អន្តរជាតិ
WHO ជំរុញអ្នកដំណើរពាក់ម៉ាស់ ខណៈជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងរាលដាលខ្លាំង
11, Jan 2023 , 2:44 pm        
រូបភាព
អង្គការសុខភាពពិភពលោក ជំរុញឱ្យប្រទេសនានាគួរតែពិចារណាណែនាំអ្នកដំណើរពាក់ម៉ាស់ឱ្យបានជាប់លាប់ពេលហោះហើរ ដោយសារបច្ចុប្បន្នវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី XBB.1.5 កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅ២៥ប្រទេស។



ស្ថានភាពឆ្លងកូវីដ-១៩ ក្នុងពិភពលោកបានថមថយមួយរយៈក្រោយប្រទេសនីមួយៗចាត់វិធានការទប់ស្កាត់បានល្អ។ យ៉ាងណាមិញ វីរុសបង្កជំងឺនេះមិនទាន់បាត់មុខទៅឡើយ ពិសេសវីរុសបំប្លែងខ្លួនប្រភេទថ្មីផ្ទុះឡើងបន្តបន្ទាប់។ កាលពីសប្ដាហ៍មុន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអះអាងថា វីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីស្រឡាយអូមីក្រុង XBB.1.5 កំពុងឆ្លងរាលដាលទៅប្រទេសប្រហែល២៥ហើយ។
 
ដោយមើលឃើញពីស្ថានភាពមិនសូវល្អ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាសាររំលឹកដល់បណ្ដាប្រទេសទូទាំងពិភពលោកឱ្យណែនាំអ្នកធ្វើដំណើរពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងជាប់លាប់ពិសេសពេលហោះហើរផ្លូវឆ្ងាយដែលប្រឈមហានិភ័យខ្ពស់។
 
«នេះគួរតែជាការណែនាំសម្រាប់អ្នកដំណើរមកពីគ្រប់ទីកន្លែងដែលមានការរីករាលដាលជំងឺកូវីដ-១៩»។ មន្ត្រីជាន់ខ្ពស់ផ្នែកអាសន្នរបស់ WHO ប្រចាំនៅអឺរ៉ុប លោកស្រី Catherine Smallwood លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ។ លោកស្រី Smallwood ក៏បានបញ្ជាក់ចំពោះការធ្វើតេស្តមុនចេញដំណើរដោយណែនាំឱ្យបណ្តាប្រទេសពិនិត្យមើលឱ្យបានត្រឹមត្រូវ ហើយត្រូវអនុវត្តវិធានការនេះចំពោះអ្នកដំណើរដោយមិនប្រើអាកប្បកិរិយារើសអើង។ 
 
មន្ត្រីសុខាភិបាលរបស់ WHO បានអះអាងថា វីរុសបំប្លែងថ្មី XBB.1.5 ជាប់ស្រឡាយអូមីក្រុងដែលចម្លងទៅមនុស្សច្រើនបំផុតគិតចាប់តាំងពីបានរកឃើញនៅខែតុលា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ ករណីកូវីដ-១៩ បង្កដោយវីរុសនេះមានជិត២៨ភាគរយឯណោះនៃករណីឆ្លងថ្មីក្នុងរយៈពេល១សប្ដាហ៍ដើមឆ្នាំ២០២៣ នៅអាម៉េរិក។ 
 
ជុំវិញការវាយតម្លៃសមត្ថភាពឆ្លងរបស់វីរុសបំប្លែងថ្មី XBB.1.5 អ្នកជំនាញមិនទាន់ដឹងច្បាស់ឡើយថាវាអាចបង្កឱ្យមានការឆ្លងជាសកលដែរឬយ៉ាងណា។ ប៉ុន្តែអ្នកជំនាញបាននិយាយាថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បច្ចុប្បន្ននៅតែមានប្រសិទ្ធភាពប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ការតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។
 
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន XBB.1.5 មានសមត្ថភាពចម្លងរហ័សដោយវាជាបន្សំរវាងវីរុសបំប្លែងខ្លួនស្រឡាយអូមីក្រុងពីរផ្សេងទៀត។ ការណែនាំដើម្បីទប់ស្កាត់ការរាលដាលវីរុស XBB.1.5 កើតឡើង ស្របពេលចិនដែលកំពុងមានស្ថានភាពកូវីដ-១៩ យ៉ាប់យ៉ឺននោះ បានសម្រេចបើកប្រទេស បិទបញ្ចប់គោលនយោបាយសូន្យកូវីដជាស្ថាពរ។ បច្ចុប្បន្ន វីរុសបំប្លែងថ្មី XBB.1.5 មានវត្តមាននៅអាម៉េរិក ចិន កូរ៉េខាងត្បូង ឥណ្ឌា និងសិង្ហបុរីជាដើម៕ 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com