អន្តរជាតិ
ប្រេស៊ីល ចេញដីកាចាប់មន្រ្តីធំៗ ក្រោយការអុកឡុកនៅវិមានប្រធានាធិបតី សភា និងតុលាការ
11, Jan 2023 , 11:29 am        
រូបភាព
អតីតរដ្ឋមន្រ្តីយុត្តិធម៌ប្រេស៊ីល លោក Anderson Torres។ រូបភាព Reuters
អតីតរដ្ឋមន្រ្តីយុត្តិធម៌ប្រេស៊ីល លោក Anderson Torres។ រូបភាព Reuters
តុលាការកំពូលប្រេស៊ីល នៅថ្ងៃទី១០ ខែមករា បានចេញដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ ក្រោយក្រុមអ្នកតវ៉ាអុកឡុកវិមានរដ្ឋាភិបាល សភា និងតុលាការកំពូល។ ក្នុងកុបកម្មនេះ ប៉ូលិសប្រេស៊ីល ក៏បានចាប់ខ្លួនមនុស្សជាច្រើនរូបផងដែរ។

 
ក្រោយហេតុការណ៍កុបករអុកឡុកវិមានប្រធានាធិបតី សភា និងតុលាការ មនុស្សចំនួន ១៥០០រូបត្រូវបានចាប់ខ្លួន និងនាំទៅបណ្ឌិត្យសភាប៉ូលិស។ ទន្ទឹមនេះ មន្រ្តីប៉ូលិសប្រេស៊ីល បានអះអាងថា មនុស្សជិត ៦០០នាក់ ត្រូវបាននាំទៅកន្លែងឃុំឃាំងផ្សេងទៀត ដែលប៉ូលិសមានរយៈពេល ៥ថ្ងៃ ដើម្បីធ្វើបទចោទ។ 
 
ស្របគ្នានេះ តុលាការកំពូលប្រេស៊ីល ក៏បានចេញដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ផងដែរ។ ចៅក្រម Alexandre de Moraes នៅថ្ងៃទី១០ ខែមករា បានយល់ព្រមចេញដីការចាប់ខ្លួនលើលោក Anderson Torres ប្រធានសន្តិសុខសាធារណៈនៃក្រុងប្រាស៊ីលីយ៉ា និងលោក Fabio Augusto​ មេបញ្ជាការប៉ូលិសយោធា។ នេះបើតាមមន្រ្តីតុលាការប្រេស៊ីល ដែលសុំមិនបញ្ចេញឈ្នោះបានប្រាប់សារព័ត៌មាន Washington Post។ លោក Anderson Torres ត្រូវបានបណ្តេញចេញពីតំណែងក្រោយពេលកុបកម្មកើតឡើង។ 
 
មុនការចេញដីកានេះ មន្រ្តីច្បាប់សហព័ន្ធក្នុងសន្តិសុខសាធារណៈ បានចោទលោក Torres ថាបានរៀបចំប្រតិបត្តិការបំផ្លិចបំផ្លាញជាប្រព័ន្ធ។ បើតាមមន្រ្តីរូបនេះ លោក Torres​ មានការខ្វះខាតក្នុងការចេញបញ្ចា មុនពេលវិមានប្រធានាធិបតី សភា និងតុលាការកំពូលត្រូវបានក្រុមកុបករចូលគ្រប់គ្រង។ 
 
យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានលោក Torres ដែលជាប្រធានសន្តិសុខសាធារណៈនៃក្រុងប្រាស៊ីលីយ៉ា ច្រានចោល និងចាត់ទុកជាការទាញសម្មតិកម្មមិនសមហេតុផល ដែលលោកបានចូលរួមក្នុងកុបកម្មនោះ។ 
 
គួររំឮកថា កុបកម្ម ដែលឈានទៅដល់ការអុកឡុកនៅវិមានប្រធានាធិបតី សភា និងតុលាការកំពូលនេះ ធ្វើឡើងក្រោយហេតុផលការបោះឆ្នោតមានការក្លែងបន្លំ។ លោក Luiz Inacio Lula da Silva បានឈ្នះការបោះឆ្នោតជុំចុងក្រោយទល់នឹងលោក ជែ បុលសូណារ៉ូ ក្នុងសំឡេង ៥០,៩ភាគរយ និង៤៩,១ភាគយ។ កុបកម្មនេះ កើតឡើងត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ក្រោយលោក Lula ស្បថចូលកាន់តំណែងជាប្រធានាធិបតី៕
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com