អន្តរជាតិ
ក្រសួងការពារជាតិអង់គ្លេសថា រុស្ស៊ីទំនងជាប្រើប្រាស់កម្លាំងអ្នកទោសក្នុងពន្ធនាគារ ដើម្បីឆ្លើយតបតម្រូវការផលិតអាវុធរបស់ខ្លួន
15, Jan 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ទាហានរុស្ស៊ីស្តាប់បទបញ្ជាការនៅលើរថក្រោះមួយ ក្នុងអំឡុងហ្វឹកហ្វឺន នៅតំបន់ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២។
រូបឯកសារ៖ ទាហានរុស្ស៊ីស្តាប់បទបញ្ជាការនៅលើរថក្រោះមួយ ក្នុងអំឡុងហ្វឹកហ្វឺន នៅតំបន់ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២។
ដោយ: VOA
 ក្រសួងការពារជាតិចក្រភពអង់គ្លេសនិយាយថា វិស័យផលិតសព្វាវុធការពារជាតិរុស្ស៊ីទំនងជាត្រូវការកម្លាំងពលកម្មរបស់អ្នកទោសក្នុងពន្ធនាគារដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការផលិតក្នុងអំឡុងពេលសង្គ្រាម។ នេះបើតាមរបាយការណ៍ស៊ើបការណ៍មួយ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃសុក្រ ស្តីពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។


 
របាយការណ៍ស៊ើបការណ៍ដែលត្រូវបានបង្ហោះនៅលើ Twitter បានបញ្ជាក់ថា៖ «កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ រោងចក្រផលិតរថក្រោះដ៏ធំបំផុតមួយរបស់រុស្ស៊ីដែលមានឈ្មោះ Uralvagonzavod (UVZ) បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ខ្លួននឹងជួលបុគ្គលិកជាអ្នកទោសប្រមាណ ២៥០ នាក់ បន្ទាប់ពីកិច្ចប្រជុំជាមួយផ្នែកសេវាកម្មព្រហ្មទណ្ឌសហព័ន្ធរួចមក»។
 
ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា៖ «ការប្រើប្រាស់កម្លាំងអ្នកទោសក្នុងគុក គឺជាប្រភពធនធានមនុស្សដ៏ពិសេសមួយសម្រាប់មេដឹកនាំរុស្ស៊ីក្នុងការគាំទ្រនូវប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ខណៈពេលដែលអ្នកស្ម័គ្រចិត្តពុំមានចំនួនគ្រប់គ្រាន់»។
 
ក្រសួងនេះក៏បានបញ្ជាក់ផងដែរថា៖ «ការប្រើប្រាស់ពលកម្មអ្នកជាប់ពន្ធនាគារទំនងជាកើតមានឡើងដោយមានតម្រូវការចាំបាច់ក្នុងការផលិតអាវុធ ដែលមានលក្ខណៈបច្ចេកទេសទាប ដូចជារោងចក្រផលិតរថគ្រោះប្រភេទ UVZ ជាដើមដែលជាសម្ពាធមួយដ៏ខ្លាំងពីរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការបង្កើនការផលិតផលអាវុធរបស់ខ្លួននោះ»។
 
ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Malyar បាននិយាយនៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងទីក្រុង Soledar ក៏ប៉ុន្តែកងទ័ពអ៊ុយក្រែននៅតែក្រាញននៀលតស៊ូកាន់កាប់ទីក្រុងនោះដដែល។
 
លោកស្រីបានលើកឡើងដូចនេះ គឺមួយថ្ងៃបន្ទាប់ពីមានការអះអាងដោយខុសៗគ្នា អំពើថា តើអ្នកណាជាអ្នកគ្រប់គ្រងទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែនរហូតមកដល់ពេលនេះ។
 
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពនៃការប្រយុទ្ធគ្នាក្នុងទីក្រុង Soledar នោះ កំពុងមានការប្រែប្រួលជាខ្លាំង ហើយបរិយាកាសនិងការប្រយុទ្ធកំពុងមានសភាពក្លៀវក្លានៅឡើយ បើទោះបីជាមានរបាយការណ៍ថា ទីក្រុងនេះបានធ្លាក់ក្នុងដៃរបស់កងទ័ពរុស្ស៊ីហើយក៏ដោយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com