ជាតិ
តារាល្បីៗ
ក្រោយសំដែងយួរឆ្មាភ្លេចខ្លួន និងរងការរិះគន់ តារាកំប្លែងនាយគ្រឿនសូមទោស..
07, Feb 2023 , 11:53 am        
រូបភាព
ឈុតរឿងកំប្លែងមួយ បានបង្ហាញពីសកម្មភាពរបស់នាយគ្រឿន ដើរយួរឆ្មាមួយក្បាលដែលជាប់ប្រឡៅក។ រលកនៃការរិះគន់បានកើតឡើង ក្រោយទំព័រហ្វេសប៊ុកនៃក្រុមអ្នកស្រឡាញ់សត្វ (Pets Cambodia) បានកាត់រូបពីសកម្មភាពរបស់តារាកំប្លែងរូបនេះ យកទៅបង្ហោះ។

 
«គិតអីរាល់ថ្ងៃហ្នឹង? ចង់ល្បី? ខ្លាចបាត់ឈ្មោះ? ខ្លាចគេភ្លេច? ឬចង់ល្បីដោយសារសត្វ?»។ នេះជាចម្ងល់បែបសើចចំអករបស់ម្ចាស់សំណេរនៃទំព័រ Pets Cambodia ដោយចាត់ទុកសកម្មភាពសំដែងរបស់នាយគ្រឿន ជាទង្វើដែលមិនអាចទទួលយកបាន។
 
«ចូរគិតមុនគូរ»។ ហ្វេសប៊ុក Pets Cambodia បានសរសេរយ៉ាងដូច្នេះ។ ក្រោយការបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បាននាំគ្នាបន្ទរចំពោះការលើកឡើងខាងលើ ដោយចាត់ទុកសកម្មភាពតារាកំប្លែងល្បីល្បាញរូបនេះ ថា ប្រមាថជីវិតសត្វ។
 
ទំនងជាបានឃើញនូវអ្វីដែលរិះគន់ទៅលើខ្លួន នាយគ្រឿង នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ បានសរសេរសារសូមទោស និងព្យាយាមពន្យល់ហេតុផលមួយចំនួន។ «សូមទោសបងប្អូនខ្ញុំដឹងខុសហើយនូវការសំដែងលេងយួរឆ្មាភ្លេចខ្លួន នឹកឃើញថាប្រឡៅកឆ្មាធំដែរយួរមួយភ្លែត វាមិនអី»។
 
នាយគ្រឿន បានអះអាងថា ខ្លួនមិនស្រឡាញ់ ហើយក៏មិនស្អប់ឆ្មានោះដែរ។ តារាកំប្លែងរូបនេះ ថា បើម្ចាស់ឆ្មាមិនសប្បាយចិត្ត គាត់អាចប្តឹង ឬឱ្យគាត់សូមទោសឆ្មា ក៏ព្រម។ «តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំ តែមិនអីទេខ្ញុំធ្វើបុណ្យបានខ្លះដែរ បើមានជាតិក្រោយសូមកើតជាសត្វទៅនៅភពផ្សេង»។ នេះជាការលើកឡើងរបស់នាយគ្រឿន។
 
ទន្ទឹមនឹងមានអ្នកថ្កោលទោសសកម្មភាព រួមទាំងអ្នកប្រមាថជីវិតនាយគ្រឿន មានមតិយោបល់មួយចំនួនបានលើកឡើងថា អ្នកខ្លះបង្ហាញសកម្មភាពដ៏ល្អចំពោះសត្វនៅលើបណ្តាញសង្គម ប៉ុន្តែសកម្មភាពខាងក្រៅខុសពីការពិត ជាពិសេសកង្វះការយកចិត្តទុកដាក់ចំណីបាយទឹក៕
 

Tag:
 នាយគ្រឿន
© រក្សាសិទ្ធិដោយ thmeythmey.com