ជាតិ
ចូលឆ្នាំចិន៖ និស្សិតចិននៅកម្ពុជា នឹកស្រុកកំណើត
20, Jan 2023 , 11:09 am        
រូបភាព
ភ្នំពេញ៖ និស្សិតចិន ដែលកំពុងបន្តការសិក្សានៅកម្ពុជា នឹកនាដល់ស្រុកកំណើត នាអំឡុងពេលចូលឆ្នាំ។ ពួកគេ បានត្រឹមភ្នកគិតដល់ទិដ្ឋភាពជួបជុំគ្រួសារ ។

 
សព្វដង នៅពេលចូលឆ្នាំចិន ក្នុងគ្រួសាររបស់ ចំណេះ និង ផល្លី ក៏ដូចជាគ្រួសារជនជាតិចិនដទៃទៀតដែរ គឺតែងជួបជុំគ្នា ដើម្បីរៀបចំពិធីអបអរចូលឆ្នាំថ្មី។ ដោយឡែក នៅឆ្នាំនេះ ចំណេះ និងផល្លី ដែលជានិស្សិតចិន សិក្សាជំនាញអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានខកខានការជួបជុំ។ 
 

កញ្ញា ចំណេះ និស្សិតចិនផ្នែកអក្សរសាស្រ្តខ្មែរនៅកម្ពុជា។ រូបផ្ដល់ឲ្យពី ចំណេះ
 
ចំណេះ ជាឈ្មោះខ្មែរ របស់ កញ្ញា Zhang Wenqi ដែលនិស្សិតឆ្នាំទី៤។ នៅពេលនិយាយដល់គ្រួសារ  និងការប្រារព្វពិធីបុណ្យចូលឆ្នាំចិន និស្សិតសម្បុរ «ស» រូបនេះប្រាប់ថា នឹកអ្នកផ្ទះខ្លាំងណាស់។ អង្គុយនៅតុកាហ្វេជជែកពីការនឹកនាគ្រួសារ កញ្ញាវ័យ២១ឆ្នាំរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖
«ខ្ញុំនឹកអ្នកផ្ទះណាស់ ប៉ុន្តែ មិនបានទៅប្រទេសចិនទេ»។ 
 
កញ្ញា ចំណេះ និយាយទាំង ញញឹម ដោយលាយលំជាមួយអារម្មណ៍តានតឹងថា ហេតុផលដែលខ្លួន សម្រេចមិនទៅលេងស្រុកកំណើត ដោយសារពិបាកសុំការអនុញ្ញាតធ្វើដំណើរទៅវិញទៅមក ។ កញ្ញា បញ្ជាក់បែបនេះ៖ «ដោយសារតែ យើងជានិសិ្សតអាហារូបករណ៍ ត្រូវស្នើសុំការធ្វើដំណើរ ឈប់សម្រាក បែបបទច្រើន នៅពេលការចាំបាច់ត្រូវធ្វើដំណើរទៅណាមួយណាម្ដង ទើបយើងសម្រេចមិនលេងផ្ទះពេលចូលឆ្នាំចិននេះ»។ 
 
រាល់ពេលចូលឆ្នាំចិន គ្រួសាររបស់ យុវជន ផល្លី តែងតែជុំគ្នាប្រារព្វពិធី និងបរិភោគអាហារ។ លើសពីនេះ ពួកគេក៏បានទៅតាមប្រាសាទ ឬវិហារ ដើម្បីដើរលេងកម្សាន្ត និងសុំសេចក្ដីសុខជាមួយគ្នាផងដែរ។ កាន់តែជិតដល់ថ្ងៃចូលឆ្នាំ និស្សិតជនជាតិចិន រៀនអក្សរសាស្ត្រខ្មែរ ឆ្នាំទី៣ រូបនេះ កាន់តែនឹកស្រុកកំណើត។ 
 
«ជិតដល់ថ្ងៃចូលឆ្នាំ ខ្ញុំកាន់តែនឹកផ្ទះ ចង់ជួបឪពុកម្ដាយខ្ញុំណាស់»។ និស្សិតវ័យ២២ឆ្នាំ ផល្លី ដែលមានឈ្មោះភាសាចិន Li Kvu លើកឡើងបែបនេះ។ 
 
ដ្បិតនឹកផ្ទះ តែនិស្សិតទាំងពីរ ក៏រីករាយដែរ ព្រោះអំឡុងពេលស្នាក់នៅ និងសិក្សារៀនសូត្រ នៅកម្ពុជា ពួកគេបានស្គាល់និស្សិតកម្ពុជាជាច្រើន រួមទាំងនិស្សិតចិនដទៃទៀតផងដែរ។ អំឡុងពេលចូលឆ្នាំចិននៅកម្ពុជា និស្សិតទាំងពីររូបនេះ មានគម្រោងដើរលេងនៅជុំវិញទីក្រុងភ្នំពេញ ជាមួយនិស្សិតចិនដទៃទៀត ដើម្បីកម្សាន្តសប្បាយ៕ 
 

Tag:
 និស្សិតចិន
© រក្សាសិទ្ធិដោយ thmeythmey.com