ជាតិ
សង្គមជាតិ
ក្រុមប៉ូលិសផ្នែកគ្រឿងញៀន ច្រឡំវាយខ្នោះជនគ្មានកំហុស ត្រូវថ្នាក់លើដាក់ពិន័យ
13, Jan 2023 , 12:59 pm        
រូបភាព
សកម្មភាពក្រុមប៉ូលិសផ្នែកគ្រឿងញៀន ចាប់វាយខ្នោះបុរសរត់កង់បី ដែលគ្មានកំហុស។ រូបពីវីដេអូលើបណ្តាញសង្គម
សកម្មភាពក្រុមប៉ូលិសផ្នែកគ្រឿងញៀន ចាប់វាយខ្នោះបុរសរត់កង់បី ដែលគ្មានកំហុស។ រូបពីវីដេអូលើបណ្តាញសង្គម
ដោយ៖ ទេពញាណ 

ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពិន័យលើមន្រ្តីនគរបាលផ្នែកគ្រឿងញៀនមួយក្រុម ដោយសារច្រឡំចាប់វាយខ្នោះបុរសម្នាក់ជាអ្នករត់កង់បី (ផាស់អាប់) ដែលមិនបានប្រព្រឹត្តបទល្មើសគ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយមន្ទីរប្រឆាំងគ្រឿងញឿននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។



ក្រុមនគរបាល ដែលច្រឡំចាប់វាយខ្នោះបុរសរត់កង់បី បម្រើការងារនៅការិយាល័យស្រាវជ្រាវនៃមន្ទីរប្រឆាំងគ្រឿងញឿន។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន ជាបឋម ពួកគេ រងពិន័យ២យ៉ាង។ ទី១ ពួកគេ ត្រូវបញ្ជូនទៅអង្គភាពតម្រួតបញ្ជា ដើម្បីពិចារណាកំហុស។ ទី២ ក្រុមប្រឹក្សាវិន័យផ្នែកនគរបាល នឹងពិនិត្យ ហើយស្នើឲ្យដាក់ពិន័យជាក់ស្តែងលើពួកគេបន្ថែមទៀត។ មើលតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មាននេះ ពួកគេ ហាក់ពុំទាន់ទទួលពិន័យអ្វីជាក់លាក់នៅឡើយទេ។ 
 
ហេតុការណ៍ខាងលើ កើតឡើង នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ សកម្មភាពអំពីក្រុមប៉ូលិស ចាប់វាយខ្នោះបុរសរត់កង់បីដែលគ្មានកំហុស ត្រូវបានគេថតជាវីដេអូ និងបង្ហោះលើបណ្តាញសង្គម ដូចជាហ្វេសប៊ុក និងតិចតុក ជាដើម។ បុរសរត់កង់បីដែលជាជនរងគ្រោះ បានបង្ហោះវីដេអូខ្លី១លើបណ្តាញសង្គម ដើម្បីរៀបរាប់ពីហេតុការណ៍នេះ។ 
 
គាត់ និយាយថា គាត់ បានដឹកភ្ញៀវទៅភូមិតាងួត២ ហើយពេលដាក់ភ្ញៀវ និងរៀបចេញមកវិញ គាត់ ក៏ត្រូវក្រុមនគរបាល ចាប់វាយខ្នោះដោយគ្មានសួររកហេតុផល និងបង្ខំឲ្យគាត់ចូលទៅក្នុងរថយន្ត។ គាត់ បន្តថា ពេលនោះ គាត់ បដិសេធមិនព្រមចូលក្នុងរថយន្តរបស់នគរបាលនោះទេ និងបានស្រែកឲ្យប្រជាជពលរដ្ឋជួយ។ គាត់ បន្ថែមថា ដោយសារបានប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាទៅជួយ ទើបគាត់បានរួចខ្លួន។ គាត់ អះអាងថា ពេលដោះខ្នោះចេញពីដៃគាត់ នគរបាល មិនបានសុំទោស១ម៉ាត់ឡើយ។ គាត់ ប្រាប់ថា គាត់ ឈឺចាប់យ៉ាងខ្លាំង ចំពោះការរងភាពអយុត្តិធម៌នេះ។

គាត់ រៀបរាប់ដូច្នេះថា៖«ឥឡូវ ខ្ញុំ សម្រេចចិត្តថា ខ្ញុំ ធ្វើដំណើរទៅស្រុកកំណើតវិញហើយ។ ខ្ញុំ ទៅធ្វើស្រែចម្ការ ខ្ញុំ អត់ហ៊ានរត់ផាស់អាប់ទៀតទេ។ ដោយសារអី? [ប៉ូលិស] គាត់ ចោទខ្ញុំហ្នឹងថា ជក់គ្រឿងញៀន ទិញគ្រឿងញៀន។ ប៉ុន្តែ គាត់ អត់មានភស្តុតាងអីសោះ។ [...] ខ្ញុំ ខំថែរក្សាកិត្តិយសរបស់ខ្ញុំ ខំថែមែនទែន តែលទ្ធផលចុងក្រោយ គាត់ យកខ្នោះមកវាយដៃខ្ញុំ ហើយខ្ញុំ មិនមានកំហុសទាល់សោះ ហើយគាត់ ប្រើពាក្យថា គាត់ច្រលំ»។ 
 
ស្រ្តីម្នាក់ បាននិយាយតាមវីដេអូថា ទោះបានដោះលែងបុរសអ្នករត់កង់បី តែក្រុមនគរបាល បានយកកាបូបរបស់គាត់។ នាង បន្តថា ពេលនោះ ប្រជាពលរដ្ឋ បាននាំគ្នាស្ទាក់រថយន្តរបស់នគរបាល ដើម្បីទាមទារយកកាបូបឲ្យបុរសរត់កង់បីវិញ រហូតដល់ក្រុមនគរបាល យល់ព្រមប្រគល់កាបូបនោះ តែបាត់លុយ៤០ដុល្លារពីកាបូប។ នាង លើកឡើងទៀតថា ដោយសារប្រជាពលរដ្ឋ មិនសុខចិត្ត និងបន្តទាមទារ ទើបក្រុមនគរបាល ប្រគល់ប្រាក់៤០ដុល្លារនោះទៅឲ្យបុរសរត់កង់បីវិញ។ 
 
វីដេអូរបស់នាង ដែលបង្ហោះលើបណ្តាញសង្គម ត្រូវគេចែករំលែកយ៉ាងព្រោងព្រាត និងត្រូវមន្ទីរប្រឆាំងគ្រឿងញៀន យកធ្វើជាគោលក្នុងការស្រាវជ្រាវពីករណីនេះ។ មន្ទីរប្រឆាំងញៀន ទទួលស្គាល់ថា ក្នុងការអនុវត្តភារកិច្ច ក្រុមនគរបាលខាងលើ ពិតជាបានល្មើសនឹងវិន័យ វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
 
មន្ទីរប្រឆាំងញៀនញៀន បានអរគុណចំពោះកិច្ចសហការ ការផ្តល់ព័ត៌មាន និងការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកការផ្តល់ព័ត៌មាន និងការរិះគន់ទាំងនោះ ថាបានចូលរួមសម្អិតសម្អាងមន្រ្តីនគរបាលរបស់ខ្លួន។ មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសថា រង់ចាំទទួលព័ត៌មាននិងកិច្ចសហការពីមជ្ឈដ្ឋាននានាបន្តទៀត៕  
 
 
 
 

Tag:
 ចាប់ច្រឡំ
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com