អន្តរជាតិ
ពាណិជ្ជកម្ម តៃវ៉ាន់ សិទ្ធិមនុស្ស ជាដុំថ្មក្នុងទំនាក់ទំនងអឺរ៉ុប-ចិន
22, Jan 2023 , 1:30 pm        
រូបភាព
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងចិនធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់លើបញ្ហាជាច្រើនដោយភាគីទាំងពីរប្រើវិធានការប្រឆាំងគ្នាទៅវិញទៅមក។ ការដាក់​ទណ្ឌ​កម្ម​របស់ EU លើបញ្ហាសិទ្ធិមនុស្ស ការបង្ខិតបង្ខំសេដ្ឋកិច្ច និងវិធានការពាណិជ្ជកម្ម​ និងជំហរ​របស់​ចិន​ក្នុង​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម សុទ្ធសឹងជាបញ្ហាក្នុងទំនាក់ទំនង។ យ៉ាងណាមិញ ទាំង EU និងចិន ក៏​ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា​ប្រឈមនានា។

 
ទំនាក់ទំនងពាណិជ្ជកម្ម
ទំនាក់ទំនងពាណិជ្ជកម្ម ជាដុំថ្មមួយនៅលើផ្លូវនៃទំនាក់ទំនងចិន-អឺរ៉ុប។ កន្លងមក តុលាកា​រ​ចិន​បាន​ចេញដីការរារាំងក្រុមហ៊ុនអឺរ៉ុបពីការស្វែងរកសំណងប៉ាតង់ស្ដង់ដារនៅតុលាការ EU និងតុលាការ​ផ្សេង​ទៀតក្រៅពីតុលាការចិន។ បន្ថែមពីនេះវត្តមានស្ថាន ទូតកោះតៃវ៉ាន់នៅលីទុយអានី​បាន​ធ្វើ​ឱ្យ​ចិន​ហាម​ឃាត់ការនាំចូលរបស់លីទុយអានីថែមទៀត។ ដោយដោះស្រាយបញ្ហា​មិនចេញ​តាមជំនួបទ្វេភាគី គណៈកម្មការអឺរ៉ុបបានស្នើសុំបង្កើតក្រុមប្រឹក្សាវិនិច្ឆ័យ​នៅអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បីដោះស្រាយករណីទាំងពីរនេះ។
 
ស្ថានភាពសិទ្ធិមនុស្សនៅចិន
EU តែងតែលើកឡើងពីបញ្ហាស្ថានភាពសិទ្ធមនុស្សនៅចិនមិនថានៅតំបន់ស៊ីនជាំង ទីបេ ហុងកុង ម៉ុងហ្គោលីខាងក្នុង ឬការបំពានលើសិទ្ធិមេធាវី និងក្រុមការពារសិទ្ធិមនុស្សជាដើម។ កាលពីឆ្នាំ ២០២១ EU បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤ រូប និងស្ថាប័នចិនមួយសម្រាប់ការ​រំលោភ​បំពាន​សិទ្ធិ​ជ​ន​ភាគ​តិចនៅតំបន់ស៊ីនជាំង។
 
ជម្លោះរុស្ស៊ី និងអ៊ុយក្រែន
ទោះបីជាចិនមិនមែនជាភាគីជម្លោះក្ដី ជំហររបស់ចិនត្រូវបានមិនពេញចិត្តពីសំណាក់លោកខាងលិច និងបណ្ដាប្រទេសសមាជិក EU មួយចំនួនផងដែរ។ EU មើលឃើញថា ការណ៍ដែល ចិនមិ​នប្រ​កាន់​ជំហរប្រឆាំងរុស្ស៊ី ហើយផ្ទុយទៅវិញបែរជាបន្ទោសលោកខាងលិចចំពោះ ជម្លោះនេះគឺ​មិន​ត្រឹម​ត្រូវ​នោះឡើយ។ អឺរ៉ុបចង់ឱ្យចិនមានចំណាត់ការជាដុំកំភួនដើម្បីជួយបញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន​ ពិសេសប្រើទំនាក់ទំនងជាមួរុស្ស៊ី។
 
កោះតៃវ៉ាន់
ការពង្រីកទំនាក់ទំនង EU និងកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យចិនដីគោក ខឹងស​ម្បារ​ជាខ្លាំង។ កាលពីខែតុលា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបចំនួន៨នាក់បានធ្វើ ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់កោះតៃវ៉ាន់ដើម្បីពិភាក្សាពីការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា។ ចិនរឹតតែ​ខឹង​សម្បារជាខ្លាំងចំពោះសកម្មភាពមួយនេះ។ 
 
មិនត្រឹមតែប៉ុណ្ណោះខណៈដែលចិនបង្កើនវត្តមាន​យោធាក្បែរកោះតៃវ៉ាន់ EUបានថ្កោលទោសកា​រ​ឈ្លានពានយោធារបស់ចិន ហើយបញ្ជាក់ថា សកម្មភាពបង្កហេតុរបស់​ទីក្រុងប៉េកាំងត្រូវ​តែមាន​ផល​វិបាកដល់ទំនាក់ទំនងជាមួយប្លុកមួយនេះ។ 
 
ថ្មីៗនេះ អគ្គរដ្ឋទូចចិនថ្មីប្រចាំ EU លោក​ ​Fu Chong សង្កត់ធ្ងន់ថា កោះតៃវ៉ាន់​ជា​បញ្ហា​ចម្បងមួយដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីល្អក់កករបន្ថែមទៀត។ លោកបានបញ្ជាក់ពីជំហររបស់​ចិន​ក្នុងការប្រកាន់ខ្ជាប់អំពីគោលនយោបាយចិនតែមួយ ហើយចិនក៏នឹងមិនទទួលយកការចោទណាមួយ​ដែលមានមូលដ្ឋាននយោបាយឡើយ។
 
ទោះជាយ៉ាងណាក្ដី លោក Fu សង្ឃឹមថា អាណត្តិការងាររបស់លោកអាចនឹងស្ដារទំនាក់ទំនងជាថ្មី និងធ្វើ​ឱ្យមានការរីកចម្រើន និងប្រសើរឡើងវិញចំពោះស្ថានភាពនយោបាយការទូត កិច្ចសហប្រ តិបត្តិការជាដុំកំភួនជាមួយ EU ។ លោកបញ្ជាក់ថា ចិនត្រូវការការសហការរបស់ EU ក្នុង​ការ​សម្រេច​បានបំណងទាំងនោះផងដែរ៕

Tag:
 (ចិន
  EU)
© រក្សាសិទ្ធិដោយ thmeythmey.com