អន្តរជាតិ
លោកយូន៖ ការអភិវឌ្ឍនុយក្លេអ៊ែរកូរ៉េខាងជើង គំរាមកំហែងដោយផ្ទាល់លើកូរ៉េខាងត្បូង​ និងសម្ព័ន្ធមិត្ត
11, Jan 2023 , 5:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុកយ៉ល នៅថ្ងៃទី១០ ខែមករា បានលើកឡើងថា ការបាញ់មីស៊ីល និងមហិច្ឆតាលើនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងសកម្មភាពបង្ករឿងផ្សេងទៀត ធ្វើឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរ ហើយអាចឈានទៅដល់ការគិតខុស និងសង្រ្គាមកាន់តែធំ។ បើតាមប្រមុខរដ្ឋរូបនេះ ការអភិវឌ្ឍនុយក្លេអ៊ែរកូរ៉េខាងជើង បង្កការគំរាមកំហែងដោយផ្ទាល់លើកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន។

 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១០ ខែមករា បានផ្តល់កិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ជុំវិញបញ្ហាជាច្រើន ជាពិសេសការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងមកលើប្រទេសខ្លួន។ 
 
«ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បង្កការគំរាមកំហែងដោយផ្ទាល់ដល់អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន»។ មេដឹកនាំកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ហើយបានបន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ ដើម្បីប្រឆាំងនឹងស្ថានភាពគ្រោះថ្នាក់ ដែលបង្កើតដោយក្រុងព្យុងយ៉ាង។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋកូរ៉េខាងត្បូង បានយល់ថា ស្ថានភាពគ្រោះថ្នាក់ទាំងនោះ អាចបង្កឱ្យមានការយល់ខុស និងមានសង្រ្គាមកាន់តែធំ។ បើតាមលោកយូន ដោយសារការយល់ខុស ទើបសង្រ្គាមជាច្រើនបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្ត។ 
 
មិនតែប៉ុណ្ណោះ លោកយូន បានបកស្រាយថា កូរ៉េខាងជើងអាចមានហេតុផលផ្ទាល់ខ្លួន ជុំវិញសកម្មភាពបង្ករឿងនេះ ប៉ុន្តែកូរ៉េខាងត្បូង និងអាម៉េរិក មិនអាចយល់ច្បាស់ពីបញ្ហានោះឡើយ។ ត្រង់ចំណុចនេះ មេដឹកនាំកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពអរិភាព និងភាពខុសច្បាប់របស់ក្រុងព្យុងយ៉ាង មានតែធ្វើឱ្យក្រុងសេអ៊ូល ត្រូវពង្រឹងសន្តិសុខផ្ទាល់ខ្លួន និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិក និងជប៉ុនប៉ុណ្ណោះ។ 
 
ក្នុងកិច្ចសម្ភាសនោះ អ្នកសារព័ត៌មាន AP ក៏បានសួរលោកយូនជុំវិញសមយុទ្ធយោធាជាមួយអាម៉េរិក រួមទាំង សមយុទ្ធ Tabletop Exercises និងសមយុទ្ធតាមប្រព័ន្ធកុំព្យួទ័រផង។ ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរ កំពុងដំណើរការ ហើយលោកយូន យល់ថា កិច្ចសហប្រតិបត្តិការបែបនេះ គួរតែកើតមាន ដោយសារតែ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន រងការគំរាមកំហែងពីក្រុងព្យុងយ៉ាងដូចគ្នា។ 
 
មួយថ្ងៃក្រោយកិច្ចសម្ភាសនោះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងនៅក្នុងរបាយការណ៍មួយដាក់ទៅលោកយូន ថា កូរ៉េខាងត្បូង និងអាម៉េរិក គ្រោងធ្វើសមយុទ្ធយោធានៅខែកុម្ភៈ ក្រោមហេតុការណ៍កូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊េរ។ ជុំវិញកិច្ចសហប្រតិបត្តិការនេះ សមយុទ្ធ Tabletop Exercises ក៏អាចប្រព្រឹត្តឡើងដែរ រួមទាំងការបាញ់ផ្កាយរណបឃ្លាំមើលយោធា និងការសាកល្បងរ៉ុក្កែតអវកាស៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com