អន្តរជាតិ
កូរ៉េខាងជើងថា ការធ្វើសមយុទ្ធរបស់អាម៉េរិកនិងកូរ៉េខាងត្បូងរុញស្ថានភាពឧបទ្វីបកូរ៉េទៅរកបន្ទាត់ក្រហម
02, Feb 2023 , 3:13 pm        
រូបភាព
ដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន និងសមភាគីកូរ៉េខាងត្បូងលោក Lee Jong-sup ។ រូបថត AFP
ដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន និងសមភាគីកូរ៉េខាងត្បូងលោក Lee Jong-sup ។ រូបថត AFP
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២ ខែកុម្ភៈ បានប្រតិកម្មតបទៅនឹងសមយុទ្ធរបស់អាម៉េរិក និងកូរ៉េខាងត្បូង ដោយអះអាងថា បានរុញស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ទៅរកបន្ទាត់ក្រហមកាន់តែខ្លាំង។ នេះបើតាមការផ្សាយរបស់រដ្ឋកូរ៉េខាងជើង KCNA។​ បើតាមទីក្រុងព្យុងយ៉ាង ការណ៍នេះនឹងនាំឱ្យឧបទ្វីបកូរ៉េឱ្យក្លាយទៅជាឃ្លាំងអាវុធ និងជាតំបន់សង្គ្រាមដ៏ធំ។



ក្រោយដំណើរទស្សនកិច្ចកាន់ទីក្រុងសេអ៊ូលរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក សម្ព័ន្ធមិត្តទាំង២ នៅថ្ងៃទី១ ខែកុម្ភៈបានចាប់ផ្ដើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាដែលមានរយៈពេលសរុប៥ថ្ងៃ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាម៉េរិក និងយន្តហោះចម្បាំងបំបាំងកាយ F-22 ក៏ដូចជាយន្តហោះ F-35 របស់ប្រទេសទាំងពីរ។ សមយុទ្ធនេះមានបំណងពង្រឹងសមត្ថភាពកងទ័ពអាកាសប្រទេសទាំងពីរទប់ទល់នឹងកូរ៉េខាងជើង។
 
កូរ៉េខាងជើងមិននៅស្ងៀមឡើយចំពោះសមយុទ្ធនេះ។ នៅថ្ងៃទី២ ខែកុម្ភៈ ក្រសួងការបរទេសកូរ៉េខាងជើងក៏ចេញសេចក្ដីថ្លែងការណ៍គំរាមថា ការធ្វើសមយុទ្ធរបស់អាម៉េរិក និងសម្ពន្ធមិត្តបានជំរុញស្ថានការណ៍នៅឧបទ្វីបកូរ៉េឱ្យឈានដល់បន្ទាត់ក្រហមកាន់តែខ្លាំងឡើង។ 
 
«ស្ថានភាពយោធា និងនយោបាយនៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ត្រូវបានរុញច្រានទៅរកបន្ទាត់ក្រហមកាន់តែខ្លាំង ដោយសារតែការធ្វើសមយុទ្ធយោធាដែលមិនប្រុងប្រយ័ត្ន និងការប្រកាន់គោលនយោបាយអរិភាពរបស់អាម៉េរិក»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លើកឡើងបែបនេះ។
 
ក្រសួងការបរទេសទីក្រុងព្យុងយ៉ាងក៏បានសង្កត់ធ្ងន់ថា អាម៉េរិកនឹងបង្វែរឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធដ៏ធំ និងជាសមរភូមិប្រយុទ្ធក្ដៅគគុក។ អាម៉េរិកមានទាហានជាង៣ម៉ឺននាក់នៅកូរ៉េខាងត្បូងដែលបន្សល់តាំងសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣។
 
បើតាមសេចក្ដីថ្លែងការណ៍ដដែល ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងការចរចាណាមួយឡើយ ដរាបណាទីក្រុងវ៉ាស៊ីនតោនបញ្ឈប់គោលនយោបាយអរិភាព ហើយកូរ៉េខាងជើងនឹងឆ្លើយតបរាល់ការគំរាមកំហែងផ្នែកយោធារបស់អាម៉េរិក។ លើសពីនេះ កូរ៉េខាងជើងបានដាក់ចេញយុទ្ធសាស្ត្រប្រឆាំងអាម៉េរិកយ៉ាងពេញទំហឹងដោយអាចប្រើកម្លាំងនុយក្លេអ៊ែរបើសិនចាំបាច់។
 
យ៉ាងណាមិញ សេតវិមានបានចេញសេចក្ដីថ្លែងការណ៍ច្រានចោលការចោទប្រកាន់របស់កូរ៉េខាងជើង។អាម៉េរិកក៏បានអះអាងខ្លួនមិនមានចេតនាធ្វើសត្រូវជាមួយទីក្រុងព្យុងយ៉ាងនោះទេ ដោយគ្រាន់តែមានបំណងពង្រឹងទំនាក់ទំនងការទូតប្រកបដោយនិរន្តរភាពដើម្បីដោះស្រាយបញ្ហាព្រួយបារម្ភរវាងអាម៉េរិក និងកូរ៉េខាងត្បូង ក៏ដូចជាក្នុងតំបន់។ 
 
គួរបញ្ជាក់ថា នាជំនួបថ្ងៃទី៣១​ ខែមករា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន និងសមភាគីកូរ៉េខាងត្បូងលោក Lee Jong-sup ប្តេជ្ញាពង្រីកទំហំសមយុទ្ធយោធា និងបន្ថែមសព្វាវុធមាននាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយទៅក្នុងសមយុទ្ធដើម្បីទប់ទល់នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង ក៏ដូចជាទប់ស្កាត់សង្គ្រាមផងដែរ៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com