ជាតិ
ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលពាក្យបណ្ដឹង ចំនួន៥៣ ក្រោយបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតលើកដំបូង
20, Jan 2023 , 9:29 pm        
រូបភាព
ពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតនាពេលកន្លងមក។
ពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតនាពេលកន្លងមក។
ភ្នំពេញ៖ គិតត្រឹមថ្ងៃ១៩មករា ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស ទទួលបានពាក្យបណ្ដឹងជុំវិញបញ្ចីឈ្មោះបោះឆ្នោតចំនួន៥៣ ដែលភាគច្រើន គឺខុសឈ្មោះ លេខអត្តសញ្ញាប័ណ្ណ និងភេទជាដើម។

 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា បណ្ដឹងចំនួន៥៣នេះ ជាលក្ខណៈបណ្ដឹងតវ៉ា ចំនួន៤៩ និងប្ដឹងជំទាស់មាន៤បណ្ដឹង។ ដោយឡែក នៅថ្នាក់កម្រិតគ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។ 
 
ចំពោះ បណ្ដឹងតវ៉ារបស់ពលរដ្ឋ ភាគច្រើនលើការខុសឈ្មោះ ខុសលេខអត្តសញ្ញាប័ណ្ណ និងភេទជាដើម។ ពួកគេ ស្នើឲ្យមានការកែតម្រូវ ដើម្បីផលប្រយោជន៍និងសិទ្ធិបោះឆ្នោតរបស់ពួកគេ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យ គ.ជ.ប ។
 
ថ្លែងបានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២០ មករានេះ លោក ពុទ្ធា បានឲ្យដឹងថា៖ «បណ្ដឹងដែលទទួលបាន គឺដោះស្រាយបានជាង៥០ភាគរយហើយ។ បណ្ដឹងទាំងអស់នៅពេល មានត្រឹមថ្នាក់ឃុំ-សង្កាត់ ហើយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំមានពាក្យបណ្ដឹងឡើយ។ ដូច្នេះ បើគ្មានបណ្តឹងបន្ថែមធ្ងន់ធ្ងរទេនោះ ជាការប៉ាន់ស្មាន បណ្ដឹងទាំងអស់អាចដោះស្រាយហើយនៅមុនតាមពេលកំណត់ រួមជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោតផងដែរ»។ 
 
បើតាមលោក ហង្ស ពុទ្ធា ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈប់ទទួលពាក្យបណ្ដឹង ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតលើកដំបូង នៅថ្ងៃទី២៣មករា។ ចំណែកការដោះស្រាយប​ណ្ដឹងនោះ យ៉ាងយូរបញ្ចប់នៅត្រឹមថ្ងៃទី២១ កុម្ភៈ។ 
 
បើតាម គ.ជ.ប ការដាក់ ,ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងជំទាស់ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ មាន៣ថ្នាក់។ ដំណាក់កាលទី១ ការដាក់ និងការទទួលពាក្យបណ្តឹងនៅ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ។ ការដោះស្រាយពាក្យបណ្តឹងនេះ មានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។  
 
ដំណាក់កាលទី២ ការដាក់ និងការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលសម្រង់សេចក្ដីសម្រេចពីក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
 
ដំណាក់កាលទី៣ ការដាក់ និងការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលសម្រង់សេចក្ដីសម្រេចរបស់ គ.ជ.ប ។ ការដោះស្រាយពាក្យបណ្តឹងមាន រយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
 
គ.ជ.ប បានឱ្យដឹងថា ដំណើរការនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ 
 
សូមជម្រាបថា បញ្ជីឈ្មោះបោះឆ្នោតដំបូងដែលបានបិទផ្សាយ មានពលរដ្ឋជាង៩.៧លាននាក់។ ចំណែក ឈ្មោះអ្នកត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមានជាង២៧ម៉ឺននាក់ ដែលភាគច្រើន ផ្ទេរទីលំនៅ ស្លាប់ ស្ទួន និងដកសិទ្ធិបោះឆ្នោតជាដើម៕
 

Tag:
 បញ្ជីឈ្មោះបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com