អន្តរជាតិ
ប្រមុខ UN បារម្ភពិភពលោកអាចធ្លាក់ក្នុងសង្គ្រាមកាន់តែធំដោយសារការវិវត្តនៃសង្រ្គាមអ៊ុយក្រែន
07, Feb 2023 , 4:19 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៦ ខែមករា បានបង្ហាញការព្រួយបារម្ភរបស់លោកពីលទ្ធភាពដែលពិភពលោកអាចធ្លាក់ចូលក្នុងសង្គ្រាមកាន់តែធំ ខណៈជម្លោះរុស្ស៊ីនិងអ៊ុយក្រែនអាចប្រែប្រួលកាន់តែខ្លាំងឡើង។



នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានសង្កត់ធ្ងន់ថា UN នឹងចេញអាទិភាពសម្រាប់ឆ្នាំ២០២៣ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ី វិបត្តិអាកាសធាតុ និងបញ្ហាភាពក្រីក្រជុំវិញពិភពលោក។ ក្នុងសុន្ទរកថាទៅកាន់អ្នកការទូតនៅទីក្រុងញូវយ៉ក លោក ហ្គូតេរ៉េស​ បានបន្ថែមថា ឆ្នាំ២០២៣ បានចាប់ផ្ដើមជាមួយបញ្ហាប្រឈមជាច្រើនដែលពិភពលោកមិនដែលជួបប្រទះកន្លងមក។ 
 
«វាជាពេលដែលយើងត្រូវភ្ញាក់ខ្លួន និងផ្ដើមធ្វើការ»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះ ខណៈសង្គ្រាម​រុស្ស៊ីនិងអ៊ុយក្រែនជិតឈានដល់​ខួប​មួយ​ឆ្នាំ។ លោកក៏បានបន្ថែមថា ការរំពឹងទុកសម្រាប់សន្តិភាពពិភពលោកបានបន្តថយចុះ ហើយការបង្ហូរឈាមនៅតែបន្តកើនឡើង។ លោក​បារម្ភខ្លាចពិភពលោកធ្លាក់ក្នុងសង្រ្គាមកាន់តែធំ។
 
លើសពីនេះ លោក ហ្គូតេរ៉េស ក៏បានលើក​ឡើង​ពី​ការ​គំរាម​កំហែង​ផ្សេង​ទៀត​ចំពោះ​សន្តិភាពពិភពលោកដូចជា ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន បញ្ហានៅ​អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា និង​ហៃទីជាដើម។ លោកអះអាងថា ប្រសិនបើប្រទេសនីមួយៗបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញ UN នោះសិទ្ធិទទួលបានសន្តិភាពនឹងត្រូវបានធានា។ ក្នុងសុន្ទរកថាដដែល លោកបានជំរុញឱ្យពិភពលោកមានការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​ចំពោះ​ធម្មនុញ្ញ UN ដើម្បីការពារសន្ដិភាពពិភពលោក។ 
 
ក្រៅតែពីបញ្ហាសង្គ្រាម លោក ហ្គូតេរ៉េស ក៏បានលើកឡើងពីបញ្ហាអាកាសធាតុ និងបញ្ហាភាពក្រីក្រជុំវិញពិភពលោកមកនិយាយក្នុងមហាសន្និបាតផងដែរ។ លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុហាក់ដែលភាពចន្លោះប្រហោង ព្រោះភាពក្រីក្រ និងភាពអត់ឃ្លាន គម្លាតរវាងអ្នកមាននិងអ្នកក្រ និងបន្ទុកបំណុលនៃប្រទេសកំពុងអភិវឌ្ឍបានកើនឡើងគួរឱ្យកត់សម្គាល់។
 
បើតាមកម្មវិធីអភិវឌ្ឍរបស់ UN ពិភពលោកបានដើរថយក្រោយរយៈពេលប្រាំឆ្នាំទាក់ទងនឹងការអភិវឌ្ឍមនុស្សដែលរួមមានប្រព័ន្ធសុខាភិបាល ការអប់រំ និងកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋលើពិភពលោក៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com