អន្តរជាតិ
អាម៉េរិក រឹតត្បិតការនាំចេញវត្ថុធាតុដើម ទៅក្រុមហ៊ុនអ៊ីរ៉ង់ ដែលផលិតដ្រូនសម្រាប់រុស្ស៊ី
01, Feb 2023 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អាម៉េរិក នៅថ្ងៃទី៣១ ខែមករា បាន​ដាក់ចេញការរឹតបន្តឹងពាណិជ្ជកម្មជាមួយក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៧ ដែលផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់រុស្ស៊ីប្រើក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។​ នេះបើតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក។

 
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បណ្ដាប្រទេសលោកខាងលិច ពិសេសអាម៉េរិកដែលគាំទ្រអ៊ុយក្រែន តែងព្យាយាមរកវិធីរំខានការអភិវឌ្ឍវិស័យការពារជាតិរុស្ស៊ី រួមមានទាំងការគ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ ដើម្បីរឹតបន្តឹងការទទួលបានឱកាសអភិវឌ្ឍបច្ចេកវិទ្យាយោធារុស្ស៊ីជាដើម។
 
ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី៣១ ខែមករា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ការរឹតត្បិតលើការនាំចេញវត្ថុធាតុដើមផ្សេងទៅឱ្យក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ីរ៉ង់ចំនួន៧ ដែលជឿថាក្រុមហ៊ុនទាំងនេះ បានផលិតដ្រូនសម្រាប់ផ្គត់ផ្គង់ឱ្យរុស្ស៊ីប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ក្រុមហ៊ុនអ៊ីរ៉ង់ទាំងនោះត្រូវរងការរឹតបន្តឹងក្រោមហេតុផលចូលរួមធ្វើសកម្មភាពផ្ទុយនឹងការការពារសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍គោលនយោបាយការបរទេសអាម៉េរិក។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រាល់ការនាំចេញទៅក្រុមហ៊ុនអ៊ីរ៉ង់ដែលមានឈ្មោះក្នុងបញ្ជីរឹតបន្ដឹងពាណិជ្ជកម្ម ត្រូវមានអាជ្ញាប័ណ្ណ ដើម្បីដឹកជញ្ជូនទំនិញ និងបច្ចេកវិទ្យា។ ប៉ុន្តែវាទំនងមិនទទួលបានការអនុញ្ញាតឡើយ ក្រៅពីការនាំចេញអាហារ និងឱសថ។ អាជ្ញាប័ណ្ណនាំចេញរបស់អាម៉េរិក នឹងត្រូវពិនិត្យតាមករណីនីមួយៗ។
 
យ៉ាងណាមិញ ប្រេសិតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក បានតបថា ទណ្ឌកម្មអាម៉េរិកមិនមានឥទ្ធិពលលើសមត្ថភាពផលិតដ្រូនរបស់អ៊ីរ៉ង់ទេ ពីព្រោះដ្រូនទាំងអស់ត្រូវបានផលិតដោយប្រើវត្ថុធាតុដើមក្នុងស្រុក។ 
 
លើសពីនេះ មន្ត្រីអ៊ីរ៉ង់ថែមទាំងនិយាយការពារយ៉ាងមុតមាំថា ដ្រូនដែលបានបាញ់ទម្លាក់នៅអ៊ុយក្រែន និងរកឃើញគ្រឿងបន្លាស់ដែលផលិតដោយប្រទេសលោកខាងលិចនោះ មិនមែនជា​កម្មសិទ្ធិ​របស់​អ៊ីរ៉ង់ឡើយ។
 
កន្លងមក បណ្ដាប្រទេសលោកខាងលិច ចោទថាអ៊ីរ៉ង់ផលិត និងផ្គត់ផ្គង់ដ្រូនទៅឱ្យរុស្ស៊ី ដើម្បីប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០១៥ កំណត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ចម្រូងចម្រាស់ជុំវិញបញ្ហានេះមិនអាចដោះស្រាយឡើយ ដោយអ៊ីរ៉ង់ទទួលស្គាល់ថាបានផ្ដល់ដ្រូនទៅរុស្ស៊ីតាំងពីមុនមានសង្គ្រាមអ៊ុយក្រែន ដោយមិនមែនមានបំណងគាំទ្រសង្គ្រាមឡើយ។ 
 
ក្រៅពីរឹតត្បិតការនាំចេញដែលជាបណ្ដាញទាក់ទងនឹងការគាំទ្រវិស័យយោធារុស្ស៊ី បណ្ដាប្រទេសលោកខាងលិចខ្លះបានប្រកាស និងខ្លះបានបញ្ជូនជំនួយយោធាជាប្រព័ន្ធការពារមីស៊ីល ដ្រូន និងការវាយប្រហារតាមអាកាស (NASAMS) ទៅឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងការប្រើដ្រូនរបស់រុស្ស៊ីផងដែរ។ ជាក់ស្ដែង អាម៉េរិកបានបញ្ជូន NASAMS ចំនួន ២ទៅអ៊ុយក្រែនរួចមកហើយ និងមានជាច្រើនទៀតនឹងទៅដល់នៅពេលខាងមុខ។ កាណាដា និងហូឡង់ ក៏ទើបតែប្រកាសផ្ដល់ប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ុយក្រែនដែរនៅដើមឆ្នាំ២០២៣៕ 
 

Tag:
 អាម៉េរិក
  ដ្រូន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com