ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងនាំចេញទំនិញទៅចិន នឹងកើនឡើងវិញ នៅឆ្នាំ២០២៣
21, Jan 2023 , 3:00 pm        
រូបភាព
ទង់ជាតិកម្ពុជា_ និង ចិន។ រូបថត៖ Xinhua
ទង់ជាតិកម្ពុជា_ និង ចិន។ រូបថត៖ Xinhua
២០២២ ជាឆ្នាំដំបូងដែលកម្ពុជា-ចិន អនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(CC-FTA)។ កិច្ចព្រមព្រៀងនេះ​ជំរុញឱ្យប្រទេសទាំងពីរសម្រេចទំហំពាណិជ្ជកម្ម បាន ១១ ៦៨៦លានដុល្លារអាម៉េរិក។ ទំហំពាណិជ្ជកម្មនេះ កើនឡើងក្នុងរង្វង់៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។

 
 
ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ពេញមួយឆ្នាំ២០២២ កម្ពុជា បាននាំទំនិញចូលពីប្រទេសចិន គឺមានទំហំទឹកប្រាក់ដល់១០ ៤៤៥លានដុល្លារអាម៉េរិក។ ទំហំនៃការនាំចូលនេះ គឺកើនក្នុងអត្រា៧,៩ភាគរយ ខណៈការនាំចេញរបស់កម្ពុជាទៅចិនវិញ បែរជាធ្លាក់ដល់អត្រា១៧,៩ភាគរយ ធៀបនឹងឆ្នាំ២០២១។ 
 
អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចការនាំចេញទៅទីផ្សារប្រទេសចិន បានតម្លៃត្រឹមតែជាង១ ២៤០លានដុល្លារប៉ុណ្ណោះ។
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មដែលកម្ពុជា-ចិនសម្រេចបាននេះ​ គឺបង្ហាញយ៉ាងច្បាស់នូវភាពវិជ្ជមានដ៏ល្អប្រសើរ បើទោះបីការនាំចេញរបស់កម្ពុជា ទៅប្រទេសចិនមានជួបនូវឧបសគ្គមួយចំនួនក៏ដោយ។ 
 
បើតាមលោក សុវិជាតិ​ កត្តាធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅទីផ្សារចិនមានការធ្លាក់ចុះនោះ គឺដោយសារ​រដ្ឋបាលគយប្រទេសចិន បានរឹតត្បិតការនាំទំនិញចូលពីបរទេស​ តាមរយៈការអនុវត្តគោលនយោបាយគ្មានកូវីដ-១៩​ (Zero Covid)។ ទន្ទឹមនេះ ការកើនឡើងខ្ពស់នៃ​ថ្លៃដឹកជញ្ជូនទំនិញ, ការប្រែប្រួលពីតម្រូវការទីផ្សារ ដោយសារតែសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន រួមទាំងកម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមិនទាន់ពេញលេញនោះ ក៏ជាមូលហេតុចម្បងធ្វើឱ្យការនាំទំនិញទៅទីផ្សារចិនមានការធ្លាក់ចុះ ផងដែរ។ 
 
យ៉ាងណាមិញ លោករដ្ឋលេខាធិការ និងជានាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបង្ហាញ​នូវសុទិដ្ឋនិយមខ្ពស់ថា​ សម្រាប់ឆ្នាំ២០២៣ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញរបស់កម្ពុជា នឹងមានកំណើន​ល្អប្រសើរឡើងវិញ។ លោក សុវិជាតិ បន្តថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ «កំណើននៃការនាំចេញរបស់កម្ពុជានោះ គឺត្រង់ថា ចិនបានអនុញ្ញាតឱ្យយើងនាំចូលកសិផលជាបន្តបន្ទាប់ ដូចជាចេក ស្វាយ មៀនប៉ៃលិន ម្រេច...ជាដើម។ ជាងនេះទៅទៀត! សព្វថ្ងៃយើងក្រៅតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនហើយនោះ ក៏មានអាសិបដែលជាការជំរុញយ៉ាងខ្លាំងដល់ការនាំចេញរបស់យើងទៅទីផ្សារចិន ដែរ»។​ 
 
ជាមួយគ្នានេះ លោក លឹម ហេង  អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) នឹងធ្វើឱ្យកម្ពុជាកាន់តែសក្កានុពលក្នុងការចេញទៅប្រទេសចិន បន្ទាប់រដ្ឋាភិបាលប្រកាសលុបចោលនូវគោលនយោបាយសូន្យកូវីដ​ កាលពីថ្ងៃទី៨មករា ឆ្នាំ២០២៣។​ 
 
«យើងរំពឹងលើកិច្ចព្រៀមព្រៀងទាំង២នេះ ដើម្បីជំរុញការនាំចេញរបស់យើង បន្ទាប់ពីអនាគតយើងបាត់បង់ទាំងស្រុងនូវEBAពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាម៉េរិក»។ លោកលឹម ហេង ថ្លែងបែបនេះកាន់សារព័ត៌មានថ្មីៗ ដោយបន្តថា​៖ «អនាគត គឺយើងរំពឹងយ៉ាងចាំបាច់លើកិច្ចព្រៀមព្រៀងសេរីនានា ជាមួយកូរ៉េខាងត្បូង ឈានដល់ជាមួយជប៉ុន ឥណ្ឌា ឬអេមីរ៉ាតអារ៉ាប់រួម​ ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិយើងបន្តទៀត»។​
 
បើតាមលោក លឹម ហេង ខាងអគ្គនាយកជំរុញពាណិជ្ជកម្មរបស់ចិន បានប្តេជ្ញាក្នុងការទិញកសិផលនានាពីកម្ពុជាឱ្យកាន់បានតែច្រើន និងជួយសម្របសម្រួលលើកិច្ចការបច្ចេកទេស ឬ បែបបទពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា។ លោកបានបញ្ជាក់ថា៖«ខាងចិននឹងជួយសម្រួលបែបបទនាំចេញពីកម្ពុជាទៅចិន ដោយធ្វើយ៉ាងម៉េចឱ្យបានលឿនបំផុត ដើម្បីជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ»។ 
 
សម្រាប់ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបានប្រយោជន៍លើកិច្ចព្រមព្រៀងសេរីពីចិនឱ្យបានច្រើនជាអតិបរិមា  កម្ពុជា គឺត្រូវខិតខំបង្កើនកិច្ចសហការជាមួយវិនិយោគិនចិន ក្នុងការជំរុញការកែច្នៃ និងវេចខ្ចប់ នូវផលិតផលកសិកម្មនានាដែលមានលក្ខណៈស្តង់ដារឆ្លើយតបការនាំចេញ។  ការនាំចេញនោះ ត្រូវធ្វើយ៉ាងណាឱ្យមានលក្ខណៈជាប្រព័ន្ធ។
 
«យើងត្រូវជំរុញដល់សហគ្រាសធុនតូច-មធ្យម(SMEs) ក្នុងស្រុកឱ្យបង្កើនភាពកែច្នៃផលិតផលកសិកម្មដែលមានសក្តានុពលនាំចេញ។ ​ការនាំចេញផលិតផលកែច្នៃ គឺជាផ្នែកមួយយ៉ាងសំខាន់ដោយភាគីពាក់ព័ន្ធនឹងទទួលបានតម្លៃបន្ថែម ជាជាងការនាំចេញផលិតផលស្រស់»។ នេះជាការលើកឡើងរបស់​ ហុង វណ្ណៈ ដោយបន្ថែម ក្រៅពីខិតខំ​ផលិត​/​កែច្នៃ​ផលិតផល​ក្នុងស្រុក កម្ពុជាក៏ត្រូវធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក លើ​ទីផ្សារ​នាំចូល ​ផងដែរ​។​
 
យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចពាណិជ្ជកម្មជាមួយប្រទេសក្នុងពិភពលោកបានជាង ៥២ ៤២៤លានដុល្លារ កើនក្នុងរង្វង់៩ភាគរយ។ ក្នុងនោះ ការនាំចេញសម្រេចបាន​ជិត ២២ ៤៨៣លានដុល្លារ កើន ១៦,៤ភាគរយ ខណៈការនាំចូលវិញ គឺមាន ២៩ ៩៤១លានដុល្លារ កើន​៤,៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចិនជាប្រទេសដែលមានទំហំពាណិជ្ជកម្ម​ធំលំដាប់លេខមួយ ជាមួយកម្ពុជា៕ 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com