ជាតិ
សេដ្ឋកិច្ច
ប្រធានសមាគមYEAC ៖ ធ្វើជំនួញមិនទំនោរតាមបែបខ្មែរ ឬចិនទេ តែត្រូវផ្ដោតលើផែនការសាកល និងទ្រឹស្តីពុទ្ធសាសនា
22, Jan 2023 , 9:30 am        
រូបភាព
លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា  ហៅកាត់ YEAC រូបភាពពី  សមាគមសហគ្រិនវ័យក្មេងកម្ពុជា
លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហៅកាត់ YEAC រូបភាពពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ហៅកាត់ថា YEAC បច្ចុប្បន្នមានសមាជិកជាង៦០០នាក់ ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មជាង ១ពាន់ក្រុមហ៊ុន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរយៈប្រព័ន្ធតេឡេក្រាម លោក ប៉ិច បូឡែន ប្រធានសមាគម ដែលទើបឡើងកាន់តំណែងថ្មីៗ បានឱ្យដឹងថា ទោះសមាជិកមួយចំនួនមានជាប់សែស្រឡាយចិន តែការធ្វើជំនួញមិនមានទំនោទៅរកបែបផែនដូនតាខ្មែរ ឬ ចិនទាំងស្រុងនោះទេ ពោលគឺ ទំនោរតាមបែបផែនសាកល និងទ្រឹស្តីពុទ្ធសាសនាច្រើន។ លោកសង្កត់ធ្ងន់ថា យើងជាខ្មែរ ទោះជាយ៉ាងណាក៏ធ្លាប់មានដូនតាខ្លាំង បានសាងអង្គរហើយដែរ។

     
 
ដើម្បីកាន់តែលំអិត សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង  លោក ប៉ិច បូឡែន  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយ កញ្ញា​ សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 
កញ្ញា សុង សុធាវី៖ ថ្មីៗនេះ លោកបានក្លាយជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានសមាជិកសរុបជិត៧០០នាក់ និងក្រុមហ៊ុនចម្រុះវិស័យជាច្រើនផងដែរ តើសមាជិកប៉ុន្មានភាគរយដែលជាប់សែស្រឡាញចិន?
 
លោក ប៉ិច បូឡែន៖  បាទ ជាការពិតសមាជិកសហគ្រិនវ័យក្មេងយើងមានសាខា៦ខេត្ត រាជធានីហើយ ដែលមានចំនួនសរុបជាង ៦០០នាក់ និងក្រុមហ៊ុនទាំងអស់ជាង១ពាន់ ដោយសារអ្នកខ្លះគាត់មានក្រុមហ៊ុនពី បី ក្នុងដៃ ហើយបើយើងនិយាយថាមានសមាជិកដែលជាប់សែចិនប៉ុន្មានភាគរយ គឺខ្ញុំពុំមានទិន្នន័យជាក់លាក់ណាមួយទេ ព្រោះមិនបានធ្វើការចុះស្រាវជ្រាវ និងបញ្ជីក្នុងដៃពីរឿងនេះ តែយើងអាចនិយាយបានថា ភាគច្រើនគឺមានអ្នកជាប់សែស្រឡាយចិនហ្នឹងហើយ។ 


លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា  ហៅកាត់ YEAC រូបភាពពី  សមាគមសហគ្រិនវ័យក្មេងកម្ពុជា

កញ្ញា សុង សុធាវី៖ ក្នុងនាមជាអ្នកដឹកនាំសមាគមនេះ លោកក៏មានបទពិសោធន៍ច្រើនទៅលើការធ្វើអាជីវកម្ម និងមានមុខជំនួញមួយចំនួនផងនៅក្នុងដៃ តើសមាជិក YEAC និយមធ្វើជំនួញតាមបែបផែនជនជាតិខ្មែរ ឬ ចិនច្រើនជាង ហើយបែបផែនទាំងពីរនេះមានលក្ខណៈពិសេស ប្លែកគ្នាដូចម្តេច?
 
លោក ប៉ិច បូឡែន៖  បើនិយាយពីរបៀបធ្វើជំនួញតាមបែបចិន ឬខ្មែរច្រើនជាង ខ្ញុំដូចពិបាកបែងចែកដែរ ព្រោះបើយើងមើលទៅវាមានគំរូអាជីវកម្មផ្សេងៗគ្នា។ យើងមើលទៅរបៀបរកស៊ីទាំងនេះវាបានចាក់ឬស តាំងពីជំនាន់ កុង ម៉ា ជីដូន ជីតា ដែលជាជនជាតិចិន តាំងពីដើមមកហើយ។ អ៊ីចឹង ទំនៀមទំលាប់ប្រពៃណីមួយចំនួនវាមានមកហើយជាមួយចិន ប៉ុន្តែយើងក៏មានឃើញហើយដែរ នូវការប្រើទស្សនវិទ្យារបស់ជនជាតិខ្មែរយើង ឬ ក៏ទ្រឹស្តីតាមបែបពុទ្ធសាសនា ខ្ញុំគិតថាអ៊ីចេះវិញ។ ឧទាហរណ៍ ដូចការចេះសន្សំកុសលផលបុណ្យ ការមាននូវគុណធម៌ មិនថាតែសម្រាប់ជីវិតផ្ទាល់ខ្លួន ឬក៏ការដឹកនាំមុខជំនួញទេ ព្រមទាំងការជួយគ្នាទៅវិញទៅមក។ល។ យើងមិនអាចចែកឱ្យដាច់បានឡើយ ថាត្រូវតែធ្វើតាមបែបផែនរបស់ចិន ឬ ខ្មែរយើង តែទំនោរនោះអាចថាទៅរកបែបផែនសាកលឯនោះទេ។ ធ្លាប់លឺពាក្យគេថា អ្នកដែលធ្វើកិច្ចការតស៊ូមូរដៃអាវ ច្រើនតែជាជនជាតិចិន ប៉ុន្តែដូនតាខ្មែរយើងពីមុនមក កសាងប្រាសាទអង្គរដ៏មហិមាបាន នោះដូចតែគ្នាហ្នឹង! ពេលខ្លះយើងភ្លេចនូវអ្វីដែលជាភាពល្អឯកដែលខ្លួនឯងមាន វប្បធម៌ប្រពៃណីដ៏ល្អរបស់យើង ហើយទៅលើកតម្កើងប្រពៃណីជនជាតិផ្សេងវិញ!   តាមពិតយើងសុទ្ធតែមានចំណុចខ្លាំងរបស់យើង ព្រោះបើយើងមើលទៅទំនៀមទំលាប់ខ្មែរយើងពីដើមមកគឺខ្លាំងៗណាស់ ល្អណាស់! តែណាស់តែយើងរៀនខុសទំនង នេះបន្តិច នោះបន្តិច ចេះតែចង់កូនកាត់ កំឡាយខ្លួនខុសរបៀបនោះទេ។ ប្រទេសនីមួយៗមានភាពល្អឯកខ្លួនឯង តែទាស់ត្រង់ថាបុគ្គលទេ ដែលមិនបានសិក្សាពីឬសគល់ ឬ ប្រវត្តិសាស្រ្តខ្លួនឯងទៅវិញ។ 
 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ហៅកាត់ថា YEAC រូបភាពពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

កញ្ញា សុង សុធាវី៖  ស្របពេលដែលប្រទេសកម្ពុជា និង ចិន រឹតបន្តឹងចំណងមិត្តភាព តើ YEAC នឹងត្រៀមខ្លួនយ៉ាងណាក្នុងការចូលរួមស្តារ និង អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយ អ្វីជាឱកាសសម្រាប់សហគ្រិនកម្ពុជា?
 
លោក ប៉ិច បូឡែន៖ បាទ ឥឡូវនៅពេលប្រទេសរបស់យើង បើកចំហរការវិនិយោគ និងកិច្ចព្រមព្រាងការវិនិយោគដៃគូជាមួយប្រទេសជាច្រើន  ដូចជា ចិន ជប៉ុន អាម៉េរិក កូរ៉េ ថៃ។ល។ យើងរមែងមានការបត់បែនអត្តចរិតការងារ និងបែបផែនសម្របទៅតាមប្រទេសទាំងនោះ ដើម្បីជាការរៀនសូត្រ ក៏ដូចជាការកសាងភាពជិតស្និទរវាងគ្នានិងគ្នាផងដែរ។ ពិសេសគឺរបត់នៃការធ្វើអាជីវកម្មតាមបែបសាកលភាវូបនីយ៍កម្មហ្នឹងហើយ។ ជាក់ស្តែង ទំនាក់ទំនងរវាងកម្ពុជា - ចិន គឺយើងត្រៀមហើយ ព្រោះប្រទេសចិនធំ ហើយនៅជិតយើង និងមានឱកាសវិនិយោគជាច្រើនមកពីប្រទេសមួយហ្នឹង។ ឥឡូវយើងបានបើកសាខាសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដើម្បីត្រៀមមើលថា តើជនជាតិចិនគាត់មកធ្វើអ្វីបន្ថែមទៀតនៅខេត្តព្រះសីហនុ? យើងបង្កើតគណៈកម្មការដែលទទួលបន្ទុកលើអ្នកវិនិយោគចិនហ្នឹង ផ្លូវមួយខ្សែក្រវ៉ាត់មួយពីមុនមក ហើយពេលនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចូលជាសម្ព័នសហគ្រិនវ័យក្មេងអន្តរជាតិ ដែលយុវជនចិនជាអ្នកផ្តួចផ្តើម។ ទាំងនេះ មិនមែនមានន័យថាជនជាតិចិនតែមួយមុខទេដែលយើងធ្វើការជិតស្និទនោះ  តែច្រើនប្រទេសដែលយើងស្វាគមន៍ គ្រាន់តែថាអ្នកណាមកមុន ហើយរួមកិច្ចសហការក្នុងន័យឈ្នះៗ យើងក៏គិតគូរទៅតាមហ្នឹងដែរ។ 
 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា  ហៅកាត់ថា  YEAC រូបភាពពី  YEAC

កញ្ញា សុង សុធាវី៖ ជាមួយគ្នានឹងឱកាសអភិវឌ្ឍន៍អាជីវកម្ម អ្វីជាការប្រុងប្រយ័ត្នក្នុងចំណងទាក់ទងមួយ
នេះ សម្រាប់ YEAC ជាមួយសហគ្រិនចិន?
 
លោក ប៉ិច បូឡែន៖ បើនិយាយពីរឿងប្រយ័ត្នជាមួយសហគ្រិនចិន ចិនក៏ប្រយ័ត្នជាមួយខ្មែរដែរ! សូម្បីតែយើងខ្មែររកស៊ីជាមួយគ្នាផង វាមិនសុទ្ធតែជាឱកាស ឬ ហានិភ័យទាំងអស់ទេ សំខាន់គឺភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក។ យើងត្រូវយល់ពីវប្បធម៌ចិន រៀនឱ្យចេះភាសាចិនខ្លះទៅ សម្រាប់អ្នករកស៊ី និងយុវជនខ្មែរយើង។ យើងត្រូវស្វែងយល់ពីតម្រូវការរបស់គាត់។ អ៊ីចឹង ការគាំទ្រគ្នារបស់ខ្មែរយើង គឺជាចំណុចស្នូលសម្រាប់ធ្វើការជាមួយជនជាតិដទៃ៕  

Tag:
 វិស័យសេដ្ឋកិច្ច
  SME
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com