អន្តរជាតិ
រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ស្វែងរក​ការគាំទ្រ​ដល់​អ៊ុយក្រែន​ថែមទៀត​ពី​អាមេរិក​និង​កាណាដា
18, Jan 2023 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក James Cleverly ថ្លែង​នៅ​សភា​ក្នុង​ទីក្រុងឡុងដ៍ នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ (សភា​ចក្រភព​អង់គ្លេស/Jessica Taylor/តាមរយៈ Reuters)
រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក James Cleverly ថ្លែង​នៅ​សភា​ក្នុង​ទីក្រុងឡុងដ៍ នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ (សភា​ចក្រភព​អង់គ្លេស/Jessica Taylor/តាមរយៈ Reuters)
ដោយ: VOA
រដ្ឋមន្ត្រីក្រសួង​ការបរទេសចក្រភព​អង់គ្លេស​លោក​ James Cleverly ​នឹង​ស្វែង​រក​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​បន្ថែម​ទៀត​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កាណាដា ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​មុនខួប​មួយ​ឆ្នាំ​នៃ​ការ​ចូល​ឈ្លានពានរបស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

 
ចក្រភព​អង់គ្លេស​គឺ​ជាអ្នក​គាំទ្រ​ដ៏​រឹង​មាំ​មួយរបស់​រដ្ឋាភិបាល​ក្រុង​កៀវ​ ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២មក​ ហើយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​អង់គ្លេស​ បានសន្យាថា​នឹង​បញ្ជូន​រថគ្រោះប្រភេទ Challenger 2 ​របស់​ខ្លួន​ចំនួន​១៤​គ្រឿង​ និង​អាវុធ​ធន់ធ្ងន់​ដទៃ​ទៀតទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។​
 
ដោយ​ឡែក​ប្រទេស​អាល្លឺម៉ង់​ឯណោះ​វិញ កំពុង​ស្ថិតក្រោម​សម្ពោធ​ឱ្យ​បញ្ជូន​រថគ្រោះប្រភេទ Leopard 2 របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ផង​ដែរ​ ប៉ុន្តែ​រដ្ឋាភិបាល​របស់ប្រទេស​នេះ​និយាយ​ថា​ ការ​ផ្តល់​រថគ្រោះ​ប្រភេទ​នេះទៅ​ឱ្យ​អ៊ុយក្រែន​នោះ លុះត្រា​តែ​មានកិច្ចព្រមព្រៀងក្នុង​ចំណោម​សម្ពន្ធមិត្ត​របស់​អ៊ុយក្រែន​ជា​មុន​សិន​ ជា​ពិសេស​សហរដ្ឋ​អាមេរិកតែ​ម្តង។​
 
លោក​ Cleverly នឹង​ប្រាប់​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Antony Blinken និង​រដ្ឋមន្ត្រី​កាណាដា​ លោក​ស្រី​ Melanie Joly ថា​ នេះ​ជាពេលវេលាដ៏​សមស្រប​មួយដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​ប្រទេស​អ៊ុយក្រែនឱ្យ​កាន់​តែ​ខ្លាំង​និង​លឿន​ជាង​មុន។​
 
លោក Cleverly បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ «ពេល​នេះ​យើង​រួម​គ្នា​ប្រឆាំងនឹង​សង្គ្រាមខុសច្បាប់​របស់​លោក Putin ហើយ​យើង​នឹង​បន្ត​ប្រើប្រាស់នូវទំនាក់ទំនង​ផ្នែកសន្តិសុខ​និងការពារ​ដ៏​រឹង​មាំ​របស់​យើង​ ​ក្នុង​ការ​ធានា​ថា​ នៅ​ទី​បំផុត​ ពលរដ្ឋ​អ៊ុយក្រែន​ នឹង​ទទួល​បាន​ជ័យ​ជម្នះ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com