អន្តរជាតិ
សាកលវិទ្យាល័យ Indiana ថា និស្សិតម្នាក់រងការវាយប្រហារដោយសារនាងជាជាតិសាសន៍អាស៊ី
× នៅក្នុងរូបថតដែលផ្ដល់ឱ្យដោយប៉ូលិសក្នុងទីក្រុង Bloomington រដ្ឋ Indiana បង្ហាញពីជនឈ្មោះ Billie Davis ដែលត្រូវបានចោទប្រកាន់ថាបានចាក់និស្សិតម្នាក់នៅលើរថយន្ដក្រុង កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។
ស្ត្រីវ័យ ៥៦ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីនិស្សិតស្រីវ័យ ១៨ ឆ្នាំម្នាក់នៃសាកលវិទ្យាល័យ Indiana ត្រូវបានចាក់ចំក្បាលជាច្រើនដងនៅលើរថយន្ដក្រុងនៅក្នុងការវាយប្រហារមួយដែលសាកលវិទ្យាល័យនេះថាដោយសារតែជនរងគ្រោះគឺជាជាតិសាសន៍អាស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ជនរងគ្រោះបានថ្លែងប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងកំពុងឈររង់ចាំឱ្យទ្វារបើកចេញនៅលើរថយន្ដក្រុង Bloomington Transit កាលពីរសៀលថ្ងៃពុធសប្ដាហ៍មុន នៅពេលដែលអ្នកដំណើរម្នាក់ទៀតបានចាប់ផ្ដើមវាយប្រហារដោយចាក់ចំក្បាលរបស់នាង។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប៉ូលិសនៅក្នុងទីក្រុង Bloomington។
វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើរថយន្ដក្រុងនោះបានបង្ហាញថា គ្មានការទាក់ទងគ្នាណាមួយរវាងស្ត្រីទាំងពីរនាក់នោះនៅមុនការវាយប្រហារកើតឡើងនោះឡើយ។
សាក្សីម្នាក់ដែលនៅពេលនោះកំពុងជិះនៅក្នុងរថយន្ដក្រុងនោះផងដែរបានតាមស្ត្រីដែលបានវាយប្រហារនិស្សិតស្រីរូបនោះ និងបានទាក់ទងទៅប៉ូលិស។ ក្រោយមក ប៉ូលិសបានចាប់ខ្លួនស្ត្រីរូបនោះដែលមានឈ្មោះ Billie R. Davis រស់នៅក្នុងទីក្រុង Bloomington។ ឯកសារពីតុលាការបានបង្ហាញថា ជនឈ្មោះ Davis នេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតនិងការវាយដំធ្ងន់ធ្ងរ។
ជនរងគ្រោះបានទទួលការព្យាបាលនៅមន្ទីរពេទ្យមួយដោយសារមុខរបួសដែលបណ្ដាលមកពីការចាក់ជាច្រើនកន្លែង។ ឈ្មោះរបស់នាងមិនត្រូវបានគេបញ្ចេញជាសាធារណៈនោះទេ។
ឯកសារពីតុលាការបង្ហាញថា ជនឈ្មោះ Davis បាននិយាយថា ខ្លួនវាយប្រហារសំដៅលើជនរងគ្រោះនោះដោយសារតែជាតិសាសន៍របស់នាង។ នេះបើយោងតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ WNDU-TV។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីកាន់តែច្រើនឡើងបានក្លាយជាគោលដៅនៃការបំពាននិងការវាយប្រហារបែបរើសអើងជាតិសាសន៍ ជាពិសេសចាប់តាំងពីមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ មក៕
© រក្សាសិទ្ធិដោយ thmeythmey.com