អន្តរជាតិ
អាស៊ាន
រដ្ឋមន្រ្តីការបរទេសចិន អបអរលោក កៅ គឹមហួន ដែលជាអគ្គលេខាធិការអាស៊ានថ្មី
11, Jan 2023 , 11:59 am        
រូបភាព
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) និងលោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) និងលោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន​ លោក ឈីន កាង បានផ្ញើសារអបអរលោក កៅ គឹមហួន ដែលបានចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN នៅថ្ងៃទី១០ ខែមករា។ បើតាមលោកឈីន ចិន កំពុងរង់ចាំធ្វើការជាមួយអគ្គលេខាធិការអាស៊ានថ្មី ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។



 
លោក កៅ គឹមហួន ចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានផ្លូវការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយមានទីស្នាក់ការនៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ លោកក្លាយជាជនជាតិខ្មែរដំបូងបំផុតដែលកាន់តំណែងជាអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈកន្លងមក លោក គង់ ភោគ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ បានកាន់តំណែងជាអគ្គលេខាធិការរង។
 
ក្រោយលោកកៅ គឹមហួន ចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានផ្លូវការ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានផ្ញើសារអបអរសាទរ។ 
 
«ខ្ញុំត្រៀមខ្លួនក្នុងការមានទំនាក់ទំនងធ្វើការដ៏ល្អមួយជាមួយអគ្គលេខាធិការ លោក កៅ គឹមហួន»។ លោក ឈីន បានបញ្ជាក់បែបនេះ ដោយបន្តថា ចិន-អាស៊ាន នឹងបន្តផ្តោតលើការកសាងសន្តិភាព វិបុលភាព មិត្តភាព និងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន រួមទាំងកសាងសហគមន៍អាស៊ាន-ចិន ដ៏ជិតស្និទ្ធ។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន បានចាត់ទុកអាស៊ានជាអង្គការតំបន់ដ៏សំខាន់មួយ និងសន្យាលើកតម្កើងសន្តិសុខក្នុងតំបន់ ស្ថិរភាព និងវិបុលភាព៕ 
 
 

Tag:
 ចិន
  អាស៊ាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com