ជាតិ
អត្ថបទពាណិជ្ជកម្ម
ABA ក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា 2023
12, Jan 2023 , 11:39 am        
រូបភាព
ធនាគារ​ ABA ​ដែលជា​ធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ក្នុងនាមជា ដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល” សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023។
 
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភថវិកា និង​ផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដែលមានទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។



ធនាគារ ក៏នឹងឧបត្ថម្ភបន្ថែមជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងទឹកប្រាក់ដែលស្មើថវិកាកៀរគរបាន នៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com ហើយទឹកប្រាក់បន្ថែមនេះ កំណត់ផ្ដល់ជូនរហូតដល់ 150,000 ដុល្លារអាមេរិក។
 
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
 
លោក Askhat Azhikhanov ​មានប្រសាសន៍ក្នុងព្រឹត្តិការណ៍សំខាន់នេះថា “យើងពិតជាមានមោទនភាពដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងព្រឹតិ្តការស៊ីហ្គេម។ វាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គួបផ្សំនឹងស្ថិរភាពនយោបាយរបស់កម្ពុជា។ ក្នុងនាមជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម ​ ABA បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសជាតិ។ ការគាំទ្រវិស័យកីឡា រួមទាំងយុវជន និង កីឡាករ កីឡាការិនីយមានពិការភាព គឺផ្នែកមួយនៃការប្ដេជ្ញាចិត្តលើទំនួលខុសត្រូវសង្គមរបស់ធនាគារយើង ចំពោះប្រជាពលរដ្ឋ។ ដូច្នេះហើយ ការចូលរួមគាំទ្រព្រឹត្តិការណ៍ប្រវតិសាស្រ្តស៊ីហ្គេមនៅកម្ពុជានេះ គឺជាកាយវិការដ៏សមស្របសម្រាប់ ABA។ ក្រៅពីភាពជាដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល យើងនឹងប្រើប្រាស់បណ្តាញរបស់យើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ស្មារតីកីឡា និងបញ្ជ្រាបព័ត៌មានអំពីព្រឹតិ្តការណ៍នេះដល់ប្រជាពលរដ្ឋកម្ពុជាទាំងមុនពេលប្រកួត និងអំឡុងពេលប្រកួត។​


 
ឯកឧត្តម វ៉ាត់ ចំរើន ស្វាគមន៍ធនាគារ ABA ជាដៃគូចលនឧបត្ថម្ភ និងសម្តែងមោទនភាពដែលក្រុមហ៊ុនឯកជន បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស។ “ថ្ងៃនេះ គឺជាសក្ខីកម្មមួយ មិនមែនតែរឿងការទទួលបាននូវចំណូលជាសាច់ប្រាក់ប៉ុណ្ណោះទេ តែយើងទទួលបាននូវការរួមគ្នាធ្វើឲ្យគុណតម្លៃនៃព្រឹត្តិការណ៍ កាន់តែខ្ពស់ថែមទៀត គឺយើងនឹងធ្វើការជាមួយគ្នា ក្នុងការសម្រួលដល់ការរៀបចំឲ្យមានដំណើរការនៃការចាយវាយថវិការបស់ប្រតិភូទាំងអស់ ដែលអញ្ជើញមក ក្នុងប្រតិបត្តិការមួយដ៏ល្អ ហើយទៅដល់ដៃអ្នកចូលរួមទាំងអស់” លោកបន្ថែម។
 
“ជួសមុខឲ្យគណៈកម្មាធិការជាតិ CAMSOC, ខ្ញុំសូមថ្លែងអំណគុណដល់ធនាគារ ABA ដែលបាន​ចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងវិស័យកីឡានៅកម្ពុជាទាំងអស់” លោកបន្ថែម។
ស៊ីហ្គេមនឹងក្លាយជាព្រឹត្តិការណ៍ដំបូងក្នុ​ងប្រវត្តិសាស្ដ្រដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី 5-17 ឧសភា 2023 និងអាស៊ានប៉ារ៉ា   ហ្គេមពីថ្ងៃទី 3-9 មិថុនា។
ធនាគារ ABA បាននឹងកំពុងបន្ដគាំទ្រដល់វិស័យកីឡាស្របតាមគុណតម្លៃនៃសាជីវកម្មទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ជាក់ស្ដែង ធនាគារ បានឧបត្ថម្ភដល់សហព័ន្ធយូដូកម្ពុជា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា និងតែងតែគាំទ្រដល់ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា។
 


(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 ABA
© រក្សាសិទ្ធិដោយ thmeythmey.com