ជាតិ
និស្សិតចិននៅ RUPP ថា ការរស់នៅកម្ពុជាមានសុវត្ថិភាព ហើយពោរពេញដោយភាពកក់ក្ដៅ
22, Jan 2023 , 8:00 pm        
រូបភាព
យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu រៀនអក្សរសាស្រ្តខ្មែរឆ្នាំទី៣(រូបខាងឆ្វេង) និងកញ្ញា ចំណេះ និស្សិតចិនផ្នែកអក្សរសាស្រ្តខ្មែរនៅកម្ពុជា។ រូបផ្ដល់ពី ផល្លី និង ចំណេះ
យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu រៀនអក្សរសាស្រ្តខ្មែរឆ្នាំទី៣(រូបខាងឆ្វេង) និងកញ្ញា ចំណេះ និស្សិតចិនផ្នែកអក្សរសាស្រ្តខ្មែរនៅកម្ពុជា។ រូបផ្ដល់ពី ផល្លី និង ចំណេះ
ភ្នំពេញ៖ និស្សិតចិន ដែលកំពុងបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ប្រាប់ដល់យុវជនឯទៀត ដែលមានបំណងបន្តការសិក្សានៅកម្ពុជា កុំព្រួយបារម្ភអំពីការរស់នៅប្រចាំថ្ងៃឡើយ ព្រោះភាគីកម្ពុជាយកចិត្តចំពោះសុវត្ថិភាពនិស្សិត។ កត្តាទាំងអស់នេះ ជំរុញឲ្យ កញ្ញា ចំណេះ និងយុវជន ផល្លី មានគម្រោងបន្តរស់នៅកម្ពុជា ក្រោយបញ្ចប់ការសិក្សា។

 
 
អរិយធម៌ និងសម្បត្តិវប្បធម៌ខ្មែរ ជាឫសគល់ចម្បងដែលទាក់ទាញចំណាប់អារម្មណ៍ឲ្យបរទេស ចង់ឈ្វេងយល់ និងសិក្សារៀនសូត្រ។ ចំណេះ ដែលជានិស្សិតចិនរៀនអក្សរសាស្ត្រខ្មែរឆ្នាំទី៤ នៅRUPP បានជាប់ចិត្តនឹងវប្បធម៌ខ្មែរ រួមមានការរស់នៅ ការនិយាយស្ដី ការគោរពគួរសមគ្នាទៅវិញទៅមក។ កញ្ញា ចំណេះ ដែលឈ្មោះជាភាសាចិន Zhang Wenqi ក៏ធ្លាប់បានទស្សនាអង្គរវត្ត តាំងពីវ័យកុមារនោះ បានកត់សម្គាល់ឃើញពីទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន មានភាពជិតដិត រួមទាំងវិស័យអប់រំផងដែរ។ មូលហេតុនេះហើយ ដែលកញ្ញា ចំណេះ សម្រេចចិត្ត បន្តការសិក្សាជំនាញអក្សរសាស្រ្តខ្មែរ។
 

កញ្ញា ចំណេះ និស្សិតចិនផ្នែកអក្សរសាស្រ្តខ្មែរនៅកម្ពុជា។ រូបផ្ដល់ឲ្យពី ចំណេះ

ប៉ុន្តែការសិក្សាជំនាញអក្សរសាស្ត្រខ្មែរ មិនមែនជារឿងងាយស្រួលឡើយ។ និស្សិតចិន វ័យ២១ឆ្នាំរូបនេះ បានជួបការលំបាកខ្លះៗ ក្នុងការសិក្សាពីអក្សរសិល្បិ៍ខ្មែរ អក្សរសំស្ក្រឹត និងពាក្យក្រៀមភាសាជាដើម។ តែយ៉ាងណា ចំណេះ មិនគិតថា បញ្ហាទាំងនេះ ជាឧបសគ្គសម្រាប់ការសិក្សារបស់ខ្លួនឡើយ។
 
ងាកមកនិយាយពីការរស់នៅវិញ ចំណេះ ពេញចិត្តពីរបៀបរបបរស់នៅរបស់ប្រជាជនកម្ពុជា។ កញ្ញាសម្គាល់ឃើញពលរដ្ឋកម្ពុជា មានភាពរួសរាយរាក់ទាក់ ហើយភាគច្រើនសុទ្ធតែចេះ និយាយភាសាចិននិងភាសាអង់គ្លេស បានបន្តិចបន្តួច ហើយខ្លះក៏អាចនិយាយបានច្រើន។ ចំណែកការចំណាយអំឡុងពេលស្នាក់នៅ ជានិស្សិតអាហារូបករណ៍នេះ គឺភាគីក្រសួងអប់រំ យុវជននិងកីឡា ផ្ដល់ថវិកាគាំទ្រគ្រាប់គ្រាន់។
 
ដោយសារមើលឃើញពីការរស់នៅកម្ពុជាមានសុវត្ថិភាព ហើយពោរពេញដោយភាពកក់ក្ដៅបែបនេះ ទើបកញ្ញា ចំណេះ ផ្ដាំទៅពលរដ្ឋ ក៏ដូចជានិស្សិតនៅប្រទេសចិនដទៃ ដែលមានបំណងមកសិក្សានៅទីនេះ កុំមានការព្រួយបារម្ភ។
 
ចំណេះ ដែលឈ្មោះជាភាសាចិន Zhang Wenq បាននិយាយថា៖ «នៅប្រទេសចិននិស្សិតចិនជាច្រើនដែរ បារម្ភថាប្រទេសខ្មែរអត់មានសុវត្ថិភាព។ ខ្ញុំនៅទីនេះ ខ្ញុំចង់ប្រាប់ថា អត់អីទេ យើងមិនបានដឹងរឿងច្បាស់ កុំមើលការពិតពីមាត់គេ ត្រូវជឿដោយភ្នែកខ្លួនឯង ទើបដឹងថា ប្រទេសខ្មែរជាប្រទេសបែបណា»។ 
 

យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu រៀនអក្សរសាស្រ្តខ្មែរឆ្នាំទី៣។ រូបផ្ដល់ឲ្យ ពីផល្លី

បើតាមកញ្ញា ចំណេះ ឪពុកម្ដាយខ្លួន ក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់កញ្ញាដែរ ពិសេសរាល់ពេលឃើញព័ត៌មាន អំពីការជួញដូរមនុស្ស បទល្មើសឧក្រិដ្ឋ និងការវាយធ្វើបាបពីសំណាក់ជនជាតិមករស់នៅកម្ពុជា ជាដើម។ ប៉ុន្តែសម្រាប់និស្សិតចិនរូបនេះ ពុំសូវបារម្ភឡើយ ព្រោះកញ្ញាតែស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ សិស្សច្បង រួមទាំងមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ខ្លួនឯង។ ជាពិសេសយល់ពីស្ថានការណ៍នៅកម្ពុជា។
 
ចំណែក យុវជន ផល្លី ដែលមានឈ្មោះចិនថា Li Kvu ក៏ស្រលាញ់វប្បធម៌កម្ពុជាដូច កញ្ញា ចំណេះ ដែរ។ ដើម្បីឈ្វេងយល់ពីកម្ពុជាឲ្យកាន់តែច្បាស់ យុវជនវ័យ២២ឆ្នាំរូបនេះ​ សម្រេចសិក្សាអក្សរសាស្រ្តខ្មែរ។ ការសម្រេចចិត្តរៀនភាសាខ្មែរនេះ គឺឪពុកម្ដាយរបស់លោក ផល្លី ពុំមានការជំទាស់ឡើយ ព្រោះឃើញពីទំនាក់ទំនងកម្ពុជាចិនមានភាពល្អប្រសើរ។ 
 
ដោយសារមើលឃើញទីផ្សារការងារ និងបរិយាកាសរស់នៅកម្ពុជា មានភាពអំណោយផល សុវត្ថិភាព ពលរដ្ឋរួសរាយទៀតនោះ និស្សិតចិនទាំងពីររូបនេះ សុទ្ធតែមានបំណងចង់បន្តរស់នៅ និងស្វែងរកការងារធ្វើនៅកម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា។ បន្ថែមពីនេះ ពួកគេ ក៏ចង់បន្តថ្នាក់អនុបណ្ឌិតអក្សរសាស្ត្រនៅកម្ពុជាទៀតផង៕ 

Tag:
 និស្សិតចិន
© រក្សាសិទ្ធិដោយ thmeythmey.com