុះខ្លាំង បើទោះបីជាបរិយាកាសម៉ាក្រូសេដ្ឋកិច្ចមានការប្រកួតប្រជែងខ្លាំងជាងក៏ដោយ។

 
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងអត្រា៥,៥ ភាគរយសម្រាប់ឆ្នាំ ២០២២។ ឈានចូលដល់ឆ្នាំ២០២៣ ម្ពាធសេដ្ឋកិច្ចដែលកំពុងវិវត្ត និងភាពមិនច្បាស់លាស់នៃបញ្ហាសកលបានអូសទម្លាក់កំណើននៅទូទាំងពិភពលោក។ ដូចនេះ ADB នាពេលថ្មីៗនេះបានកែប្រែការព្យាកររបស់ខ្លួននៅឆ្នាំ២០២៣ មកត្រឹម ៤,៧ ភាគរយសម្រាប់អាស៊ាន ដោយសារតម្រូវការសកលធ្លាក់ចុះ។
 
អ្នកវិភាគរំពឹងថា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងមានកំណើនជាមធ្យមធ្លាក់មកត្រឹម៤,៤ ភាគរយនៅឆ្នាំ ២០២៣ ធៀបនឹងការព្យាករ៥,៦ ភាគរយកាលពីឆ្នាំ ២០២២។
 
ទោះជាយ៉ាងណា តួលេខ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​មាន​កម្រិត​ខ្ពស់​ជាង​​ពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងដល់ ៣,២ភាគរយក្នុងឆ្នាំ ២០២២ និង ២,៧ភាគរយនៅឆ្នាំ ២០២៣។ ដូច្នេះហើយ អាស៊ាននៅតែជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគអន្តរជាតិ ដោយផ្តល់ឱ្យអ្នកវិនិយោគនូវការបង្ហាញទៅកាន់តំបន់ដែលមានកំណើនលឿនបំផុតមួយនៅទូទាំងពិភពលោក។
 
កំណើនសេដ្ឋកិច្ចអាស៊ាន​
 
ប្រជាជាតិអាស៊ានអាចទទួលបានអត្ថប្រយោជន៍ពីទីតាំងភូមិសាស្ត្រនយោបាយនាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលការប្រកួតប្រជែងរវាងអាម៉េរិក និងចិនកាន់តែខ្លាំងក្លា ហើយមហាអំណាចទាំងពីរស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់។ ប្រទេសទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចអាស៊ាន។ ចិនប្តេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការទទួលបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ខណៈអាម៉េរិក​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តែ​ជាមួយ​ប្រទេស​អាស៊ាន​ដែល​ខ្លួនបាន​ជ្រើសរើស​ប៉ុណ្ណោះ។
 
ការប្រកួតប្រជែងរបស់មហាអំណាចនេះមិនមែនជាកត្តាតែមួយគត់ដែលអាចរួមចំណែកជាវិជ្ជមានដល់កំណើនអាស៊ាននៅឆ្នាំ ២០២៣ នោះទេ។ ប្រទេសមួយចំនួននៅក្នុងតំបន់មានសក្តានុពលក្នុងវិស័យទេសចរណ៍អន្តរជាតិធំៗ ហើយ​បានខំប្រឹងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ដែលជាការរួមចណែកបន្ថែមដល់ការងើបឡើងវិញនៃឧស្សាហកម្មនៅឆ្នាំ ២០២៣។  
 
ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ទំនងជានឹងឃើញវិស័យទេសចរណ៍ងើបឡើងវិញសម្រាប់ឆ្នាំ២០២៣ ដូចពេលមានមុនការរាតត្បាតកូវីដ-១៩។ ប៉ុន្តែការសង្ស័យនៅតែមាន ថាតើអ្នកទេសចរចិននឹងត្រលប់មកកំសាន្តនៅតំបន់របស់ខ្លួនភ្លាមៗឬយ៉ាងណា។ ថ្មីៗនេះអាជ្ញាធរអន្តោប្រវេសន៍ចិនបានបន្តចេញទិដ្ឋាការសម្រាប់អ្នករស់នៅដីគោកដើម្បីធ្វើដំណើរទៅក្រៅប្រទេសចាប់ពីថ្ងៃទី ៨ ខែមករា។
 
អ្នកវិភាគជាច្រើនបានលើកឡើងពីការធ្លាក់ចុះជាសាកលនឹងមានឥទ្ធិពលតិចជាងលើសេដ្ឋកិច្ចដែលដឹកនាំដោយតម្រូវការក្នុងស្រុក ដូចជាប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន។ ប្រទេសទាំងពីរនឹងឃើញកំណើនយ៉ាងតិច ៥ភាគរយនៅឆ្នាំ ២០២៣។ បណ្ដាសាជីវកម្មដែលមានមូលដ្ឋាននៅអាម៉េរិកអះអាងថា តម្រូវការក្នុងស្រុក មានការកើនឡើងបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ ខណៈដែលប្រទេសទាំងនេះបានបើកដំណើរការឡើងវិញទាំងស្រុងបន្ទាប់ពីជំងឺរាតត្បាតសកល។
 
ទាំងអស់ខាងលើនេះ គ្រាន់តែជាលក្ខខណ្ឌបន្ទាប់បន្សំនៃភាពអំណោយផលសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ទន្ទឹមនេះ ការចុះខ្សោយនៃកំណើន និងសូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍ នឹងអាចកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច តម្រូវការពីប្រទេសអាស៊ាន។ ស្របពេលនេះធនាគារកណ្តាលអាស៊ីអាគ្នេយ៍ជាច្រើនបានដំឡើងអត្រាគោលនយោបាយជាការឆ្លើយតបទៅនឹងការកើនឡើងអត្រាការប្រាក់សកល លំហូរចេញមូលធន ការធ្លាក់ចុះនៃរូបិយប័ណ្ណ និងការពន្លឿនអតិផរណាជាមួយនឹងតម្លៃអាហារ និងថាមពលសកលកាន់តែខ្ពស់។ 
 
ការវិនិយោគផ្ទាល់ពីបរទេស
 
អាស៊ានគឺជាគោលដៅទាក់ទាញសម្រាប់ FDI នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រជាជាតិទាំងនេះជាទូទៅផ្តល់នូវជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលចង់កាត់បន្ថយការប៉ះពាល់របស់ពួកគេជាមួយប្រទេសចិនដោយមើលឃើញពីការបង្កើនរបាំងពាណិជ្ជកម្ម និងបំណងប្រាថ្នាដើម្បីស្វែងរកកន្លែងផលិតដែលមានតម្លៃថោកជាង។
 
បណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើន បានសម្លឹងមើលទៅអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផលិតកម្មជំនួស ដោយទាក់ទាញដោយប្រាក់ឈ្នួលប្រកួតប្រជែង ការកែលម្អបទប្បញ្ញត្តិអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនតម្រូវការក្នុងស្រុក។ តួលេខនៅក្នុប្រទេសសិង្ហបុរីបានឱ្យដឹងថា មានការវិនិយោគបរទេសប្រមាណ ១០០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១។ ឧស្សាហកម្មសំខាន់ៗសម្រាប់ការវិនិយោគនៅក្នុងប្រទេសសិង្ហបុរីរួមមាន បច្ចេកវិទ្យាព័ត៌មាន អវកាស អេឡិចត្រូនិច ឱសថ និងសេវាកម្មវិជ្ជាជីវៈ។
 
ចំណែក FDI សរុបនៅក្នុងឥណ្ឌូណេស៊ីគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ បានឈានដល់ ១០,៨ពាន់លានដុល្លារ។ ទោះ​បី​ជា​តួលេខ​ផ្លូវ​ការ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ក៏​ដោយ រដ្ឋាភិបាល​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​បាន​សម្រេច​គោល​ដៅ​។ សម្រាប់ឆ្នាំ ២០២៣ រដ្ឋាភិបាលមានគោលបំណងបង្កើនគោលដៅវិនិយោគបរទេស និងក្នុងស្រុករបស់ខ្លួនឱ្យដល់ ៩២ពាន់លានដុល្លារ។
 
ខណៈវៀតណាមផ្តល់ឱកាសឱ្យវិនិយោគិនចូលទៅកាន់ឧស្សាហកម្មប្រកួតប្រជែងអន្តរជាតិជាច្រើន និងផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែសម្បូរបែប និងភាពប្រាកដប្រជាជាងប្រទេសចិន។ ស្របពេលមានសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន វៀតណាមបានលេចចេញជាប្រទេសផ្គត់ផ្គង់ផលិតផលឈើជំនួសចិន។ អាម៉េរិកគឺជាទីផ្សារគោលដៅសំខាន់សម្រាប់ការនាំចេញផលិតផលឈើរួចទៅហើយ។ ស្រដៀងគ្នានេះដែរ ឧស្សាហកម្មវាយនភណ្ឌរបស់វៀតណាមមានភាពទាក់ទាញកាន់តែខ្លាំងឡើង បន្ទាប់ពីច្បាប់ដែលបានអនុម័តនៅអាម៉េរិក ទាក់ទងនឹងពលកម្មដោយបង្ខំ និងកប្បាសដែលមានប្រភពមកពីស៊ីនជាំងរបស់ប្រទេសចិន។
 
ទន្ទឹម​នឹង​នេះ ថៃ​ជា​អ្នក​ទទួល​ការ​វិនិយោគ​របស់​ចិន​មួយ​រយៈ​មក​ហើយ។ ប្រទេសនេះគឺជាចំណុចស្នូលនៃប្លុកអាស៊ាន ហើយមានសារៈសំខាន់ចំពោះផែនការរដ្ឋរបស់ចិនសម្រាប់ការតភ្ជាប់ពិភពលោក ក៏ដូចជាការវិនិយោគឯកជនផងដែរ។ អ្នកវិនិយោគឯកជនកំពុងមើលឃើញប្រទេសថៃកាន់តែខ្លាំងឡើងថាជាគោលដៅវិនិយោគសម្រាប់ការផ្តួចផ្តើមនៅក្នុង crypto, fintech, blockchain និង AI ក៏ដូចជាការថែទាំសុខភាព និងទេសចរណ៍។
 
ការបើកប្រទេសឡើងវិញរបស់ចិន  
 
កំណើនសេដ្ឋកិច្ចរបស់ចិន គឺជាផ្នែកមួយនៃភូមិសាស្រ្ត និងបណ្តាញពាណិជ្ជកម្មដែលពាក់ព័ន្ធនឺងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ ឥទ្ធិពល​នៃ​ការ​បើក​ដំណើរការ​វិញ​ភ្លាមៗ​របស់​ចិន​ទំនងជានឹងពង្រីកការស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាតម្រូវការធ្លាក់ចុះ។
 
ទិន្នន័យរបស់ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចចិនបានងើបឡើងវិញដល់ ៤,៣ ភាគរយក្នុងឆ្នាំ ២០២៣ ពីខុសពីការព្យាករកាលពីឆ្នាំ២០២២ ត្រឹមតែ ២,៧ភាគរយ ។ 
 
ខណៈពេលដែលវិស័យមួយចំនួននៅក្នុងសេដ្ឋកិច្ចអាស៊ានមួយចំនួនអាចត្រូវបានគេមើលឃើញថាជាអ្នកទទួលផលសុទ្ធពីបញ្ហាប្រឈមផ្ទៃក្នុងរបស់ចិន និងសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក ការកែលម្អកំណើនរបស់ចិនមានភាពវិជ្ជមានសម្រាប់តំបន់អាស៊ាន៕
 

Tag:
 អាស៊ាន ចិន កំណើន អាម៉េរិក ADB IMF FDI
© រក្សាសិទ្ធិដោយ thmeythmey.com