អន្តរជាតិ
ក្រុមហ៊ុនផ្ញើប្រាក់ Western Union ចាប់ផ្តើមដំណើរការឡើងវិញពីសហរដ្ឋអាមេរិកទៅប្រទេសគុយបា
16, Jan 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ អតិថិជនម្នាក់ដើរចេញពីកន្លែងផ្ញើឬផ្ទេរប្រាក់របស់ក្រុមហ៊ុន Western Union នៅទីក្រុង Havana នៃប្រទេសគុយបា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ អតិថិជនម្នាក់ដើរចេញពីកន្លែងផ្ញើឬផ្ទេរប្រាក់របស់ក្រុមហ៊ុន Western Union នៅទីក្រុង Havana នៃប្រទេសគុយបា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។
ដោយ: VOA
ក្រុមហ៊ុនផ្ញើប្រាក់ Western Union បានប្រកាសថា ខ្លួននឹងបើកដំណើរការឡើងវិញនូវសេវាកម្មផ្ញើឬផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបា ដែលត្រូវបានផ្អាកអស់រយៈពេលពីរឆ្នាំ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកបានបង្ខំឱ្យក្រុមហ៊ុនផ្ញើប្រាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ត្រូវបិទការប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសកុម្មុយនីស្តមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។


 
ការបើកដំណើរការឡើងវិញនូវសេវាកម្មផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបានៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ញើប្រាក់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គេ ដោយថ្លែងថា អ្នកផ្ញើឬផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកត្រូវបានកំណត់មិនឱ្យផ្ញើហួសពី ២.០០០ ដុល្លារអាមេរិកទេ ក្នុងមួយថ្ងៃ ហើយអាចធ្វើការផ្ញើឬផ្ទេរប្រាក់បាន នៅតាមទីកន្លែងកំណត់មួយចំនួនប៉ុណ្ណោះក្នុងទីក្រុង Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិក។
 
ប្រធានក្រុមហ៊ុនផ្ញើប្រាក់ Western Union ប្រចាំទ្វីបអាមេរិកខាងជើងលោក Gabriella Fitzgerald បាននិយាយថា៖ «ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងអតិថិជនក្នុងសហរដ្ឋអាមេរិក និងក្រុមគ្រួសារសាច់ញាតិរបស់គេក្នុងប្រទេសគុយបា ក៏ដូចជាសេវាកម្មរបស់ក្រុមហ៊ុនយើង ដែលបានជួយធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរនោះ មានភាពទាក់ទងគ្នាមិនអាចកាត់ផ្តាច់បានឡើយ។ យើងមានក្តីសប្បាយរីករាយ ក្នុងការផ្តល់ទំនាក់ទំនងដ៏ជិតស្និទ្ធនេះឡើងវិញជាថ្មីម្តងទៀត សម្រាប់អតិថិជនរបស់យើង»។
 
គុយបាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរចាប់តាំងពីទសវត្សរ៍ ១៩៩០ មក ហើយពលរដ្ឋរបស់ខ្លួនក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុនបានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
ប្រាក់ដែលផ្ញើពីសហរដ្ឋអាមេរិកទៅកាន់គុយបានោះត្រូវបានគេប៉ាន់ស្មានថាមានចំនូនប្រមាណ ៦ ភាគរយនៃចំនួនផលទុនសរុប GDP របស់គុយបាទាំងមូលរហូតដល់ឆ្នាំ ២០២០ កន្លងទៅនៅពេលដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្ញើប្រាក់ Fincimex ដែលជាក្រុមហ៊ុនដៃគូផ្ញើប្រាក់របស់ក្រុមហ៊ុន Western Union នៅក្នុងប្រទេសគុយបា ដោយចោទប្រកាន់ក្រុមហ៊ុននេះថាបានជួយដល់ក្រុមយោធារបស់ប្រទេសនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com