អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យទ្វីបអាហ្វ្រិកមានសំឡេងកាន់តែធំឡើងនៅក្នុងអភិបាលកិច្ចសាកល
14, Jan 2023 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Mahamat Faki ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្រ្វិក នៅរដ្ឋធានីអាឌីសអាបាបា (Addis Ababa) នៃប្រទេសអេត្យូពី កាលពិថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Mahamat Faki ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្រ្វិក នៅរដ្ឋធានីអាឌីសអាបាបា (Addis Ababa) នៃប្រទេសអេត្យូពី កាលពិថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
ដោយ: VOA
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះថា ទ្វីបអាហ្វ្រិកគួរតែមានសំឡេងកាន់តែធំជាងនេះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងនៅក្នុងអង្គការអន្តរជាតិដទៃផ្សេងៗទៀតផងដែរ ដែលនេះជាការទាមទារយូរមកហើយពីមេដឹកនាំរបស់ទ្វីបនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។



លោក Qin បានអំពាវនាវដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយក្រោយពេលលោកបានជួបប្រជុំជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក ដែលបានសម្តែងនូវការមិនសប្បាយចិត្តទៅលើអ្វីដែលលោកនិយាយថាជាការផាត់ចេញនូវទ្វីបអាហ្វ្រិកពីអភិបាលកិច្ចជាអន្តរជាតិ។
 
«យើងគួរតែជំរុញនូវសំឡេងនិងតំណាងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសក្នុងទ្វីបអាហ្វ្រិកទៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិដទៃផ្សេងៗទៀត»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិនរូបនេះ នៅក្នុងពិធិសម្ពោធទីស្នាក់ការធំនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺ ក្នុងរដ្ឋធានីអាឌីសអាបាបា (Addis Ababa) នៃប្រទេសអេត្យូពី ដែលគម្រោងសាងសង់មជ្ឈមណ្ឌលនេះត្រូវបានផ្តល់ថវិកាដោយប្រទេសចិន។
 
ប្រធានគណៈកម្មការសហភាពអាហ្វ្រិកលោក Moussa Mahamat Faki និយាយថា វាជារឿងអយុតិ្តធម៌ ដែលទ្វីបអាហ្វ្រិកមិនមានអាសនៈអចិន្ត្រៃយ៍មួយនៅក្នុងអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលរបស់ពិភពលោក។
 
លោកបន្តទៀតថា៖ «អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងទៅនេះ យើងបានប្រឹងប្រែងតវ៉ាដើម្បីឱ្យមានកំណែទម្រង់មួយ នៅក្នុងប្រព័ន្ធស្ថាប័នអន្តរជាតិទាំងមូលជាពិសេសក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្តង»។
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកសរុបទាំងអស់ ១៥ ប្រទេស ដែលក្នុងនោះ ៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ដែលមានសំឡេងបោះឆ្នោតប្រឆាំង ឬវ៉េតូ ដែលក្នុងនោះមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំងនិងចក្រភពអង់គ្លេស។
 
ចំណែកឯសមាជិក ១០ ទៀត ជាប្រទេសដែលត្រូវចូលបំពេញក្នុងរយៈពេល ២ ឆ្នាំម្តង ហើយក្នុងចំណោមប្រទេសទាំង ១០ នេះ មាន ៥ ប្រទេសនឹងត្រូវប្រកាសផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin ដែលបានធ្វើដំណើរទៅក្រៅប្រទេសជាលើកទី ១ បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន បានជំរុញឱ្យប្រទេសក្នុងទ្វីបអាហ្វ្រិកធ្វើការរួមគ្នា ដើម្បីធ្វើឱ្យមានប្រព័ន្ធអភិបាលកិច្ចសាកល ដែលមានលក្ខណៈយុត្តិធម៌និងសមធម៌កាន់តែខ្លាំងឡើងថែមទៀត។
 
លោកបាននិយាយថា៖ «ទ្វីបអាហ្វ្រិកគួរត្រូវក្លាយជាវេទិកានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនជាទីតាំងសម្រាប់ការប្រកួតប្រជែងរវាងប្រទេសសំខាន់ៗនោះទេ»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com