អន្តរជាតិ
រុស្ស៊ី ព្រមានអ៊ីស្រាអែលជុំវិញការផ្តល់អាវុធទៅអ៊ុយក្រែន
02, Feb 2023 , 11:59 am        
រូបភាព
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងឆ្នាំ២០២០។ រូបភាពយកពីវិមានក្រេមឡាំង
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងឆ្នាំ២០២០។ រូបភាពយកពីវិមានក្រេមឡាំង
រុស្ស៊ី នៅថ្ងៃទី១ ខែកុម្ភៈ បានព្រមានអ៊ីស្រាអែលជុំវិញការផ្គត់ផ្គង់អាវុធទៅអ៊ុយក្រែន។ បើតាមក្រុងមូស្គូ ការផ្តល់អាវុធទាំងនោះ មានតែធ្វើឱ្យវិបត្តិកាន់តែរីកធំឡើងប៉ុណ្ណោះ។

 
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំមុន អ៊ីស្រាអែល បានរក្សាជំហររបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន និងស្វះស្វែងរកការរក្សាអព្យាក្រឹតចំពោះសង្រ្គាមមួយនេះ។ អ៊ីស្រាអែល ក៏បានបញ្ជាក់ពីទំនាក់ទំនងពិសេសរវាងអ៊ុយក្រែន និងរុស្ស៊ី ខណៈអ៊ីស្រាអែលមានប្រជាជនច្រើនជាង ១លាននាក់មកពីសហភាពសូវៀត។ 
 
យ៉ាងណាមិញ អ៊ីស្រាអែល ហាក់ចង់ផ្លាស់ប្តូរជំហររបស់ខ្លួន ខណៈសង្រ្គាមបានឈានចូលខែទី១១។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានអះអាងថា លោកនឹងពិចារណាបញ្ជូនអាវុធអ៊ុយក្រែន។ ទន្ទឹមនេះ មេដឹកនាំអ៊ីស្រាអែល ក៏បានបញ្ជាក់ផងដែរថា លោកក៏ត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលសម្រាប់សង្រ្គាមមួយនេះផង។
 
បន្ទាប់ពីការអះអាងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្រសួងការបរទេសរុស្ស៊ី បានព្រមានយ៉ាងខ្លាំង ដែលអាចធ្វើឱ្យវិបត្តិអាចនឹងរីកធំឡើង។ 
 
«យើងប្រាប់ប្រទេសទាំងអស់ដែលផ្តល់អាវុធទៅអ៊ុយក្រែន គួរយល់ថា យើងនឹងពិចារណាអាវុធទាំងនោះ ជាគោលដៅស្របច្បាប់របស់កម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី»។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាន ដោយបន្តថា ការប្រកាសផ្តល់អាវុធ នឹងនាំឱ្យវិបត្តិកាន់តែរីកធំឡើង ហើយប្រទេសទាំងអស់ គួរតែដឹងពីបញ្ហានេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
វាមិនមែនជាលើកទីមួយឡើយដែលរុស្ស៊ីបានព្រមានប្រទេសផ្តល់ជំនួយយោធាទៅអ៊ុយក្រែន។ កន្លងមកក្រុងមូស្គូ បានរិះគន់ប្រទេសលោកខាងលិចយ៉ាងខ្លាំងជុំវិញបញ្ហានេះ។ 
 
ខណៈសង្រ្គាមជិតឈានចូលរយៈពេល ១ឆ្នាំ រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ ខែកុម្ភៈ បានអះអាងថា រុស្ស៊ី បានបាញ់មីស៊ីលបាលីស្ទិកចំនួនមួយគ្រាប់ និងបានបំផ្លាញកន្លែងស្នាក់នៅរបស់ប្រជាជននៅក្នុងក្រុង Kramatorsk។ មនុស្សយ៉ាងហោចណាស់ ២នាក់ ត្រូវបានសម្លាប់។ 
 
ស្របគ្នានេះ ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានប្រកាសពីទណ្ឌកម្មជាថ្មីប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនចំនួន ២២ នៅទូទាំងរុស្ស៊ី ក្រោមហេតុផលជួយឧស្សាហកម្មយោធានៅរុស្ស៊ី និងរឹតត្បិតចំណូលចូលយោធារុស្ស៊ី ដែលបង្កសង្រ្គាមលើប្រទេសដទៃ៕ 
 

Tag:
 រុស្ស៊ី
  អ៊ីស្រាអែល
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com