អន្តរជាតិ
ហ្វីលីពីនពង្រីកវត្តមាននៅសមុទ្រចិនខាងត្បូងដោយដាក់ពង្រាយនាវាឆ្មាំសមុទ្របន្ថែម
× មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនឧត្តមនាវីឯក Artemio Abu អះអាងថា ហ្វីលីពីនកំពុងពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រជម្លោះសមុទ្រចិនខាងត្បូងដោយដាក់ពង្រាយនាវា និងបង្កើនជើងហោះហើរបន្ថែមដើម្បីការពារដែនសមុទ្រ និងអ្នកនេសាទហ្វីលីពីន។
«យើងកំពុងធ្វើឱ្យប្រាកដថាវត្តមានរបស់កប៉ាល់ឆ្មាំឆ្នេរការពារអ្នកនេសាទនៅក្នុងតំបន់។ ពួកយើងកំពុងពង្រឹងវត្តមានរបស់យើង»។ មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនឧត្តមនាវីឯក Artemio Abu លើកឡើងបែបនេះក្នុងបទសម្ភាសមួយនៅថ្ងៃទី៦ ខែកុម្ភៈ រួចបន្ដថា នៅពេលណាដែលមានការជូនដំណឹង ក្នុងរយៈពេលមួយខ្លីនាវាឆ្មាំឆ្នេរសមុទ្រនឹងទៅដល់ទីនោះភ្លាម។
លោក Abu បញ្ជាក់ថា ការទិញនាវាទំនើបៗ រួមទាំងនាវាឆ្លើយតបពហុតួនាទីប្រវែង៩៧ម៉ែត្រកាលពីឆ្នាំមុន បានអនុញ្ញាតឱ្យប្រទេសមួយនេះ បង្កើនចំនួន និងរយៈពេលនៃការធ្វើដំណើរនៅក្នុងសមុទ្រចិនខាងត្បូង។
«យើងអាចនៅទីនោះបានយូរជាងមុន ហើយយើងអាចគ្របដណ្តប់លើតំបន់ធំជាងមុនឥឡូវនេះ»។ មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនបញ្ជាក់បែបនេះផងដែរ។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនដែលមានកម្លាំង២៦,០០០នាក់មានកប៉ាល់ធំចំនួន២៥ ដែលអាច ប្រើប្រាស់សម្រាប់ការដាក់ពង្រាយ និងល្បាត។
គួរបញ្ជាក់ថា ព្រោះបារម្ភពីឥទ្ធិពលចិនក្នុងតំបន់ កាលពីសប្ដាហ៍មុនហ្វីលីពីនបានអនុញ្ញាតឱ្យអាមេរិកចូលប្រើមូលដ្ឋានទ័ពចំនួន៤បន្ថែមទៀត ខណៈអាមេរិកអាចចូលប្រើប្រាស់បានរហូតដល់៥ទីតាំងរួចមកហើយ។ ចិនមិនពេញចិត្តយ៉ាងខ្លាំង ហើយព្រមានឱ្យហ្វីលីពីនប្រុងប្រយ័ត្នជាមួយអាមេរិកដែលអាចទាញយកផលប្រយោជន៍ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កន្លងមក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ក៏បានប្តេជ្ញាមិនធ្វើឱ្យបាត់បង់ទឹកដីសូម្បីតែមួយអ៊ីញទៅឱ្យមហាអំណាចបរទេសណាមួយឡើយ។ កាលពីខែមុន លោក Marcos Jr បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ហើយបានអះអាងសារជាថ្មីពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក៕
© រក្សាសិទ្ធិដោយ thmeythmey.com