មន្ត្រីការពារជាតិអាម៉េរិក នៅថ្ងៃទី២ ខែកុម្ភៈ បានលើកឡើងថា បាឡុងចារកម្មរបស់ចិនបានហោះចូលដែនអាកាសអាម៉េរិក ហើយត្រូវបានឃើញពេលហោះដល់លើមូលដ្ឋានទ័ពអាកាសនៅទីក្រុងមួយក្នុងរដ្ឋ Montana។ អាម៉េរិកសម្រេចចិត្តមិនបាញ់ទម្លាក់បាឡុងនោះឡើយ ដោយបារម្ភពីសុវត្ថិភាពមនុស្សខាងក្រោម។
នៅប៉ុន្មានថ្ងៃមុនមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ទៅទីក្រុងប៉េកាំង មន្ទីរបញ្ចកោណ នៅថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ថា ចិនបានបង្ហោះបាឡុងចារកម្មគួរឱ្យសង្ស័យមួយចូលមកដែនអាកាសអាម៉េរិក។
បើតាមការលើកឡើងរបស់មន្ត្រីការពារជាតិអាម៉េរិក បាឡុងនោះត្រូវបានឃ្លាំមើលរយៈពេល២ថ្ងៃមកហើយចាប់តាំងពីហោះដល់មូលដ្ឋានទ័ពអាកាស 341st missile wing ដែលមានទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរផងក្នុងរដ្ឋ Montana ដោយហោះក្នុងរយៈកម្ពស់ខ្ពស់។ បាឡុងរបស់ចិនត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដោយប្រើយន្តហោះដែលមានមនុស្សបើក។
«រដ្ឋាភិបាលអាម៉េរិកបានរកឃើញ និងកំពុងតាមដានបាឡុងចារកម្មហោះក្នុងរយៈកម្ពស់ខ្ពស់ ដែលកំពុងស្ថិតនៅលើទ្វីបអាម៉េរិកនាពេលនេះ។ បច្ចុប្បន្ន បាឡុងមិនបង្ហាញការគំរាមកំហែងផ្នែកយោធា និងប៉ះពាល់អ្វីដល់មនុស្សនៅលើដីឡើយ»។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានប្រាប់អ្នកសារព័ត៌មានបែបនេះ។
មេដឹកនាំយោធាអាម៉េរិកបានផ្តល់យោបល់ដល់ប្រធានាធិបតី ចូ បៃឌិន មិនឱ្យបាញ់ទម្លាក់បាឡុងនោះឡើយដោយភ័យខ្លាចថាកម្ទេចកម្ទីសេសសល់ពីការបាញ់ ប៉ះពាល់ដល់សុវត្ថិភាពប្រជាជនខាងក្រោម។ លោក បៃឌិន ទទួលយកយោបល់នេះ។ លើសពីនេះ ជើងហោះហើរចេញពីអាកាសយានដ្ឋាន Billings Logan នៃរដ្ឋ Montana ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ។
បើតាមមន្ត្រីរបស់មន្ទីរបញ្ចកោណ ខ្លួនមានទំនុកចិត្តខ្ពស់ថាបាឡុងនោះប្រាដកជារបស់ចិន ដោយមិនបានបញ្ជាក់ពីមូលហេតុនាំឱ្យមានការសន្និដ្ឋានបែបនេះឡើយ។
តាមពិត បាឡុងចារកម្មត្រូវបានអាម៉េរិករកឃើញជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបាឡុងមួយនេះហាក់នៅក្នុងដែនអាកាសអាម៉េរិកបានយូរជាងករណីមុនៗ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជំនាញកិច្ចការចិននៃមូលនិធិការពារប្រជាធិបតេយ្យ លោក Craig Singleton។
ប្រមុខការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើទស្សនកិច្ចនៅចិននៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ស្របតាមការព្រមព្រៀងក្នុងខែវិច្ឆិការវាងលោក បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនភីង។ វាមិនច្បាស់ទេថាការរកឃើញបាឡុងចារកម្មចិនអាចប៉ះពាល់ដល់ជំនួបនោះឬយ៉ាងណា។ ពេលនេះមន្ត្រីអាម៉េរិក កំពុងទាក់ទងទៅមន្ត្រីចិនពិភាក្សាជុំវិញបញ្ហាបាឡុងនេះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាម៉េរិកបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំមុន ដែលបានជំរុញឱ្យមានសមយុទ្ធយោធាចិនយ៉ាងខ្លាំងនៅជិតកោះនេះ៕