អន្តរជាតិ
ធនាគារពិភពលោកអនុម័តប្រាក់កម្ចី៦០០លានដុល្លារឱ្យហ្វីលីពីនដើម្បីគាំទ្រវិស័យហិរញ្ញវត្ថុ
01, Feb 2023 , 9:59 am        
រូបភាព
ធនាគារពិភពលោកនៅថ្ងៃទី៣១ ខែមករាបានប្រកាសអនុម័តប្រាក់កម្ចីចំនួន៦០០លានដុល្លារដល់ហ្វីលីពីន ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ហ្វីលីពីនកាន់តែរឹងមាំជាងមុន។



ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣១ ខែមករា ធនាគារពិភពលោកបានលើកឡើងថា ខ្លួននឹងផ្ដល់ប្រាក់កម្ចីចំនួន៦០០លានដុល្លារដល់ហ្វីលីពីន។ កញ្ចប់ទឹកប្រាក់នេះ នឹងត្រូវបានបញ្ជូនឱ្យហ្វីលីពីនពង្រឹងស្ថិរភាពផ្នែកហិរញ្ញវត្ថុជាតិ និងការកែលម្អរចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់គ្រោះមហន្តរាយ។
 
«ប្រាក់កម្ចីផ្នែកហិរញ្ញវត្ថុនេះអាចជាកត្តាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីជំងឺរាតត្បាត»។ លោក Ndiamé Diop នាយកធនាគារពិភពលោកប្រចាំប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃបានលើកឡើងបែបនេះ។ 
 
ទិន្នន័យរបស់ធនាគារពិភពលោកកន្លងមកបង្ហាញថា​ ប្រជាជនហ្វីលីពីនតែជាងពាក់កណ្តាល​ប៉ុណ្ណោះនៃអ្នកអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានគណនីប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាចំនួនមួយ ក្រោមមធ្យមភាគនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលមានពលរដ្ឋមានគណនីប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង៨០ភាគរយឯណោះ។ ត្រង់នេះ ធនាគារកណ្តាលហ្វីលីពីនមានបំណងចង់ប្រជាជនមនុស្សពេញវ័យប្រមាណ៧០ភាគរយមានគណនីប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុប្រើប្រាស់ក្នុងឆ្នាំនេះ។ 
 
ធនាគារពិភពលោកក៏បានបន្តថា ប្រាក់កម្ចីនេះក៏មានគោលបំណងអភិវឌ្ឍទីផ្សារធានារ៉ាប់រងផ្នែកគ្រោះមហន្តរាយនៅហ្វីលីពីន​ដើម្បីការពារប្រជាជនពីការធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិផងដែរ។
 
ហ្វីលីពីន ដែលជាប្រទេសមានប្រជុំកោះជាង ៧,៦០០ ត្រូវបានវាយប្រហារដោយព្យុះត្រូពិចជាមធ្យមចំនួន២០ ជារៀងរាល់ឆ្នាំ ដែលបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ព្រមទាំងបំផ្លាញដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com