អន្តរជាតិ
តៃវ៉ាន់ ស្នើអាល្លឺម៉ង់ជួយរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់
11, Jan 2023 , 10:39 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី១០ ខែមករា បានស្នើឱ្យអាល្លឺម៉ង់ជួយរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់។ លោកស្រី Tsai ស្នើបែបនេះអំឡុងពេលជួបក្រុមសមាជិកសភាជាន់ខ្ពស់អាល្លឺម៉ង់ដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់។



ស្ថានភាពជុំវិញកោះតៃវ៉ាន់មិនធូរស្រាលឡើយចាប់តាំងពីកោះនេះស្វាគមន៍ដំណើរទស្សនកិច្ចរបស់សភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីឆ្នាំ២០២២ ដោយយោធាចិននៅតែបន្តសកម្មភាពនៅជុំវិញកោះតៃវ៉ាន់មិនដែលដាច់។ មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ក៏អំពាវនាវឱ្យប្រទេសក្រៅតំបន់ជួយរក្សាស្ថានភាពកុំឱ្យកាន់តែក្ដៅ។ 
 
នាជំនួបជាមួយសមាជិកសភាអាល្លឺម៉ង់ដែលទៅទស្សនកិច្ចតៃវ៉ាន់ លោកស្រី Tsai ក៏បានអំពាវនាវឱ្យអាល្លឺម៉ង់ជួយរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់។ លោកស្រី Tsai ក៏បានលើកឡើងពីការរួបរួមគ្នានៃប្រទេសប្រជាធិបតេយ្យដើម្បីប្រឆាំងការពង្រីកអំណាចផ្ដាច់ការផងដែរនាជំនួបនៅការិយាល័យប្រធានាធិបតី។
 
«យើងទន្ទឹងរង់ចាំពេលតៃវ៉ាន់ អាល្លឺម៉ង់ និងដៃគូប្រជាធិបតេយ្យផ្សេងទៀតរួមគ្នារក្សាសណ្តាប់ធ្នាប់ និងភាពរុងរឿងក្នុងតំបន់»។ លោកស្រី Tsai លើកឡើងបែបនេះ ដោយបានរៀបរាប់ផងដែរពីការខិតខំរបស់តៃវ៉ាន់ក្នុងការការពារខ្លួន។ ចាប់ពីឆ្នាំ២០២៤ ទៅ កាតព្វកិច្ចយោធារបស់ប្រជាជនតៃវ៉ាន់នឹងត្រូវបន្លាយឱ្យដល់មួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនការពារមាតុភូមិ និងការពារលទ្ធិប្រជាធិបតេយ្យ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី Marie-Agnes Strack-Zimmermann ជាប្រធានគណៈកម្មាធិការការពារជាតិអាល្លឺម៉ង់ បានប្រាប់លោកស្រី Tsai ថា អាល្លឺម៉ង់ និងតៃវ៉ាន់ជាមិត្តនឹងគ្នា។ លោកស្រី Strack-Zimmermann សង្កត់ធ្ងន់ថា ទង្វើឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានដាស់តឿនដល់ពិភពលោកទាំងមូល ហើយវាជាហេតុផលមួយជំរុញលោកស្រីឱ្យមកទស្សនកិច្ចនៅតៃវ៉ាន់ដើម្បីប្រាប់ទៅពិភពលោកវិញថា អាល្លឺម៉ង់នឹងឈរជាមួយគ្នាក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។
 
ខណៈពេលដែលអាល្លឺម៉ង់ ក៏ដូចជាប្រទេសភាគច្រើនឯទៀតដែរមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ទីក្រុងបែរឡាំងកំពុងដាក់យុទ្ធសាស្រ្តថ្មីអំពីទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងមានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់អាស៊ីមួយនេះ។
 
យ៉ាងណាមិញ មិនខុសពីរាល់ដង ​ចិន​បង្ហាញអារម្មណ៍ខឹង​សម្បារយ៉ាងខ្លាំង។ ​ក្រសួង​ការ​បរទេសចិនបានថ្កោលទោសភ្លាមៗចំពោះទស្សនកិច្ចនេះ ហើយថែមទាំងលើកឡើងពីប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី​ពីរទៀតផង៕ 
 

Tag:
 តៃវ៉ាន់
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com